បដិសេធឈរឈ្មោះតែ ឡរ៉ាម៉ម លើកបុគ្គល២រូប ពេញចិត្តចង់ឱ្យឈរឈ្មោះជាប្រធានសមាគមន៍សិល្បៈ

  • 2024-02-23 03:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ មានការលើកឡើងជាច្រើនជុំវិញបុគ្គលដែលមហាជនពេញចិត្តចង់ឱ្យឈរឈ្មោះបោះឆ្នោតធ្វើជាប្រធានសមាគមន៍សិល្បៈ ក្នុងចំណោមនោះក៏មាន នាយកប្រតិបត្តិ ផលិតកម្មបារាមី កញ្ញា ឡរ៉ាម៉ម ផងដែរប៉ុន្តែត្រូវតារាស្រីរូបនេះធ្វើការបដិសេធដោយសារបញ្ហាផ្ទាល់ខ្លួន និងបានលើកបុគ្គល២រូបដែលនាងពេញចិត្តដូចគ្នា។

អំឡុងពេលចេញសារធ្វើការបដិសេធចំពោះមហាជនដែលចង់ឱ្យខ្លួនឈរឈ្មោះធ្វើជាប្រធានសមាគមន៍សិល្បៈ ឡរ៉ាម៉ម បានធ្វើការលើកឈ្មោះបុគ្គលគំរូ ពីររូប ដែលខ្លួនគោរពស្រឡាញ់ពេញចិត្តឱ្យឈរឈ្មោះ ជាប្រធានសមាគមន៍ និងផ្អែកលើសមត្ថភាពល្អបំផុត សម្រាប់ទទួលបន្ទុកការងារនេះ គឺតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម និង លោកជំទាវ ម៉ៅ ចំណាន ដែល ឡរ៉ាម៉ម មានទំនុកចិត្ត លើភាពជាអ្នកដឹកនាំ និង ចក្ខុវិស័យ របស់បុគ្គលទាំងពីរ ដើម្បីអភិវឌ្ឍ និង លើកតម្កើង វិស័យសិល្បៈនៅកម្ពុជា

យ៉ាងណាមិញការដែល ឡរ៉ាម៉ម បដិសេធបំណងមហាជននេះ គឺនាងបានធ្វើការសូមអធ្យាស្រ័យពីពុកម៉ែប្អូន មូលហេតុនោះ គឺដោយសារ ឡរ៉ាម៉ម ត្រូវមានបន្ទុកគ្រប់គ្រងក្រុមការងារ ផលិតកម្ម បារាមី ទាំងមូល ទើបមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការឈរឈ្មោះធ្វើជាប្រធានសមាគមន៍។

«នាងខ្ញុំមានការសោកស្ដាយជាខ្លាំងដែល នាងខ្ញុំមិនអាចឈរឈ្មោះធ្វើប្រធានសមាគមសិល្បៈខ្មែរនោះទេ ដោយហេតុថា នាងខ្ញុំមានទំនួលខុសត្រូវដ៏ធំធេង នៅផលិតកម្មបារមី ដែលនឹងមិនអនុញ្ញាតឱ្យនាងខ្ញុំ មានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ច ដ៏សំខាន់នេះទេ»៖ ឡរ៉ាម៉ម ថ្លែង៕

អត្ថបទ៖ កេរស