Sabay ជាប្រព័ន្ធ​ផ្សព្វផ្សាយផ្ដាច់មុខលើគម្រោង «កម្ពុជាឋានសួគ៌លើដី» ៦ឆ្នាំ

  • 2024-02-07 10:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Sabay បាន​ចុះ​អនុស្សារណៈនៃការយោគយល់គ្នា (MoU) លើគម្រោង​ «កម្ពុជាឋានសួគ៌​លើដី Cambodia Heaven on Earth» ជាមួយ​សិល្បករខ្មែរដ៏ល្បី២រូប ដែលជាស្ថាបនិក​នៃគម្រោងនេះ គឺ​ កញ្ញា មាន សូនីតា និងលោក ម៉ុង ម៉ានិត នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​រោងភាពយន្ត Major Cineplex។

តាមរយៈកិច្ចព្រមព្រៀងនេះ Sabay គឺ​ជាប្រព័ន្ធផ្សព្វផ្សាយ​ផ្តាច់មុខ​លើគម្រោង «កម្ពុជាឋានសួគ៌លើដី» រយៈពេល ៦ឆ្នាំ ដែល​នឹងជំរុញ​ការផ្សព្វផ្សាយ​តំបន់ទេសចរណ៍ក្នុងស្រុក វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​ជីវភាពស់នៅ​របស់​ប្រជាជន​តាមតំបន់ ឱ្យកាន់តែ​ទូលំទូលាយ។

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បាន​ថ្លែងក្នុងពិធីចុះហត្ថលេខា​នេះថា រូបលោកគឺ​ជាអ្នកចូលចិត្ត​ដើរលេងកម្សាន្ត​ច្រើនកន្លែង​នៅក្នុងប្រទេស និងមានកន្លែងទេសភាព​ស្អាតៗជាច្រើន​ដ៏មានសក្តានុពលទាក់ទាញទេសចរ ប៉ុន្តែ​យើងនៅមានភាពខ្វះខាត​ក្នុងការផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ទាំងនោះ។

លោក​ចង់ឱ្យមានការផ្សព្វផ្សាយច្រើនជាងនេះបន្ថែម​ទៀត ដើម្បីជំរុញទេសចរ ខណៈ​ដែលបច្ចុប្បន្ន មានអ្នកធ្វើវីដេអូ Vlog ជាច្រើន​បង្ហាញ​ពីតំបន់ទេសចរណ៍​យ៉ាងណាក្តី ប៉ុន្តែលោកបាន​លើកទឹកចិត្ត​ឱ្យ​ការធ្វើមាតិកាវីដេអូអំពី​ទេសចរណ៍​កាន់តែស៊ីជម្រៅ ពោលគឺ​ផ្តោតទៅលើ វប្បធម៌ ទំនៀមទម្លាប់ ក្រៀមភាសា ចំណីអាហារ និង​ជីវភាពរស់នៅជាក់ស្តែងរបស់​ប្រជាជន​នៅតំបន់នោះ។

ជាមួយគ្នានេះ លោកបាន​បង្ហាញចំណាប់​អារម្មណ៍​លើឈ្មោះ «ឋានសួគ៌លើដី» របស់គម្រោងនេះ ដោយលោកចង់​ឱ្យ​មានការប្រើប្រាស់​ឈ្មោះបែបនេះឱ្យបានច្រើន ដែលជាការឱ្យតម្លៃនូវតំបន់ទេសចរណ៍​ដ៏ស្រស់ស្អាត​ក្នុងប្រទេសកម្ពុជា។

ចំណែក​តារាសម្តែង​ និងជាតារាម៉ូឌែលដ៏លេចធ្លោ កញ្ញា មាន សូនីតា បាន​លើកឡើងថា គម្រោង​ «កម្ពុជាឋានសួគ៌លើដី» ត្រូវបាន​ចាប់ផ្តើមធ្វើឡើង​នៅក្នុងឆ្នាំ​២០២៣ ដោយបានជ្រើសរើស​យក​ខេត្ត​សៀមរាប​ជាគោលដៅមុនគេ​ ហើយ​ក៏គ្រោងធ្វើនៅតាម​បណ្តាខេត្ត​នានា​ទាំងអស់នៅទូទាំងប្រទេស។

កញ្ញា បាន​មើលឃើញពីភាពវិជ្ជមាន​ជាច្រើន បន្ទាប់ពី​បានចេញ​វីដេអូផ្សព្វផ្សាយ​ពីគម្រោង​នេះ ដោយទទួលបាន​ការគាំទ្រ និងការចែករំលែក​យ៉ាងច្រើន ប៉ុន្តែវានៅមានកម្រិតនៅឡើយ។ ដូច្នេះ ការចុះ MoU ជាមួយ Sabay នៅថ្ងៃនេះ គឺ​នឹងជួយ​ពង្រីកការផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជាជន ឱ្យទទួល​យកចំណីអារម្មណ៍ថ្មី។

គោលបំណង​របស់​កញ្ញា មាន សូនីតា គឺចង់ឱ្យមានការ​បំផុសគំនិត​ដើម្បីជំរុញ​ចរាចរ​ទេសចរ​របស់យើង ឱ្យ​កាន់តែច្រើន​ជាងនេះ។ តារាសម្តែងស្រី​រូបនេះ​បាន​សង្កត់ធ្ងន់ថា នៅកម្ពុជា មានតំបន់ទេសចរណ៍ជាច្រើន ប៉ុន្តែការផ្សព្វផ្សាយ​នៅមិនទាន់ទូលំទូលាយ​នៅឡើយទេ ដូច្នេះកិច្ចសហការជាមួយ Sabay សម្រាប់គម្រោងនេះ នឹងជួយឱ្យប្រជាជនខ្មែរ និងបរទេស បាន​ស្គាល់​តំបន់ទេសចរណ៍កម្ពុជាកាន់តែច្រើន។

ទន្ទឹមនឹងនេះដែរ លោក ម៉ុង ម៉ានិត តារាចម្រៀង និងជាអ្នកនិពន្ធ​ដ៏ល្បីឈ្មោះ​ បាន​ថ្លែង​ថា ការដើរលេងមិនត្រឹមតែជាការសម្រាកលំហែអារម្មណ៍​ប៉ុណ្ណោះទេសម្រាប់រូបលោក ប៉ុន្តែវាជាការរុករក ស្វែងរកអ្វីដែលថ្មី រួមមានសម្បត្តិធម្មជាតិ​ដែលយើងមិនដែលបានឃើញ វប្បធម៌ផ្សេងៗ ព្រមទាំងជួយជំរុញ​សេដ្ឋកិច្ចជាតិ​ផងដែរ។

លោកបន្តថា សម្រាប់​គម្រោង «កម្ពុជាឋានសួគ៌លើដី» មិនត្រឹមតែគម្រោងផ្សព្វផ្សាយទេសចរណ៍ប៉ុណ្ណោះទេ តែវាគឺជាបណ្តុំសិល្បៈច្នៃប្រឌិត ហើយយើងអាចចុះទៅដល់កន្លែងដែលអាចស្វែងយល់ពីជីវិតដែល​រស់នៅតាមតំបន់នីមួយៗ ម្ហូបអាហារ​ដ៏សម្បូរបែបរបស់ខ្មែរ និងឆន្ទៈដ៏មោះមុតរបស់ក្រុមការងារ។

លោកបញ្ជាក់ថា សម្រាប់គម្រោងនេះ គឺមិនស្វែងរកប្រាក់ចំណេញនោះទេ អ៊ីចឹងនៅពេលដែលទទួលប្រាក់ Sponsor ណាមួយ គឺលុយទាំងអស់នោះនឹងចូលដល់ផលិតកម្ម សម្រាប់ការ​ដំណើរការ​ក្នុងគម្រោងនេះតែប៉ុណ្ណោះ ពោលគឺមិនយកទុកសម្រាប់ផ្ទាល់ខ្លួនឡើយ។

បន្ថែមលើសនេះ លោកមានជំនឿថា គម្រោង «កម្ពុជាឋានសួគ៌លើដី» ដែលនាំមកនូវមាតិកាចម្រុះ នឹង​នាំឱ្យពិភពលោក​បានស្គាល់ មិនត្រឹមតែ​តំបន់ទេសចរណ៍​ប៉ុណ្ណោះទេ ប៉ុន្តែជីវភាពប្រជាជន ប្រពៃណី ទំនៀមទម្លាប់ និង​ម្ហូបអាហារតាមតំបន់ដ៏សម្បូរបែបផងដែរ ហើយ​ការចូលរួមពី Sabay ចំពោះបេសកកម្ម​ផ្សព្វផ្សាយ គឺមានផលវិជ្ជមានដ៏ធំ និងមានសក្តានុពល។

អត្ថបទ៖ សំភី