ហេតុផល​ធំ​មួយ អាច​នៅ​ពី​ក្រោយ​ភាពបរាជ័យ រឿង "ម៉ែក្រឡាភ្លើង" ដែល​ចាក់បញ្ចាំង​នៅ​ប្រទេស​ថៃ

  • 2024-03-06 04:55:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើត​ហេតុ​ភេទ​មិន​សូវ​ល្អ​តាំង​ពី​ដើម​ដំបូង នៃ​ដំណើរការចាក់​បញ្ចាំង​ខ្សែភាពយន្ដ រឿង "ម៉ែក្រឡាភ្លើង"។ មុន​ទទួល​បាន​ជោគជ័យ​ខ្លាំង​លើ​ការ​លក់​សំបុត្រ​ដាច់​ជាង​គេ​ក្នុង​ចំណោម​ខ្សែភាពយន្ដ​ខ្មែរនៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០២៣ ម្ចាស់​ខ្សែភាពយន្ដ​នេះ ត្រូវ​បាន​គេ​ចោទ​ថា លួច​ចម្លង​បទ​ចម្រៀង​គេ​ទៅ​ដាក់​​ក្នុង​រឿង​របស់​ខ្លួន។​

ថ្មីៗ​នេះ​មាន​មតិ​ពី​ក្រៅ​ប្រទេស​ខ្លះ​លើក​ឡើង​ថា ភាព​បរាជ័យ​លើ​ការ​ចាក់​បញ្ចាំង​រឿង "ម៉ែក្រឡាភ្លើង" នៅ​ស្រុក​ថៃ គឺ​មក​ពី​រឿង​នេះ​ស្រដៀង​នឹង​រឿង​ថៃ​ដែល​បាន​ផលិត​ជា​យូរ​មក​ហើយ រហូត​ធ្វើ​ឲ្យ​ជនជាតិ​ថៃ​មួយ​ចំនួន​ចោទ​ថា​បាន​លួច​ចម្លង​ពី​គេ​ទៀត​ផង។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ផលិតករ និង​អ្នក​ជំនាញ​យល់​ថា ការ​មិន​ទទួល​បាន​ជោគជ័យ​លើ​ការ​ចាក់​​បញ្ចាំង​នៅ​ក្រៅ​ស្រុក ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ថៃ​នោះ ក៏​ដោយសារ​តែ​បញ្ហា​ក្ដាប់​ឱកាស ឬ​ទីផ្សារ​ឧស្សាហកម្ម​ភាពយន្ដ​មិន​បាន​ត្រឹមត្រូវ ខណៈ​ដែល​រឿង​ស្រដៀង​គ្នា​នេះ​ត្រូវ​បាន​ផលិតករ​ថៃ​បាន​ផលិត និង​ចាក់​បញ្ចាំង​នៅ​ស្រុក​គេ​រួច​ទៅ​ហើយ។

ប្រធាន​នាយកដ្ឋាន​ភាពយន្ដ និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក ប៉ុក បូរក្ស បាន​លើក​ឡើង​នូវ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា គ្រប់​ខ្សែភាពយន្ដ​ដែល​បាន​អនុញ្ញាត​ឲ្យ​ចាក់​បញ្ចាំង​ទាំង​នៅ​កម្ពុជា និង​នៅ​ក្រៅ​ប្រទេស គឺ​សុទ្ធ​តែ​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​គុណភាព​ពី​ក្រសួង​សាមី នៃ​ប្រទេស​នីមួយៗ​រួច​ទៅ​ហើយ។

ដូច្នេះ​បើ​និយាយ​ថា មាន​ការ​លួច​ចម្លង ឬ​ភាពយន្ដ​មិន​ត្រូវ​ស្ដង់ដា គឺ​មិន​ត្រឹម​ត្រូវ​ឡើយ។ ប៉ុន្ដែ​អ្វី​ដែល​លោក​មើល​ឃើញ​ចំណុច​ខ្វះខាត ឬ​បរាជ័យ​របស់​រឿង"ម៉ែក្រឡាភ្លើង" គឺ​ម្ចាស់​ផលិតកម្ម​ក្ដាប់​ទីផ្សារ​ភាពយន្ដ​ក្រៅ​ស្រុក​មិន​បាន​ច្បាស់ ឬ​កំណត់​ថា​តើ​រឿង​ណា​មិន​គួរ​ដាក់ ឬ​រឿង​ណា​គួរ​ដាក់​ឲ្យ​ត្រូវ​ស្ថានភាព​ទីផ្សារ និង​ទំនោរ​អ្នក​ទស្សនា។

ចំពោះ​ចាងហ្វាង​ផលិតកម្ម Sastra film និង​ជា​ម្ចាស់​ខ្សែភាពយន្ដ​រឿង "ម៉ែក្រឡាភ្លើង" លោកស្រី ប៊ុន ចាន់និមល បាន​បញ្ជាក់​ជំហរ​ថា "ម៉ែក្រឡាភ្លើង" ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុម​ការងារ​លោក​ស្រី​ដែល​ជា​កូន​ខ្មែរ មិន​បាន​លួច​ចម្លង​ស្នាដៃ​សាច់​រឿង ឬ​បទ​ចម្រៀង​ពី​អ្នក​ណា​ឡើយ។ ការ​បរាជ័យ​ក្នុង​ការ​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​ថៃ​នេះ ត្រូវ​បាន​លោក​ស្រី​ចាត់​ទុក​ថា ជា​ការ​បរាជ័យ​មុន​ឡើង​សង្វៀន​ប្រកួត ព្រោះ​រោងកុន​ភាគ​ច្រើន​មិន​បាន​ផ្ដល់​ម៉ោង​​ចាក់​បញ្ចាំង។

គិត​ត្រឹម​ម៉ោង ១១កន្លះ​ព្រឹក ថ្ងៃ​ទី៦ ខែ​មីនា ឆ្នាំ​២០២៤ Sabay បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​លោកស្រី ប៊ុន ចាន់​និមល ទាំង​តាម​រយៈ​ទូរស័ព្ទ និង​បណ្ដាញ​សង្គម​តេឡេក្រាម ប៉ុន្ដែ​មិន​ទាន់​ត្រូវ​បាន​លោកស្រី​ឆ្លើយតប​នៅ​ឡើយ។ ប៉ុន្ដែ​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក លោកស្រី ប៊ុន ចាន់និមល អះអាង​ថា​ខ្លួន​មិន​បាក់​ទឹកចិត្ដ ឬ​ដើរ​ថយ​ក្រោយ​ក្នុង​ការ​ផលិត​ខ្សែភាពយន្ដ​ថ្មីៗ​របស់​ខ្លួន​សម្រាប់​មហាជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឡើយ ព្រោះ​គោល​ដៅ​មិន​តម្រូវ​តែ​អ្នក​ទស្សនា​នៅ​ប្រទេស​ថៃ​ទេ គឺ​មាន​ប្រទេស​ផ្សេង​ទៀត​ដែល​ផលិតកម្ម​គ្រោង​នឹង​បញ្ចេញ​ទៅ​ចាក់​បញ្ចាំង​ជាបន្ដបន្ទាប់។

បរាជ័យ ឬ​ផ្ទុះ​មតិ​ចម្រូងចម្រាស់គ្នា​លើ​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ដ រឿង "ម៉ែក្រឡាភ្លើង" គឺ​អាច​កើត​ចេញ​ពី​ការ​រើសអើង ឬ​អនុវត្ដ​មិន​ស្មើភាព​គ្នា​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ដែល​ប្រទេស​ថៃ​មាន​កិច្ចសហប្រតិបត្ដិការ​ជាមួយ​គ្នា ជា​ពិសេស​លើ​វិស័យ​ភាពយន្ដ។ លោកស្រី ប៊ុន ចាន់និមល យល់​ថា មតិ​លើក​ឡើង​ពី​ប្រជាជន​ថៃ​ដែល​អភិរក្ស​ជ្រុល​និយម បាន​ធ្វើ​ឲ្យ​ខ្សែភាពយន្ដ វប្បធម៌ ឬ​ទំនៀមទម្លាប់ នៃ​ការ​ស្លៀកពាក់​ជា​ដើម​ដែល​ប្រជាជន​របស់​ប្រទេស​ទាំង​ពីរ​មាន​ស្រដៀង​គ្នា​នោះ ហើយ​ត្រូវ​សិក្សា​ឲ្យ​យល់​ច្បាស់​ពី​ការពិត​លើ​រឿង​មួយៗ​នោះ បែរ​ចោទ​ទៅ​ជា​ការ​លួច​ចម្លង​គ្នា​ទៅ​វិញ។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ដ្រី នៃ​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ខ្សែភាពយន្ដ​ខ្នាត​ធំ​របស់​ថៃ​ដែល​នាំចូល​មក​ចាក់​បញ្ចាំង​នៅ​កម្ពុជា មាន​ប្រមាណ​ជា ២០​រឿង​ក្នុង​១ឆ្នាំៗ។ រីឯខ្សែភាពយន្ដ​ខ្នាត​ធំ​របស់​ខ្មែរ​ដែល​បាន​យក​ចេញ​ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ​វិញ គឺ​មាន​ប្រមាណ​ជា ៥​រឿង​ក្នុង​១​ឆ្នាំៗ។ ដោយ​ផ្អែក​លើ​តួលេខ​នេះ​ហើយ ទើប​ផលិតករ និង​អ្នក​ជំនាញ​លើ​វិស័យ​ភាពយន្ដ​មួយ​ចំនួន បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល ឬ​ក្រសួង​សាមី​របស់​ប្រទេស​ទាំង​ពីរ​មាន​ការ​បើក​ច្រក​កាន់​តែ​ទូលាយ​សម្រាប់​ការ​នាំ​ចេញ ឬ​នាំ​ចូល​ចាក់​បញ្ចាំង​នូវ​ខ្សែភាពយន្ដ​គ្រប់​ទម្រង់​នៅ​ក្នុង​ផ្ទៃ​ប្រទេស​ទាំង​ពីរ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី