Neymar ជួយ​ Alves ១៥ម៉ឺន​អឺរ៉ូ​ក្នុង​ដំណើរ​ការ​ក្ដីក្ដាំ​រឿង​រំលោភ​បំពាន​ផ្លូវភេទ

  • 2024-02-23 10:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Neymar បាន​ផ្ទេរ​ទឹកប្រាក់​ចំនួន ១៥ម៉ឺន​អឺរ៉ូ (១៦៤ ០០០ដុល្លារ​អាមេរិក) ទៅ​កាន់​តុលាការ​អេស្ប៉ាញ ដើម្បី​ជួយ​អតីត​មិត្តរួម​ក្រុម​របស់​ខ្លួន​គឺ លោក Dani Alves ក្នុង​ដំណើរ​ការ​ក្ដីក្ដាំ​រឿង​រំលោភ​បំពាន​ផ្លូវភេទ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មានប្រេស៊ីល UOL។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា Neymar បាន​ផ្ទេរ​ទឹកប្រាក់​ ១៥ម៉ឺន​អឺរ៉ូ​ទៅ​កាន់​តុលាការ​អេស្ប៉ាញ​ ក្រោម​ហេតុផល​ថា «ទឹកប្រាក់​សង​ជំងឺ​ចិត្ត​»។ មាន​មតិ​មួយ​ចំនួន​យល់​ថា ជាមួយ​នឹង​ទំហំ​ទឹកប្រាក់​បែប​នេះ តុលាការ​អេស្ប៉ាញ​ជួយ​បន្ធូរបន្ថយ​ទោសទណ្ឌ​ចំពោះ​ Alves ដោយ​ហេតុ​ថា ដំបូង​ឡើយ​ខាង​តុលាការ​ចង់​ដាក់​ទោស អតីត​ខ្សែ​ការពារ​ប្រេស៊ីល​រូប​នេះ​រយៈពេល ១២ឆ្នាំ តែ​ក្រោយ​មក​ក៏​សល់​ត្រឹម​តែ ៤ឆ្នាំ​កន្លះ។

អតីត​ខ្សែ​ការពារ​ក្លឹប Barcelona និង​ក្រុម​ជម្រើស​ប្រេស៊ីល​លោក Dani Alves ត្រូវ​បាន​តុលាការ​ទីក្រុង​បាសេឡូណា​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤ឆ្នាំ​ ៦ខែ ពី​បទ​រំលោភ​បំពាន​ផ្លូវភេទ។

រឿង​រំលោភ​បំពាន​ផ្លូវភេទ​នេះ​បាន​កើត​ឡើង​ កាល​ពី​ថ្ងៃ​៣១ ខែ​ធ្នូ ២០២២ ដោយ​ Alves បាន​ជួប និង​រាំ​ជាមួយ​នារី​ម្នាក់​នៅ​ក្លឹប​មួយ​នៅ​ក្នុង​ក្រុង​បាសេឡូណា។ បន្ត​មក​ទៀត Alves បាន​ហៅ​នារី​នោះ​ទៅ​បន្ទប់​ទឹក ហើយ​នាង​នោះ​ក៏​ព្រម​ទៅ​ជាមួយ​។ ប៉ុន្តែ​ក្រោយ​មក ពេល​ដែល​នាង​នោះ​ចង់​ចេញ​ពី​បន្ទប់​ទឹក Alves ក៏​បដិសេធ​ ហើយ​ក៏​ទះ​កំផ្លៀង​នាង ជេរប្រមាថ​នាង ហើយ​បន្ត​ទៀត​ក៏​បាន​ប្រព្រឹត្តិ​ទង្វើរ​មិន​គប្បី ផ្ទុយ​ពី​ឆន្ទៈ​របស់​នារី​នោះ។

ខាង Alves ដំបូង​បដិសេធ​ថា​រឿង​នេះ​មិន​បាន​កើត​ឡើង តែ​ក្រោយ​មក​ក៏​សារភាព​ថា​ រឿង​នេះ​បាន​កើត​ឡើង​មែន តែ​ធ្វើ​ឡើង​ក្រោម​ការ​ព្រមព្រៀង​គ្នា។

Alves ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ជាប់​ក្នុង​ពន្ធនាគារ​តាំង​ពី​ខែ​មករា ឆ្នាំ២០២៣។

សូម​ជម្រាប​ផង​ដែរ​ថា​ Alves ជា​តារា​បាល់ទាត់​ដ៏​ឆ្នើម​មួយ​រូប ដោយ​ឈ្នះ​ពាន​ជា​ច្រើន​ជាមួយ​ក្លឹប Barcelona និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។ យ៉ាងណាមិញ រឿង​អាស្រូវ​នេះ​បាន​បញ្ចប់​អាជីព​បាល់ទាត់​របស់​បុរស​វ័យ ៤០ឆ្នាំ​រូបនេះ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី