ដឹងហើយ ចំណុចចាប់ផ្តើម ចំណុចបញ្ចប់ និងខេត្តឆ្លងកាត់នៃគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត
- 2024-01-26 08:50:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងហើយ ចំណុចចាប់ផ្តើម ចំណុចបញ្ចប់ និងខេត្តឆ្លងកាត់នៃគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត
ចន្លោះមិនឃើញ
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា តាមគម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ប្រវែងសរុបប្រមាណ ៤២០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមខាងជើងផ្លូវក្រវាត់ក្រុងទី៣ រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ)។
ឯកឧត្តមបានបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនទី៣នេះ នឹងឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨ គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣គីឡូម៉ែត្រ ខេត្តកំពង់ធំ ១៣១គីឡូម៉ែត្រ ខេត្តសៀមរាប ១៣០ គីឡូម៉ែត្រ ខេត្តបន្ទាយមានជ័យ ៩៥គីឡូម៉ែត្រ។ គម្រោងនេះ ធ្វើឡើងក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។
គម្រោងផ្លូវល្បឿនលឿននេះ គឺបែងចែកជាពីរដំណាក់កាល រួមមាន ដំណាក់កាលទី១ ពីរាជធានីភ្នំពេញ ទៅក្រុងសៀមរាប និងដំណាក់កាលទី២ បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត។
គួររំលឹកថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងសាងសង់ផ្លូវល្បឿនលឿនពី ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។
បច្ចុប្បន្នគម្រោងនេះត្រូវបានក្រុមហ៊ុនស្ពាននិងថ្នល់ចិន CRBC កំពុងអនុវត្តការសិក្សាបឋមសមិទ្ធិលទ្ធភាព (Preliminary Feasibility Study-PSF) ហើយគ្រោងនឹងបញ្ចប់ការសិក្សាកំណាត់ភ្នំពេញ-សៀមរាប ក្នុងខែកុម្ភៈ និងកំណាត់សៀមរាប-ប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB