ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក សម្ពោធជាផ្លូវការ ទឹកដោះគោខាប់ បេស៍ខៅ ប្រអប់បរិស្ថានថ្មី បន្ថែមលើផលិតផលមានគុណភាពជាច្រើនមុខរបស់ខ្លួន

  • 2024-01-30 08:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន អង្គរ ឌែវី ប្រូដាក ខូអិលធីឌី គឺជារោងចក្រផលិតផលិតផលទឹកដោះគោ ធំជាងគេនៅក្នុងប្រទេសកម្ពុជា បានសម្ពោធបើកលក់ជាផ្លូវការផលិតផលថ្មី គឺទឹកដោះគោខាប់ បេស៍ខៅ វេចខ្ចប់ដោយប្រអប់ក្រដាសបរិស្ថាន ដែលជួយការពារដល់បរិស្ថាន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នាផ្សារទំនើបអ៊ីអន សែនសុខ។

តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន អង្គរ ឌែវី ប្រូដាក មានប្រសាសន៍ថា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ត្រូវបាន រាជរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណ ឲ្យដំណើរសាងសង់រោងចក្រផលិតផលទឹកដោះគោ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ លើផ្ទៃដី ៣ ហិចតា ហើយក៏ជារោងចក្រ ផលិតផលទឹកដោះគោដ៏ធំជាងគេតែមួយគត់ នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន រោងចក្របានបង្កើនទុនវិនិយោគប្រមាណជា ៤១លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិត របស់រោងចក្រ បានកើនដល់ ៦ ហិចតា គឺស្មើនឹងពីរដង នៃដំណើរការផលិតទឹកដោះគោ ម៉ាកយីហោ "អង្គរមើល" កំពុងពេញនិយម ដោយផ្តល់ការងារជូនកម្មករនិយោជិត សរុប ៦១៣ នាក់ និងបានចូលរួមចំណែកបង់ពន្ធ ចូលថវិកាជាតិ ប្រមាណ ៨-១១លាន ដុល្លារ ក្នុង១ឆ្នាំៗ។

រោងចក្រផលិតទឹកដោះគោ "អង្គរមើល" មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្របភ្នំពេញ តាម បណ្ដោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី គ្រប់សង្វាក់ផលិតកម្ម ដែលផលិត "ទឹកដោះគោម៉ាកអង្គរមើល" ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ រោងចក្របានបំពាក់ដោយបច្ចេកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ ព្រមទាំង គោរពតាមស្តង់ដាគុណភាពជាតិ គុណភាពអន្តរជាតិ និង "មិនប្រើប្រាស់សារធាតុរក្សាទុក"ដែលនាំឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់នោះទេ។ ទន្ទឹមគ្នានេះរោងចក្រក៏ទទួលបានសញ្ញាប័ត្រហាឡាល សញ្ញាប័ត្របញ្ជាក់ពីគុណភាពស្តង់ដាអន្តរជាតិ ISO 9001: 2015 និងសញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22000។

បន្ថែមលើនេះរោងចក្រក៏បានបំពាក់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ចរន្តដល់ការផលិត ផលិតផលអង្គរមៀល ដើម្បីចូលរួមចំណែកក្នុងការការពារបំរែបំរួលអាកាសធាតុ។ រោងចក្រ អង្គរ ឌែរី ប្រូដាក មានលទ្ធភាពផលិត៖ ទឹកដោះគោ (UHT) ចំនួន ៥៤លានលីត្រ ក្នុង១ឆ្នាំ ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ ក្នុង១ឆ្នាំ ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ ទឹកដោះគោជូរ ប្រភេទប្រូបាយអូទិច ម៉ាកប្រូបី ផលិតទឹកដោះគោខាប់ចំនួន ៦៥លានកំប៉ុង ក្នុង១ឆ្នាំៗ។ ជាក់ស្ដែងនៅថ្ងៃសម្ពោធបើកលក់ថ្ងៃនេះ ក្រុមហ៊ុនបាននាំយកផលិតផលថ្មីដែលជួយថែរក្សាការពារដល់អ្នកប្រើប្រាស់ និងបន្ថែមលើសពីនោះ គឺជួយការពារបរិស្ថាន ក្រោយពីបានប្រើប្រាស់រួច គឺទឹកដោះគោខាប់ បេស៍ខៅ ប្រអប់ក្រដាសបរិស្ថាន អាស៊ុបទឹក (Aseptic pack)។

បើតាមប្រភពរបស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក សង្វាក់ផលិតកម្មបំពាក់ដោយបច្ចេកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ លំដាប់ថ្នាក់ពិភពលោក ដែលមានជំនាញខាងផលិត ផលិតផលទឹកដោះគោ (dairy products portfolio) របស់ប្រទេសស៊ុយអ៊ែត (Sweden) Tetra Pak ហើយគ្រប់វត្ថុធាតុដើមដែលយកមកផលិត ត្រូវបាននាំចូលពីប្រទេសជាច្រើន ដូចជា៖ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ប្រទេសអូស្ត្រាលី និងអេស្បាញជាដើម។ ចំពោះទឹកដោះគោខាប់ សញ្ញាក្បាលគោ (បេស៍ទៅ) ដែលបង្ហាញជូននៅពេលនេះក៏ដូចគ្នាទៅនឹង ប្រអប់ក្រដាស បរិស្ថាន ផលិតផលម៉ាក Tetra Pak ពីប្រទេសសឹង្ហបុរី ដែរ។

ប្រអប់ក្រដាសបរិស្ថាននេះ ជាប្រភេទប្រអប់ អាស៊ុបទឹក (Aseptic pack) ដែលមាន ៦ស្រទាប់ ឆ្លាស់គ្នាការពារ និងវិចខ្ចប់ផលិតផលទឹកដោះគោខាប់ បានយ៉ាងល្អ ជាទីបំផុត។ ក្នុងនោះស្រទាប់ទី១ ទី២ ទី៤ ទី៦ ជាស្រទាប់ប៉ូលីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្លាភ្ជាប់ស្រទាប់ដទៃៗទៀតផងដែរ។ ស្រទាប់ទី៣ ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និង រក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។ ចំណែកស្រទាប់ទី៥ ជាស្រទាប់ក្រដាស ដែលជួយឲ្យប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើឲ្យផ្ទៃប្រអប់រលោងស្មើបានល្អ ។ ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ុបទិក (Aseptic pack) ដែលជួយការពារផលិតផលបានល្អ ដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកឲ្យយូរ ក្នុងផលិតផលនោះទេ។ ដើម្បីផ្តល់សុខភាពល្អ ដល់អ្នកប្រើប្រាស់ទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រ ផលិតផលទឹកដោះគោដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគឥតឈប់ឈរ ទៅលើសង្វាក់ម៉ាស៊ីនផលិតកម្មបច្ចេកវិទ្យា ស្វ័យប្រវត្តិចុងក្រោយរបស់ពិភពលោក មកបំពាក់ផលិតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបាន និងកំពុងធ្វើកន្លងមក ហើយនេះក៏ជាពាក្យស្លោករបស់ក្រុមហ៊ុនផងដែរ គឺ“អង្គរមើលល្អសម្រាប់សុខភាពអ្នក”៕