ត្រៀមទទួលយករថយន្តម៉ាស៊ីនចំហេះអ៊ីដ្រូសែនឱ្យហើយទៅ ព្រោះ BMW Honda និង Hyundai សុទ្ធតែយល់ឃើញដូចគ្នា
- 2024-01-23 04:15:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមទទួលយករថយន្តម៉ាស៊ីនចំហេះអ៊ីដ្រូសែនឱ្យហើយទៅ ព្រោះ BMW Honda និង Hyundai សុទ្ធតែយល់ឃើញដូចគ្នា
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តធំៗ បានចាប់ផ្តើមមើលឆ្ងាយហួសពីរថយន្តអគ្គិសនីទៅទៀត ដែលមិនប៉ះពាល់ដល់បរិស្ថាន នោះគឺពួកគេបានយល់ឃើញដូចគ្នាលើរថយន្តប្រើម៉ាស៊ីនចំហេះក្នុងអ៊ីដ្រូសែន ដែលជាជម្រើសបន្ទាប់ដ៏ធំបំផុត។
លោក Mark Freymueller អនុប្រធានជាន់ខ្ពស់ផ្នែកធុរកិច្ចរថយន្តពាណិជ្ជកម្មសាកលរបស់ក្រុមហ៊ុន Hyundai Motor បាននិយាយក្នុងកិច្ចសម្ភាសន៍មួយនៅព្រឹត្តិការណ៍ CES 2024ថា «យើងមើលឃើញអ៊ីដ្រូសែន ដើរតួនាទីសំខាន់ក្នុងឧស្សាហកម្មទំនិញធុនធ្ងន់ ខណៈបច្ចេកវិទ្យានេះ សក្តិសមចំពោះរថយន្តដឹកទំនិញធំៗ។ មិនតែប៉ុណ្ណោះ វាក៏ងាយស្រួលដល់ការបើកចម្ងាយឆ្ងាយ និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យថាមពលនេះ។ ត្រង់ចំណុចនេះ គេនឹងអាចយកវាធ្វើជាគម្រូសម្រាប់រថយន្តគ្រួសារនាពេលអនាគត។»
ចំណែកប្រធានក្រុមហ៊ុន Honda Motor ប្រចាំអឺរ៉ុប លោក Inoue Katsushi បាននិយាយថា ក្នុងទស្សនៈរបស់លោកមើលឃើញថា យុគសម័យរថយន្តអគ្គិសនី មកមុន ហើយដំណាក់កាលបន្ទាប់ គឺជារថយន្តចំហេះអ៊ីដ្រូសែន គ្រាន់តែវាត្រូវការចំណាយពេលច្រើនទៀត ជាពិសេសគឺត្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់វាសិន។
ថ្មីៗនេះដែរ ក្រុមហ៊ុន BMW ក៏បានធ្វើតេស្តរថយន្តអ៊ីដ្រូសែនជាហូរហែមកដែរ។ លោក Milan Nedeljkovic បានប្រាប់ Top Gear ថា «អ៊ីដ្រូសែន នៅតែជាជម្រើសដ៏សំខាន់មួយ។ នោះហើយជាមូលហេតុដែលយើងមានរថយន្តអ៊ីដ្រូសែនជាច្រើនគ្រឿង បានធ្វើតេស្ត និងប្រឹងប្រែងធ្វើការដើម្បីធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យានេះបន្ថែមទៀត។
ក្រៅពីនេះ ក្រុមហ៊ុន Toyota ក៏បានចាប់ផ្តើមគម្រោងអភិវឌ្ឍម៉ាស៊ីនចំហេះក្នុងអ៊ីដ្រូសែនផងដែរ បន្ទាប់ពីធ្វើតេស្តរថយន្តប្រើម៉ាស៊ីនប្រភេទនេះរួចមកហើយ។ Toyota បានលើកឡើងថា រថយន្តអគ្គិសនី មិនមែនជាដំណោះស្រាយការមិនបញ្ចេញផ្សែងតែមួយនោះទេ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB