មិនមែនអចលនទ្រព្យទេ តែ​វិស័យ​២​នេះ នឹង​ជួយ​ឱ្យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ​មានកំណើនខ្ពស់ជាងឆ្នាំមុន

  • 2024-01-30 02:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឆ្នាំ​២០២៤​នេះ សេដ្ឋកិច្ចកម្ពុជា ត្រូវ​បាន​រំពឹង​ដោយសុទិដ្ឋិនិយម​ថា នឹង​បន្តងើបឡើង​បន្ថែម​ទៀត​ក្នុងរង្វង់ ៦,៤% ដែលគាំទ្រ​ជា​ចម្បង​ដោយការកើនឡើង​នៃវិស័យ​ទេសចរណ៍ និងវិស័យកម្មន្តសាល។ នេះបើយោងតាម​សេចក្តីប្រកាស​របស់​ធនាគារ​ជាតិ​នៃកម្ពុជា ស្តីពី វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យ​ធនាគារឆ្នាំ​២០២៣ និងទស្សនវិស័យឆ្នាំ​២០២៤ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ​២០២៤។

វិស័យទេសចរណ៍ ត្រូវបាន​រំពឹងថា នឹងងើបដោយសារភាព​ប្រសើរឡើង​នៃស្ថានភាពទេសចរណ៍​ក្នុងតំបន់ ព្រមទាំងការបន្ត​អភិវឌ្ឍ និង​កែលម្អហេដ្ឋារចនាសម្ព័ន្ធដែលនឹងគាំទ្រ​ដល់​វិស័យ​នេះ។

ចំណែក​ វិស័យ​កម្មន្តសាល​វិញ ត្រូវបាន​រំពឹងថា នឹង​សម្រេចបាន​កំណើនល្អ​ជាងឆ្នាំ​២០២៣ ជាពិសេស ផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ហើយវិស័យកាត់ដេររំពឹងថា នឹងងើបឡើងជាលំដាប់។

ធនាគារជាតិបន្តថា វិស័យ​កសិកម្ម​ត្រូវបានព្យាករថា នឹងមានកំណើនខ្ពស់​ជាងឆ្នាំ​២០២៣បន្តិច ដោយ​ទទួលបាន​អត្ថប្រយោជន៍​ពីការបន្ត​ធ្វើពិពិធកម្មទីផ្សារ​ទៅកាន់​ប្រទេស​ជាសមាជិក​នៃកិច្ចព្រមព្រៀង​ជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគីនានា គួបផ្សំ​នឹងគោលនយោបាយ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ក្នុងការលើកស្ទួយ​ផលិតកម្ម និងទីផ្សារ។

ចំពោះ​វិស័យ​សំណង់ និងអចលនទ្រព្យ​ដែលបានទទួលរង​ឥទ្ធិពល​ពីវិបត្តិកន្លងមក ត្រូវបានព្យាករថា នឹងបន្តមានកំណើនទាប ដែលនឹង​បន្តទទួលបានការគាំទ្រ​ពីគម្រោងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹង​ការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែល​ផ្តោតលើ​លំនៅឋាន​ដែលមានតម្លៃសមរម្យ ក្នុងពេល​ដែល​តម្រូវការសំណង់​ប្រណីត​ដែលបម្រើ​ដល់អនិវាសនជន ត្រូវបានរំពឹងថា នឹង​បន្តមានភាពទន់ខ្សោយ។

អតិផរណា​នៅឆ្នាំ​២០២៤ ត្រូវបាន​ព្យាករ​ថា មានកម្រិត ២,៥% ខ្ពស់ជាងឆ្នាំ​២០២៣បន្តិច ដែល​ជាចម្បង​ដោយសារការ​រំពឹង​ថា ថ្លៃប្រេង​ឆៅ​ពិភពលោក​ អាច​នឹងកើនឡើង​ បន្ទាប់ពីក្រុមប្រទេស​នាំចេញ​ប្រេង​មានគម្រោង​កាត់បន្ថយការផ្គត់ផ្គង់៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី