តើជំងឺ Mpox (អុតស្វា) ចម្លងយ៉ាងម៉េចខ្លះ បានជាកម្ពុជា​ មានករណីឆ្លងដល់ ១០ករណីទៅហើយ?

  • 2024-02-13 03:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មកត្រឹម​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្ពុជា​មានករណី​ឆ្លង​ជំងឺអឹមផក Mpox (ឈ្មោះដើម ជំងឺអុតស្វា) ចំនួន១០ករណីហើយ ដែល​ករណីចុងក្រោយនេះ កើតលើបុរសម្នាក់​ដែលមានទីលំនៅ​នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

ក្រសួង​សុខាភិបាល​ បានសង្កេតឃើញថា និន្នាករ​នៃការចម្លង​ជំងឺអឹមផកនៅកម្ពុជា មានការកើនឡើង​ស្រប​គ្នា​និងនិន្នាការនៅលើសកលលោក។ យោងតាម​ការផ្សព្វផ្សាយ​របស់​អង្គការ​សុខភាព​ពិភពលោកកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២៤ ជំងឺនេះ បានផ្ទុះរាលដាល​ក្នុងប្រទេស​ចំនួន ១១៧ ដែលក្នុងនោះ​មានករណីឆ្លងសរុបចំនួនជាង ៩ម៉ឺន ៣ពាន់នាក់ និងករណីស្លាប់​ចំនួន ១៧៦នាក់ នៅលើពិភពលោក។

របៀបចម្លង​នៃជំងឺអឹមផក រួមមានដូចខាងក្រោម៖

-វីរុសអុតស្វា ឆ្លងពីមនុស្ស​ម្នាក់ ទៅមនុស្សម្នាក់ទៀត​តាមរយៈការរួមភេទគ្រប់ទម្រង់​ ជាមួយអ្នកជំងឺអឹមផក និងការប៉ះពាល់​ដោយផ្ទាល់​នឹង​កន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់​ តំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារ​ប្រើប្រាស់​ដែលប្រឡាក់ប្រឡូស​ជាមួយ​នឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឫសម្ភា ស្រាបព្រាចាន កែវទឹក។

-វីរុស​អុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាល តាមរយៈ​ការប៉ះផ្ទាល់ បើស្រ្តីមានផ្ទៃពោះ ឬឪពុកម្តាយ​មានជំងឺអឹមផក៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី