Neymar រង​ការ​រិះគន់​រឿង​ឡើង​ទម្ងន់

  • 2024-02-02 12:41:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar Jr បាន​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ក្នុង​បណ្ដាញ​សង្គម​រឿង​ឡើង​ទម្ងន់។

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ការ​ចែកចាយ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ថា Neymar ហាក់បាន​ប្រែប្រួល​រូបរាង។ រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ប្រភព​ច្បាស់​លាស់​អាច​បញ្ជាក់​ថា​រូប​ថត​ទាំង​នោះ​ ថត​នៅ​ពេល​ណា និង​នៅ​កន្លែង​ណា​នោះ​ឡើយ។

ក្រោយ​មាន​ការ​ចែក​ចាយ​នេះ មជ្ឈដ្ឋាន​មួយ​ចំនួន​ក្នុង​បណ្ដាញ​សង្គម​បាន​ធ្វើ​ការ​រិះ​គន់​ធ្ងន់ៗ​លើ Neymar។ មតិ​ដែល​លើក​ឡើង​នោះ​ភាគ​ច្រើន​រិះ​គន់​ទាក់​ទង​នឹង​បញ្ហា​វិន័យ​របស់​កីឡាករ​វ័យ ៣១ ឆ្នាំ​រូប​នេះ ដែល​បណ្តែត​បណ្ដោយ​ខ្លួន​ឲ្យ​ផ្លាស់​ប្ដូរ​រូប​រាង​បែប​នេះ។

យ៉ាង​នេះ​ក្ដី បន្ទាប់​ពី​ការ​លេច​ចេញ​រូប​ថត​ទាំង​ប៉ុន្មាន​ខាង​លើ Neymar បាន​ឆ្លើយ​តប​ក្នុង​គណនី​ Instagram របស់​ខ្លួន​ ដោយ​ទទួល​ស្គាល់​ថា ខ្លួន​បាន​ឡើង​គីឡូ ប៉ុន្តែ​មិន​មែន​ធាត់​នោះ​ទេ។ កីឡាករ​ក៏​បាន​ស្នើ​បែប​ចំអក​ឲ្យ​អ្នក​ស្អប់​ខ្លួន​ឲ្យ​សម្រាក​បន្តិច​ទៅ។

Neymar បាន​ចេញ​ពី PSG មក​ចូល​រួម​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ Al Hilal កាល​ពី​ខែ​សីហា ឆ្នាំ២០២៣។ កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ក្នុង​អំឡុង​ពេល​លេង​ឲ្យ​ប្រេស៊ីល កីឡាករ​បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​ដែល​នាំ​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល ២០២៣/២០២៤៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី