មកស្គាល់ ច្បាស់ស្នាដៃប្រលោមលោក លាក់មុខជាមួយស្លាបប៉ាក់កានាម «មនុស្សខ្មៅ»

  • 2024-02-23 03:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«មនុស្សខ្មៅ», «នាងសាខន», «អ្នកជាមនុស្សដ៏អស្ចារ្យបំផុត», «បើអ្នកក្រហើយ» និង «ឪពុកខ្ញុំជាវីរបុរស» ជាប្រលោមលោកដែលទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកអាន ពិសេសផ្អែកលើការបញ្ចូលសារលើកទឹកចិត្ត។ បុគ្គលតែម្នាក់គត់ដែលនៅពីក្រោយប្រលោមលោកទាំងនេះ គឺលោក ធឿន សុធា (មនុស្សខ្មៅ)

អ្នកនិពន្ធដែល​មាន​ដើមកំណើត​ចេញ​ពីគ្រួសារអ្នកចម្ការរូបនេះ មាន​និស្ស័យខ្ពស់ជាមួយនឹងការអាន បូកជាមួយនឹង​ភាព​វៃឆ្លាតក្នុង​ការ​តាក់តែង​ពាក្យពេចន៍ និងចំណេះដឹងដែលបាន​រៀនចេះដឹងមកជាមួយនឹងគ្រប់យ៉ាងដែលកើតឡើងជុំវិញខ្លួន ក៏បណ្ដាលឲ្យលោក​បង្កើតជាសំណេរប្រលោមលោកបែបលើកទឹកចិត្ត ចារនូវសារអប់រំផ្លូវចិត្តយ៉ាងចាក់ដោតចំពោះប្រិយមិត្តអ្នកអាន។

ធឿន សុធា ក៏បាន​ទទួលឱកាសការងារដំបូងនៅឆ្នាំ ២០០៨ នៅក្រុមហ៊ុនឯកជនមួយកន្លែង ទាំងដែលពេលនោះលោកកំពុងសិក្សាថ្នាក់បរិញ្ញាបត្រកុំព្យូទ័រ។ បំពេញការងារអស់រយៈពេលជាង ១២ ឆ្នាំ លោកត្រូវបានក្រុមហ៊ុន ដំឡើងតួនាទីជាបន្តបន្ទាប់ តាំងពីមន្រី្តកម្រិតទាបហូតក្លាយទៅជាប្រធាននាយកដ្ឋាន អាស្រ័យលើការខិតខំប្រឹងប្រែងមិនរួញរា ប៉ុន្តេក្រោយមកខ្ញុំបានបញ្ចប់អាជីពជាអ្នកធ្វើការនៅដើមឆ្នាំ ២០២០

ដោយសារចិត្តស្រឡាញ់ និងចង់បានឯករាជ្យភាពក្នុងវិស័យការងារ បន្ថែមនឹងការចង់ដើរតាមក្តីស្រមៃ ចង់ដោះស្រាយបញ្ហាមនុស្សទូទៅ ក៏ដូចជាចង់ចែករំលែកអ្វីដែលខ្លួនបានឆ្លងកាត់ លោកក៏បានចេញរកស៊ីនៅដើមឆ្នាំ២០២០ ហើយក៏ចាប់ផ្តើមសរសេរសៀវភៅ ដែលមានដូចជា៖

  • សៀវភៅ «មនុស្សខ្មៅ» បានចេញផ្សាយនៅខែមករា ឆ្នាំ២០២១
  • សៀវភៅ «នាងសាខន» ចេញផ្សាយនៅខែកក្កដា ឆ្នាំ២០២១
  • សៀវភៅ «អ្នកជាមនុស្សដ៏អស្ចារ្យបំផុត» បានចេញផ្សាយនៅខែមករា ឆ្នាំ២០២២
  • សៀវភៅ «បើអ្នកក្រហើយ» ចេញផ្សាយនៅខែមិថុនា ឆ្នាំ២០២២
  • សៀវភៅ «ឪពុកខ្ញុំជាវីរបុរស» បានចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០២៣
  • សៀវភៅ «ព្រោះតែម៉ែក្រ» ចេញផ្សាយផ្លូវការនៅខែមិថុនា ឆ្នាំ២០២៣
  • សៀវភៅ «បំផុសគំនិត គិតឱ្យជ្រៅទៅឱ្យដល់!» ដែលកំពុងបើកកក់ និងចេញផ្សាយជាផ្លូវការនៅដើមខែមីនា ឆ្នាំ២០២៤នេះ

ការងារពុំចប់ត្រឹម ស្នាដៃទាំង ចំណងជើងនេះទេ ព្រោះលោក ធឿនសុធា រហស្សនាម មនុស្សខ្មៅ ក៏គ្រោងចេញផ្សាយនូវស្នាដៃថ្មីៗបន្តបន្ទាប់ ដើម្បីចូលរួមលើកកម្ពស់ការអាន និងវិស័យតែងនិពន្ធនៅប្រទេសកម្ពុជា។

ជាក់ស្ដែងសម្រាប់រឿងរបស់ មនុស្សខ្មៅ ទាំងអស់ក៏នឹងមាននៅលើ App កម្សាន្ត SabayOne ក្នុងពេល​ឆាប់ ដែលផ្ដល់នូវភាពងាយស្រួលមួយកម្រិតដល់ប្រិយមិត្តអ្នកស្នេហាវិស័យអានទាំងឡាយ៕

អត្ថបទ៖ ធារី