ដឹងហើយ​ខេត្តដែល​រៀបចំព្រឹត្តិការណ៍​បុណ្យទន្លេ ឆ្នាំ​២០២៤នេះ

  • 2024-02-02 02:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បុណ្យទន្លេលើកទី៨ ឆ្នាំ​២០២៤នេះ នឹងប្រារព្ធធ្វើឡើង​នៅខេត្តសៀមរាប នាពាក់កណ្តាលខែមីនាខាងមុខនេះ។

កាលពី​ថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្ត​សៀមរាប មានរៀបចំ​កិច្ចពិភាក្សា រវាង​ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប លើការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ដែលព្រឹត្តិការណ៍នេះគ្រោង​នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។

ឯកឧត្តម សូ ម៉ារ៉ា បង្ហាញថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨នេះ គ្រោងនឹងរៀបចំ សកម្មភាពកម្សាន្តជាច្រើនដូចជា ទស្សនីយភាពសិល្បៈ ការតាំងពិព័រណ៍ ការប្រណាំងកង់ ការរត់កម្សាន្ត ការប្រណាំងទូក ការប្រកួតវាយកូនគោល ជាដើម។ល។ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិឲ្យបានច្រើន មកចូលរួមទស្សនាកម្សាន្ត ក្នុងអំឡុងព្រឹត្តិការណ៍នេះ។

ឯកឧត្តម បន្ថែមថា ក្រៅពីមានបំណងចង់ទាក់ទាញភ្ញៀវទេសចរចូលរួមបុណ្យទន្លេ នេះក៏ជាឱកាសបំផុសចលនាមហាជនឲ្យចូលរួមក្នុងការងារអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ នៅតាមបណ្ដាខេត្ត ជាប់តាមដងទន្លេ របស់កម្ពុជាផងដែរ។

បន្ទាប់ពីកិច្ចពិភាក្សា លើការងាររៀបចំបុណ្យទន្លេនេះ លោក យុន លីនណេ បានអញ្ជើញក្រុមការងារពិនិត្យ និងពិភាក្សានៅលើទីតាំងក្នុងក្រុង ដែលគ្រោងនឹងរៀបចំពិធីផ្ទាល់ ព្រមទាំងកិច្ចសហការលើការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: អនាម័យបរិស្ថាន ទាំងពេលរៀបចំ និង ក្រោយបញ្ចប់ពិធី។

សូមជម្រាបថា ព្រឹត្តិការណ៍បុណ្យទន្លេនេះ រៀបចំជាលើកដំបូងនៅឆ្នាំ២០១៥ នៅខេត្តក្រចេះ លើកទី២ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លើកទី៣ នៅខេត្តស្ទឹងត្រែង លើកទី៤ នៅខេត្តកណ្តាល លើកទី៥ នៅខេត្តកំពង់ឆ្នាំង លើកទី៦ នៅខេត្តបាត់ដំបង ដោយឡែកឆ្នាំ ២០២១ និងឆ្នាំ ២០២២ ត្រូវបានអាក់ខាន ដោយសារវិបត្តិជំងឺកូវីដ និងបន្តរៀបចំលើកទី៧ នៅឆ្នាំ២០២៣ នៅខេត្តកំពង់ធំ។

គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តសៀមរាបនេះ នឹងមានការអញ្ជើញបើកពិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប