គម្រោង​ទំនប់​អាង​ស្តុកទឹកស្ទឹងឃ្លៀច ស្រុកឱរ៉ាល់ នឹង​ជួយកាត់បន្ថយទឹកជំនន់ ហើយអាចផ្តល់ទឹក​ដល់ ៥ម៉ឺនគ្រួសារ ក្នុង​រាជធានីខេត្តចំនួន៤ទៀតផង

  • 2024-03-06 03:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា គ្រោង​សាងសង់​ទំនប់​អាងស្តុកទឹកស្ទឹងឃ្លៀច ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាពេលខាងមុខឆាប់ៗនេះ ដែល​វានឹងជួយកាត់បន្ថយទឹកជំនន់ និង​អាចផ្តល់ទឹក​ដល់រាប់ម៉ឺនគ្រួសារទៀតផង។

កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺចុះពិនិត្យទីតាំងទំនប់អាងស្តុកទឹកស្ទឹងឃ្លៀច ដើម្បីចាប់ផ្តើមរៀបចំសិក្សារបាយការណ៍សមិទ្ធិលទ្ធភាពគម្រោង (Feasibility Study Report) និងសិក្សាប្លង់លម្អិត។

ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងថា គម្រោងទំនប់អាងស្តុកទឹកស្ទឹងឃ្លៀចនឹងចាប់ផ្តើមសាងសង់នាពេលដ៏ខ្លីខាងមុខ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម​បញ្ជាក់ថា ក្រោយការសាងសង់រួច ទំនប់អាងស្តុកទឹកស្ទឹងឃ្លៀចអាចរក្សាទឹកទុកបានប្រមាណ ១២០លានម៉ែត្រត្រីគុណ ជួយកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោតទៅផ្នែកខាងក្រោមនៃស្ទឹង ផ្តល់ទឹកបន្ថែមសម្រាប់ការស្រោចស្រពស្រូវវស្សាប្រមាណ ៣៥០០០ហិកតា និងស្រូវប្រាំងប្រមាណ ៥០០០ហិកតា ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាជនចំនួន ៥០០០០គ្រួសារ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទពេញនិយម