បុណ្យទន្លេ​នៅខេត្ត​សៀមរាប ព្យាករថា​នឹងមាន​អ្នកទេសចរ​ចូលរួម​ប្រមាណ ១លាននាក់

  • 2024-03-05 03:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងទេសចរណ៍ ព្យាករថាអ្នកទេសចរប្រមាណ ១លាននាក់ នឹងមកចូលរួមបុណ្យទន្លេនៅខេត្តសៀមរាប ខណៈអាជ្ញាធរខេត្តកំពុងមមាញឹករៀបចំកម្មវិធីកម្សាន្តតាមបណ្ដោយស្ទឹងសៀមរាប ជាព្រឹត្តិការណ៍ដ៏ថ្មីស្រឡាងរបស់ខេត្តសៀមរាប។

បុណ្យទន្លេលើកទី៨ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់រង្វង់មូលវត្តដំណាក់ក្រុងសៀមរាប។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសម្រាប់កម្មវិធីបុណ្យទន្លេ លើកទី៨ នៅថ្ងៃទី៤ ខែមីនានេះ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បញ្ជាក់ថា បុណ្យទន្លេ ជាព្រឹត្តការណ៍ទេសចរណ៍ជាតិមួយដ៏សំខាន់ ដែលនឹងបង្ហាញពីសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះដែលកម្ពុជាមាន ជាពិសេសវាបានទាក់ទាញ អ្នកទេសចរ បានស្គាល់ពីជីវភាពនៅតាមតំបន់នៃដងទន្លេ និងបឹងទន្លេសាប ព្រមទាំងផ្ដល់ចំណូលដោយផ្ទាល់ និងប្រយោលដល់អ្នកនៅក្នុងមូលដ្ឋាន។

លោកបន្តថា ព្រឹត្តិការណ៍ដ៏មានអត្តន័យនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ ស្របគ្នាយុទ្ធនាការ ទស្សនាសៀមរាប ២០២៤ របស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តជំរុញយ៉ាងសស្រាក់សស្រាំ។

លោកនាយករដ្ឋបាល ក៏បានបញ្ជាក់ផងដែរថា ការទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប ទាម ទារឱ្យមានការចូលរួមប្រកបដោយឆន្ទៈពីគ្រប់ភាគីទាំងរាជរដ្ឋាភិបាល ទាំងឯកជន និងប្រជាពលរដ្ឋផ្ទាល់។ លោក បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ សូមគិតគូរលើដាក់តម្លៃកន្លែងស្នាក់នៅ តម្លៃម្ហូបអាហារ អនាម័យ សេវាកម្ម ជាដើម ព្រោះខេត្តសៀមរាប ជាប្រភពចំណូលទេសចរណ៍ដ៏ធំរបស់កម្ពុជា និងជាតំបន់ទេចរណ៍ដ៏ធ្លេចធ្លោមួយក្នុងពិភពលោក។

គួររំលឹកថា ពិធីបុណ្យទន្លេ រៀបចំឡើងក្នុងគោលបំណង ជំរុញវិស័យទេសចរណ៍នៅតាមខេត្តជាប់ដងទន្លេ ពិសេសរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់តាមដងទន្លេកម្ពុជា ឲ្យក្លាយជាប៉ូលទេសចរណ៍ដ៏ទាក់ទាញ ស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាល លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិតាមដងទន្លេ ព្រមទាំងជំរុញការតភ្ជាប់ និងពង្រឹងភាពជាដៃគូជាមួយប្រទេសជាមិត្ត។ ពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤នេះ ប្រារព្ធឡើងក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប