តើ AI របស់ Apple ដែល​ Tim Cook និយាយក្តែងៗនោះ វានឹង​អស្ចារ្យយ៉ាងណាទៅ? រង់ចាំមើលទាំងអស់គ្នា!

  • 2024-03-01 03:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកប្រតិបត្តិរបស់ Apple លោក Tim Cook បាន​និយាយ​ក្នុងកិច្ច​ប្រជុំមួយជាមួយម្ចាស់ភាគហ៊ុនកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៤ថា Apple នឹង​បញ្ចេញ​បច្ចេកវិទ្យា Generative AI ដ៏​អស្ចារ្យ​នៅក្នុងឆ្នាំ​នេះ ខណៈក្រុមហ៊ុន​បានចាយលុយ និងពេលវេលា យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅលើ​ការស្រាវជ្រាវបច្ចេកវិទ្យានេះ។

លោកបញ្ជាក់​ថា ក្រុមហ៊ុន​បាន​មើលឃើញ​នូវសក្តានុពល​ដ៏ត្រចះត្រចង់​មិនគួរឱ្យជឿ​សម្រាប់ AI នេះ ដែល​ជាមូលហេតុ​ធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្ត​វិនិយោគ​យ៉ាងខ្លាំង​ក្នុងវិស័យនេះ។ «យើងជឿជាក់ថា វា​នឹង​ដោះស្រាយ​បញ្ហា​សម្រាប់​អ្នកប្រើប្រាស់​របស់យើង នៅពេលវា​ចូល​ក្នុងផលិតភាព»។

ជាមួយគ្នានោះ លោក​ក៏បាន​សង្កត់ធ្ងន់ដែរថា ក្រុមហ៊ុន​បាន​ធ្វើការ​លើបច្ចេកវិទ្យានេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។ ក្នុងនោះ ផលិតផល Apple មួយចំនួន ក៏បាន​បំពាក់ AI មកដែរ ដូចជា Vision Pro និង​ Apple Watch ព្រមទាំងឈីប​ដែល​បំពាក់​លើកុំព្យូទ័រ MacBook ដែលមាន​សមត្ថភាព​ដំណើរការ AI។ សម្រាប់​ iPhone វិញ គឺ​នៅពេល​អ្នក​ប្រើប្រាស់​ជួបគ្រោះថ្នាក់ចរាចរណ៍ វានឹង​ខលស្វែងរកជំនួយ​ដោយខ្លួនវាតែម្តង។

គួរកត់សម្គាល់ដែរថា ការលើកឡើង​របស់លោក Tim Cook នេះ បន្ទាប់ពីម្ចាស់ភាគហ៊ុន Apple បាន​ច្រានចោលសំណើ​ដែល​ក្រុមហ៊ុននេះ​ចង់​ធ្វើរបាយការណ៍តម្លាភាព AI យ៉ាងលម្អិត​ ថាតើ AI នេះ​ត្រូវបាន​ប្រើប្រាស់​ដោយត្រឹមត្រូវឬអត់។

ប្រភព​មួយចំនួន​បានអះអាងថា Apple នឹង​បន្ថែម​មុខងារ Generative AI ថ្មី​នៅលើ iOS 18 ជាមួយគម្រោង​ប្រើប្រាស់​ AI ដើម្បី​ជំរុញសមត្ថភាព​របស់ app ក្នុង iOS៕

អត្ថបទ៖ សំភី

អត្ថបទថ្មី