មក​ដឹង​ពី​របប​អាហារ​ទូទៅ​របស់ Ronaldo

  • 2024-02-13 14:28:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ្ស​ប្រយុទ្ធ Cristiano Ronaldo មាន​របប​អាហារ​យ៉ាង​តឹងរ៉ឹង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Goal។

យោង​តាម​ប្រភព​ដដែល Ronaldo ធ្លាប់​និយាយ​ជា​រឿយៗ​ថា របៀប​របប​ហាត់ប្រាណ​ដែល​ល្អ គឺ​ត្រូវ​គួប​ផ្សំ​យ៉ាង​ចាំ​បាច់​ទៅ​នឹង​របប​អាហារ​ល្អ។ ចំពោះ Ronaldo ការ​បរិភោគ​អាហារ​មាន​ប្រូតេអ៊ីន​ច្រើន បន្លែ​ និង​ផ្លែ​ឈើ ហើយ​តម​អាហារ​មាន​ជាតិ​ស្ករ​ច្រើន គឺ​ជា​រឿង​សំខាន់​សម្រាប់​របប​អាហារ​របស់​កីឡាករ​រូប​នេះ។

ក្នុង​មួយ​ថ្ងៃ Ronaldo ហូប​អាហារ ៦ ពេល នេះ​មាន​ន័យ​ថា កីឡាករ​ហូប​រៀងរាល់​ ៣ ទៅ ៤ ម៉ោង​ម្ដង។ ក្នុង​អាហារ​មួយ​ពេល​ៗ កីឡាករ​រូប​នេះ​មិន​ហូប​ច្រើន​ទេ។ ឧទាហរណ៍​ចំពោះ​អាហារ​ពេល​ព្រឹក Ronaldo ចូល​ចិត្ត​បរិភោគ​ Cheese សាច់​ជ្រូក Ham រួម​ជាមួយ​ផ្លែ​ឈើ​ស្រស់ ហើយ​នំប៉័ង​ដុត​លាយ​ជាមួយ​ផ្លែ​ប័រ។

លើស​ពី​នេះ អាហារ​ដែល Ronaldo ចូល​ចិត្ត​គឺ​ត្រី​សមុទ្រ ខ្ទឹម​បារាំង ដំឡូង​បារាំង និង​ស៊ុត​ចៀន។

ពេល​ Ronaldo ទៅ​ហាង​ម្ដង​ៗ កីឡាករ​ច្រើន​ទទួល​ទាន​សាច់​គោ​អាំង (Steak) និង​សាឡាត់។ កីឡាករ​ចូល​ចិត្ត​តែ​ម្ហូប​ស្រស់ៗ និង​មិន​ហូប​អាហារ​កក​ឡើយ។

រីឯ​ភេសជ្ជៈ​វិញ Ronaldo ចូល​ចិត្ត​ហូប​ទឹក​ធម្មតា ហើយ​តែង​ចៀស​ផឹក​ស្រា និង​ភេសជ្ជៈ​ផ្អែម។

Ronaldo ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​សរសើរ​ថា បាន​ថែ​រក្សា​រាង និង​កម្លាំង​ថាមពល​បាន​យ៉ាង​ល្អ ដែល​ជា​កត្តា​សំខាន់​មួយ​ដែល​ជួយ​កីឡាករ​មាន​អាជីព​បាល់ទាត់​ដ៏​ជោគជ័យ​ជាង ២០ ឆ្នាំ។ បច្ចុប្បន្ន​ទោះ​ជា​មាន​វ័យ ៣៩ ឆ្នាំ​ក៏​ដោយ ក៏​កីឡាករ​នៅ​មិន​ទាន់​ចូល​និវត្តន៍ ហើយ​នៅ​តែ​ជា​កីឡាករ​ដ៏​សំខាន់​មួយ​ក្នុង​ក្រុម Al-Nassr នៅ​អារ៉ាប៊ីសាអ៊ូឌីត។ កាល​ពី​ចូល​រួម​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​តាំង​ពី​ចុង​ឆ្នាំ ២០២២ មក កីឡាករ​លេង​សរុប ៥០ លើក​ឲ្យ​ក្លឹប និង​ស៊ុត​ចូល ៤៤ គ្រាប់៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម
អត្ថបទថ្មី