លេច​មុខ សេម រតនា ក្នុង​ឈុត​ល្ខោនខោល​ខ្មែរ នៅ​កណ្ដាល​ហ្វូង​មនុស្ស ស្រាប់​តែ​ជួប​រឿង​នឹកស្មាន​មិន​ដល់

  • 2024-02-17 08:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង សេម រតនា ដែល​បច្ចុប្បន្ន​ជា​វេជ្ជបណ្ឌិត និង​ជាcontent creator ល្បីឈ្មោះ​មួយ​រូប បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​ភ្ញាក់​ផ្ញើល ក្រោយ​លោក​បង្ហាញ​ខ្លួន​ក្នុង​ឈុត​បុរាណ​ខ្មែរ​ ពោល​គឺ​ក្នុង​ទម្រង់សិល្បៈរបាំល្ខោនខោលខ្មែរដ៏​ទាក់ទាញ​នៅ​កណ្ដាល​ចំណោម​ពេល​រាត្រី លើ​ទឹកដី​អង្គរខេត្ដ​សៀមរាប។

តាម​រយៈ​វីដេអូ​រយៈ​ពេល​ជិត ១០​នាទី បង្ហោះ​ដោយ​លោក សេម រតនា កាល​ពី​ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ រូប​លោក និង​បុរស​ម្នាក់​ទៀត​បាន​ស្លៀក​ឈុត​ល្ខោនខោលខ្មែរ ហើយ​ដើរ​តាម Pub steet ដោយ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ជាច្រើន​សម្លឹង​មើល​លោក​ទាំង​ពីរ ហើយ​សុំ​ថត​រូប​ជាមួយ​ទៀត​ផង។

បន្ទាប់​ពី​ដើរ និង​ថត​រូប​ជាមួយ​ភ្ញៀវ​ទេសចរ​បាន​មួយ​សន្ទុះ ស្រាប់​តែ​ពួក​លោក បាន​ជួប​រឿង​នឹក​ស្មាន​មិន​ដល់​មួយ ដោយ​មាន​ភ្ញៀវ​បរទេស​មួយ​ក្រុម​បាន​មក​សុំ​លោក និង​មិត្ដភក្ដិ​ដែល​កំពុង​ស្លៀក​ឈុត​បុរាណ​ខ្មែរ​នោះ​ថត​ជាមួយ ដើម្បី​ទុក​ជា​អនុស្សាវរីយ៍ ប៉ុន្ដែ​នៅ​ក្នុង​ដៃ​ជន​បរទេស​នោះ មាន​កាន់​ដបស្រា​រហូត​ដល់​ទៅ​ពីរ​ដប។ ភ្លាមៗ លោក​ក៏​បាន​ប្រាប់​ឲ្យ​មិត្ដភក្ដិ​ម្នាក់​ទៀត​សុំ​ឲ្យ​ជន​បរទេស​នោះ​ទម្លាក់​ដប​ស្រា​សិន​មុន​ថត។

ដោយ​យល់​ពី​តម្លៃ​វប្បធម៌ខ្មែរ ជន​បរទេស​នោះ​បាន​ទុក​ដប​ស្រា​សិន ហើយ​ក៏​ចាប់​ផ្ដើម​ឲ្យ​មិត្ដភក្ដិ​គេ ផ្ដិត​យក​រូប​ដ៏​ស្រស់ស្អាត​បង្ហាញ​ពី​សម្លៀកបំពាក់​បុរាណ​ខ្មែរ ដោយ​ទឹក​មុខ​ស្រស់ស្រាយ។ នៅ​ក្នុង​វីដេអូ​នេះ​ដែរ លោក សេម រតនា បាន​អំពាវនាវ​ដល់​កូន​ខ្មែរ​គ្រប់​រូប​ត្រូវ​ហ៊ាន​និយាយ ឬ​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ដ​ចំពោះ​ទង្វើ​មិន​សម​រម្យ​មួយ​ចំនួន​បង្កើត​ឡើង​ដោយ​ជន​បទេស នាំ​ឲ្យ​ប៉ះពាល​ដល់​តម្លៃ​សិល្បៈ វប្បធម៌​ខ្មែរ។

លោក សេម រតនា បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​បរទេស ជា​ពិសេស​ភ្ញៀវ​នៅ​ប៉ែក​អ៊ឺរ៉ុប គេ​មក​លេង​ស្រុក​ខ្មែរ ឬ​នៅ​តំបន់​អាស៊ី គឺ​គេ​មិន​សូវ​ចាប់​អារម្មណ៍​លើ​អគារ​ខ្ពស់ៗ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គេ​សិក្សា​ស្វែង​យល់​ពី​សំណង់​បុរាណ សិល្បៈ វប្បធម៌ និង​ម្ហូប​អាហារ​ដែល​ជា​ទំនៀម​ទម្លាប់​របស់​ខ្មែរ​ប៉ុណ្ណោះ។ ដូច្នេះ​ក្នុង​ពេល​ដែល​ភ្ញៀវ​ទេសចរ​បទេស​មក​លេង​ស្រុក​ខ្មែរ "ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​ត្រូវ​បង្ហាញ​អ្វី​ដែល​ខ្មែរ​មាន​"៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី