២ឆ្នាំទៅហើយ តារាចម្រៀង ស៊ូ ស៊ីរីកា និងម្តាយធំ ដង្ហើយរកយុត្តិធម៌រឿងបណ្ដាំមរតក

  • 2024-03-04 07:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមកទល់ពេលនេះ រយៈពេលប្រមាណ ២ ឆ្នាំហើយ ដែលតារាចម្រៀង ស៊ូ ស៊ីរីកា និងក្រុមគ្រួសារតារាកំប្លែងជើងចាស់ អ្នកស្រី ជុំ រស្មី ហៅ ស្រីទូច នៅតែដង្ហើយរកយុត្តិធម៌រឿងបណ្តាំមរតករបស់តារាភាពយន្ត និងចម្រៀងជំនាន់ទសវត្សរ៍ ៦០ លោកស្រី កែវ មន្ថា ដែលត្រូវជាម្តាយ និងជីដូន ខណៈនិតិវិធីបានដល់ដៃតុលាការឧទ្ធរណ៍ទៅហើយ។

រៀបរាប់ដោយអារម្មណ៍ឈឺចាប់ តារាកំប្លែង ស្រីទូច ថា រយៈពេលជាង២ឆ្នាំមកនេះ សមាជិកគ្រួសារអ្នកស្រី រួមទាំងក្មួយស្រីតារាចម្រៀង ស៊ូ ស៊ីរីកា បានខិតខំអស់ពីលទ្ធភាពហើយ ដើម្បីតតាំងតាមផ្លូវតុលាការជាមួយភាគីស្វាមីរបស់អ្នកស្រី កែវ មន្ថា ដែលមិនព្រមអនុវត្តន៍តាមបណ្ដាំមរតក ហើយថែមទាំងបានបណ្ដេញសមាជិកជាកូនចៅបង្កើតចេញពីផ្ទះ ដែលធ្លាប់រស់នៅជួបជុំគ្នាតាំងពីយូរ នោះទៀតផង។ ក្នុងនោះ ក៏មានតារាចម្រៀង ស៊ូ ស៊ីរីកា ផងដែរ។

ក្នុងនោះ តារាចម្រៀង ស៊ូ ស៊ីរីកា ក៏បានចេញមុខអំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំឱ្យរកយុតិ្តធម៌យ៉ាងពិតប្រាដកពីប្រព័ន្ធតុលាការ ព្រោះរឿងក្តីនេះកំពុងដំណើរការដល់សាលាឧទ្ធរណ៍ ប៉ុន្តែនាងនៅពុំទាន់ទទូលបានយុតិ្តធម៌នៅឡើយ ខណៈពេលនេះនាងកំពុងតែមានជីវភាពលំបាកខ្លាំង។

ស៊ីរីកា បានរំឮកឱ្យដឹងថា តាំងពីកើតរហូតដល់ដឹងក្ដី នាងបានរស់នៅក្រោមការមើលថែទាំយ៉ាងល្អបំផុតពីជីដូន ប្រៀបបីដូចជាម្ដាយកូនដូច្នេះដែរ។ ជីដូនរបស់នាងបានផ្គត់ផ្គង់គ្រប់បែបយ៉ាង សូម្បីលុយដែលនាងរកបានពីការច្រៀងកន្លងមកក៏ផ្ញើរទុកដាក់ជាមួយជីដូនដែរ។ តែក្រោយពីជីដូនទទួលអនិច្ចកម្មទៅមិនបានប៉ុន្មាន ទ្រព្យសម្បត្តិទាំងឡាយដែលជីដូនទិញជាអំណោយត្រូវបានដកហូតទាំងអស់ ដូចជា រថយន្ត ខុនដូរ សូម្បីផ្ទះវីឡាធ្លាប់រួមរស់ជាមួយជីដូនរហូតមកក៏ត្រូវបានស្វាមីរបស់ជីដូនបណ្ដេញចេញដែរ។

ដូច្នេះ អ្វីដែលម្ចាស់បទ «ហែជំនូន» និងម្តាយមីង តារាកំប្លែង ស្រីទូច ចង់បាន គឺចង់ឲ្យមានការផ្តល់ភាពយុត្តិធម៌ចំពោះពួកគាត់ដូចដែលមានសរសេរនៅក្នុងលិខិតបណ្តាំមរតករបស់ លោកស្រី កែវ មន្ថា ដែលត្រូវជាម្តាយ និងជីដូន។ ប៉ុន្តែ រហូតមកដលពេលនេះ អ្នកស្រី នៅមិនទាន់ទទូលបានដំណោះស្រាយផ្លូវច្បាប់ណាមួយ ដែលស្របនឹងឆន្ទៈរបស់មរតកជន លោកស្រី កែវ មន្ថា ឬដំណោះស្រាយណាមួយសមរម្យ ដែលអ្នកស្រី និងសមាជិកគ្រួសារ អាចទទួលយកបាននៅឡើយ ស្របពេលសំណុំរឿងនេះកំពុងនៅក្នុងដៃរបស់សាលាឧទ្ធរណ៍នៅឡើយ៕

អត្ថបទ៖ Ah Mouy