ស្វែងយល់ពី​លេខកំហាប់​ប្រេងម៉ាស៊ីន​រថយន្ត តើវាជាប់​ពាក់ព័ន្ធនឹងអាកាសធាតុឬអត់?

  • 2024-02-06 04:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេល​អ្នក​ទិញ ឬប្តូរប្រេងម៉ាស៊ីនម្តងៗ ចំណុច​ដ៏សំខាន់បំផុត​គឺ​លេខ​កំហាប់​ប្រេង​ម៉ាស៊ីន​តែម្តង ដែលមានដូចជាលេខ 0W-20, 5W-30 ឬ 10W-40 ជាដើម ថាតើលេខមួយ​ណា​ដែលត្រូវនឹងរថយន្តរបស់អ្នក។ តើ​លេខកំហាប់​ប្រេងម៉ាស៊ីន​នេះ មានអត្ថន័យយ៉ាងណាខ្លះ?

អក្សរ W តំណាង​ឱ្យពាក្យ Winter បកជាខ្មែរថា រដូវរងា ឬអាកាសធាតុត្រជាក់។ ដូច្នេះលេខ​ដែល​នៅជាប់​អក្សរ W នេះ សំដៅ​លើ​កម្រិត​រាវឬខាប់​នៃប្រេងម៉ាស៊ីន នៅពេល​ម៉ាស៊ីនរថយន្ត​ត្រជាក់ ដែលមានលេខចាប់ពី 0 ដល់ 25។ លេខខាងមុខនេះ គឺ​មានសារៈសំខាន់ណាស់​ក្នុងការជ្រើសរើស​ ជាពិសេស​នៅប្រទេស​ដែលមានអាកាសធាតុត្រជាក់ ឬធ្លាក់ទឹកកក ព្រោះថា​បើលេខវាកាន់តែធំ នោះវានឹងរឹតតែខាប់ ដែលពិបាកដល់ការបញ្ឆេះ​រថយន្ត។ ដោយឡែក​សម្រាប់​ប្រទេសអាកាសធាតុក្តៅ មិនចោទ​ជាបញ្ហាប៉ុន្មានឡើយ។

ចំណែក​លេខកំហាប់​នៅខាងក្រោយ គឺ​សំដៅ​ទៅលើ​កម្រិតរាវ ឬខាប់​នៃប្រេងម៉ាស៊ីន នៅពេល​ម៉ាស៊ីនរថយន្តក្តៅ ឬហៅថា Normal Temperature បើមើលលើកុងទ័រកម្តៅវិញ គឺនៅពេលទ្រនិច​វា​ចូលដល់សីតុណ្ហភាព​នៅ​ចំណុចកណ្តាល។ សម្រាប់​លេខនៅខាងក្រោយនេះ បច្ចុប្បន្នគឺវា​មានលេខកម្រិតរាវទាបបំផុតចាប់ពីលេខ 8 ដល់លេខខាប់បំផុត 60។ ដូចគ្នាដែរ លេខកាន់តែតូច គឺ​កាន់តែរាវ ហើយលេខកាន់តែធំ គឺកាន់តែខាប់ នៅពេលម៉ាស៊ីន​រថយន្តកំពុងដំណើរការ។

គួរដឹងដែរថា លេខកំហាប់​ប្រេងម៉ាស៊ីននេះ គេហៅថា Multi Grade ដែល​ត្រូវបានកំណត់ស្តង់ដារ​ដោយ​អង្គការ SAE (Society of Automotive Engineers) តាមរយៈការពិសោធលើ​លំហូរប្រេង​ក្នុងស្ថានភាព​ពីរផ្សេងគ្នា​ដូចដែល​បានរៀបរាប់ខាងលើ គឺ​ស្ថានភាព​ម៉ាស៊ីន​រថយន្ត​នៅពេល​ត្រជាក់ ដែល​ស្ថិតក្រោមលក្ខខណ្ឌ​អាកាសធាតុខាងក្រៅ និង​ពេល​ម៉ាស៊ីន​រថយន្តក្តៅ​ដែល​កំពុង​ដំណើរការ។

យ៉ាងណាមិញ បើសួរថាតើ​រថយន្ត​អ្នកគួរប្រើលេខកំហាប់​ប៉ុន្មាន? ការពិតទៅ​រាល់រថយន្តនីមួយៗ គឺសុទ្ធតែមានការណែនាំចេញពីក្រុមហ៊ុនផលិតហើយ ដូច្នេះ​គួរប្រើប្រាស់​តាមការណែនាំ។ ប៉ុន្តែ​បើ​រថយន្ត​មានអាយុកាលច្រើនឆ្នាំហើយ សូម​យករថយន្ត​ទៅជួប​ជាមួយអ្នកជំនាញ​ដើម្បី​វាយតម្លៃពី​កម្រិតសឹករិចរិលរបស់​ម៉ាស៊ីន និង​ជ្រើសរើស​លេខកំហាប់ប្រេងឱ្យបានត្រឹមត្រូវ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Repco

អត្ថបទ៖ សំភី

អត្ថបទពេញនិយម