ស្ថានការណ៍ទីផ្សារ​យ៉ាងណា បានជា Elon Musk ប្រើពាក្យថា ក្រុមហ៊ុន EV ចិន នឹងកម្ទេចក្រុមហ៊ុនរថយន្ត​ទាំងអស់​

  • 2024-01-25 08:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញក្តីបារម្ភ​ថា ក្រុមហ៊ុន​រថយន្តចិន នឹង​កម្ទេច​គូប្រជែង​សាកល​​ទាំងអស់​ ប្រសិន​បើគ្មានរនាំងពាណិជ្ជកម្មទេនោះ ខណៈការ​លក់​រថយន្តចិនដែលមានតម្លៃធូរថ្លៃ បាន​នឹង​កំពុងក្តោបក្តាប់​ទីផ្សារក្នុងដៃកាន់តែណែន។

លោកបាន​លើកឡើង​​កាលពីថ្ងៃទី២៤ ខែមករា​ ឆ្នាំ​២០២៤ថា ក្រុមហ៊ុន​រថយន្តចិន គឺ​មានឈាន​មុខគេ​បំផុត​ក្នុងការប្រកួតប្រជែង និងទទួលបាន​ជោគជ័យ​យ៉ាងត្រចះត្រចង់​នៅក្រៅទឹកដីចិន នោះគឺ​ដោយសារពឹងផ្អែក​ទៅលើ​ប្រភព​ពន្ធ ឬរនាំងពាណិជ្ជកម្ម។ «ដូច្នេះ ប្រសិន​បើគ្មាន​រនាំងពាណិជ្ជកម្ម​ណាមួយ​ត្រូវបង្កើតឡើងនោះទេ ពួកគេ​នឹងកម្ទេច​ក្រុមហ៊ុនរថយន្ត​ពិភពលោក​ច្រើនបំផុត។ ពួកគេ​ពិតជាល្អពេកហើយ។»

ការ​បារម្ភ​របស់​លោក Elon Musk ខាងលើនេះ បន្ទាប់ពីក្រុមហ៊ុន​ចិន BYD បាន​ទម្លាក់​តំណែង​របស់​ក្រុមហ៊ុន Tesla ក្នុងនាម​ជាអ្នក​លក់​រថយន្ត​អគ្គិសនី​ដាច់ខ្លាំង​ជាងគេ​បង្អស់​ នៅ​ត្រីមាស​ចុងក្រោយ​ ឆ្នាំ​២០២៣។ ក្នុងរយៈពេល ៣ខែចុងក្រោយ ក្រុមហ៊ុន BYD លក់​រថយន្ត​អគ្គិសនី​បានចំនួន ៥២៦ ៤០៩គ្រឿង ច្រើន​ជាងក្រុមហ៊ុន Tesla ដែល​លក់​បាន​ចំនួន ៤៨៤ ៥០៧គ្រឿង។ នេះ​ជាលើកដំបូង​ហើយ ដែល Tesla ត្រូវគេផ្តួល​បាន​លើ​ការលក់រថយន្ត​អគ្គិសនី​សុទ្ធ។

ក្នុងអំឡុងពេល​ទៅទស្សនកិច្ច​រោងចក្រ​យក្ស​របស់​ក្រុមហ៊ុន​ Tesla ​នៅក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពីខែវិច្ឆិកា លោក Elon Musk បានប្រកាស​ថា រថយន្តតម្លៃ​ធូរថ្លៃត្រឹមតែ ២៥ ០០០អឺរ៉ូ ឬប្រហែលជិត ២៧ ០០០ដុល្លារ នឹង​ត្រូវផលិត​ក្នុងរោងចក្រ​មួយនេះ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី