តារាចម្រៀង ព្រាប សុវត្ថិ ចេញបទថ្មី "ជីវិតតែប៉ុណ្ណឹង" អត្ថន័យអប់រំ លើកទឹកចិត្តដល់អ្នកកំពុងជួបបញ្ហាក្នុងជីវិត

  • 2024-01-25 06:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង ព្រាប សុវត្ថិ បានបញ្ចេញបទចម្រៀងថ្មី នៅក្នុងផលិតកម្ម Galaxy Navatra ដែលបទថ្មីនេះមានអត្ថន័យជ្រាលជ្រៅ សំដៅលើកទឹកចិត្តដល់អ្នកដែលកំពុងជួបប្រទះបញ្ហានានានៅក្នុងជីវិត។

បទថ្មីនេះ មានចំណងជើងថា “ជីវិតតែប៉ុណ្ណឹង” ដែលបកស្រាយដោយតារាចម្រៀង ព្រាប សុវត្ថិ មានអត្ថន័យយ៉ាងពេញលេញ ជាបទចម្រៀងលើកទឹកចិត្តដល់ប្រិយមិត្ត ដែលកំពុងជួបបញ្ហា និង ឧបសគ្គនានានៅក្នុងជីវិត ដែលដោះស្រាយមិនទាន់ចេញ។ ជីវិតតែប៉ុណ្ណឹង ជារសជាតិថ្មី ពីតារាចម្រៀង ព្រាប សុវត្ថិ ដែលកន្លងមកលោកធ្លាប់បានបកស្រាយរួចមកហើយ នូវបទប្រភេទមនោសញ្ចេតនា ស្នេហាឈឺចាប់ និង ញាក់កន្រ្តាក់អារម្មណ៍។ “ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជា MV ថ្មី ខ្ញុំបាទ ពុកម៉ែបងប្អូនក៏អាចបញ្ចេញមតិនៅទីនេះដើម្បីខ្ញុំអាចកែតម្រូវវីដេអូចម្រៀងបន្ទាប់របស់ខ្ញុំអោយបានល្អ សូមអរគុណចំពោះការគាំទ្ររបស់ពុកម៉ែបងប្អូនទាំងអស់គ្នា”។ នេះជាពាក្យពេចន៍របស់តារាចម្រៀង ព្រាប សុវត្ថិ ជូនចំពោះប្រិយមិត្តដែលជាហ្វេនរបស់លោក។

ចំណែក MV នៃ បទ ជីវិតតែប៉ុណ្ណឹង គេសង្កេតឃើញមានប្រិយមិត្តចូលទៅ បញ្ចេញមតិយោបល់នៅលើ ឆាណែលយូធូបផ្លូវការរបស់ផលិតកម្ម Galaxy Navatra ថា “MV នេះមានន័យណាស់ មើលហើយរំភើប និងអួលដើមក” និងប្រិយមិត្តផ្សេងទៀតបាន បញ្ចេញមតិថា “ពិរោះមានន័យណាស់ idol មានគ្រប់រស់ជាតិបញ្ចូលបានល្អណាស់ ប្លង់នីមួយៗសុទ្ធតែអប់រំ ជីវិតមានតែប៉ុណ្ណឹង យើងត្រូវតែខំប្រឹងវាសនាយើងមើលមិនឃើញទេ”។ ចង់ដឹងបទថ្មីពីតារាចម្រៀង ព្រាប សុវត្ថិ មានអត្ថន័យអប់រំ និង លើកទឹកចិត្ត បែបណានោះ ប្រិយមិត្តអាចចូលទៅស្តាប់ និងទស្សនា MV នៅលើឆាណែលយូធូប Galaxy Navatra៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា