លោកបណ្ឌិត អាំង សិរីពិសិដ្ឋ មិនចង់បង្ខំឲ្យកីឡាករកែទម្លាប់អាក្រក់លេងល្អិត ប៉ុន្តែចង់ឲ្យមានឆន្ទៈចូលរួមកែ

  • 2024-02-26 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ចង់ឃើញការលេងបាល់ទះក្រៅផ្លូវការមានលក្ខណៈល្អប្រសើរ ពោលកុំលេងប៉ះសេអូសចាប់បោះ កុំលេងបោកស្អិតជាប់ដៃ ព្រោះការលេងខុសក្បួនខ្នាតមិនមានផលចំណេញដល់ធនធានបាល់ទះកម្ពុជា និងមុខមាត់ប្រទេសជាតិឡើយ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានស្នើសុំឲ្យប្រជាពលរដ្ឋខ្មែរ ប្អូនៗយុវជនបន្តវេនត្រូវមានឆន្ទៈក្នុងការកែប្រែ ហើយសហព័ន្ធកីឡាបាល់ទះកម្ពុជាក៏មិនចង់ឲ្យយុវជនយើងកែប្រែដោយការបង្ខិតបង្ខំណាមួយដែរ។ ប៉ុន្តែប្រសិនបើនៅតែមិនមានប្រសិទ្ធិភាព សហព័ន្ធនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បប់បានចែងស្ដីអំពីកំណែទម្រង់បាល់ទះក្រៅផ្លូវការនាពេលខាងមុខ។

ទាក់ទងនឹងកង្វល់នេះទៀតសោត លោកបណ្ឌិតមានប្រសាសន៍ថា ៖«ទីមួយគឺបុគ្គលដែលមានឆន្ទៈចង់កែខ្លួនឯង ទីពីរគឺបុគ្គលហ្នឹងគាត់ស្រលាញ់បាល់ទះពិតប្រាកដ អាហ្នឹងគាត់នឹងនាំគ្នាកែពិតប្រាកដហើយ ទីបីវាត្រូវតែមានច្បាប់ ទៅតាមខ្ញុំដឹងច្បាប់របស់យើងបានទៅដល់ទីស្ដីការគណៈរដ្ឋមន្ត្រីហើយ ហើយនឹងទៅដល់រដ្ឋសភានៅក្នុងឆ្នាំហ្នឹង ខ្ញុំគ្រាន់តែប្រមើលមើលទេ។ ច្បាប់កីឡាចេញនឹងមានក្បួនខ្នាត អ៊ីចឹងតារាងបាល់តារាងអីត្រូវសុំឡាយសិន (License) សុំលិខិតអនុញ្ញាតអាជីវកម្ម។ ហើយក្នុងករណីដែលគាត់លេងអីហ្នឹង ទីមួយគឺណែនាំ ទីពីរណែនាំ ទីបីបើអត់ដល់វិធានរដ្ឋបាល អាចដកអាជ្ញាប័ណ្ណគាត់អត់អាចរកស៊ីអាចឹងបានទៀតទេ បើនិយាយគ្នាជាភាសាមិនស្ដាប់ទាល់តែបែបបទរដ្ឋបាល អាហ្នឹងអាចនាំគ្នាកែ ប៉ុន្តែយើងមិនចង់ដល់កម្រិតប៉ុណ្ណឹងទេ»។

ដូចបានបញ្ជាក់នៅខាងលើត្រង់ចំណុចចុងក្រោយនេះលោកបណ្ឌិត អាំង សិរីពិសិដ្ឋ មិនចង់ឲ្យមានការប​ង្ខិតបង្ខំណាមួយចំពោះអ្នកស្នេហាវិស័យកីឡាបាល់ទះក្រៅប្រព័ន្ធក្នុងការកែទម្លាប់អាក្រក់ឡើយ ប៉ុន្តែលោកចង់ឲ្យអ្នកលេងបាល់ទះមានឆន្ទៈ និងចូលរួមដោយស្ម័គ្រចិត្តក្នុងការកែតម្រូវ ដើម្បីលើកស្ទួយវិស័យកីឡាករបាល់ទះនិងមុខមាត់ជាតិ៕

អត្ថបទ៖ Um Sopheak

អត្ថបទពេញនិយម
អត្ថបទថ្មី