ផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង កំពុងអ៊ុតកៅស៊ូ AC ជាបន្តបន្ទាប់ហើយ ខណៈត្រឹមខែឧសភាខាងមុខ នឹងសម្រេចឱ្យបាន ៦០%
- 2024-03-11 07:08:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង កំពុងអ៊ុតកៅស៊ូ AC ជាបន្តបន្ទាប់ហើយ ខណៈត្រឹមខែឧសភាខាងមុខ នឹងសម្រេចឱ្យបាន ៦០%
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះថា មកដល់បច្ចុប្បន្ន គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៤៥,១៧ភាគរយហើយ និងត្រូវសម្រេចឱ្យបាន៦០ភាគរយ នៅរដូវប្រាំងឆ្នាំ២០២៤នេះ គឺត្រឹមខែឧសភា។
ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគម្រោង បានបញ្ជាក់ថា ពេលនេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ការដ្ឋានកំពុងមមាញឹកខ្លាំង ដោយការងារអ៊ុត AC ជាបន្តបន្ទាប់។ នៅរដូវវស្សាឆ្នាំ២០២៤ខាងមុខនេះ នឹងត្រូវធ្វើការងារ Base Course ឱ្យបានជាអតិបរមា និងការងារ Structure ដល់រដូវប្រាំង២០២៥ ត្រូវអ៊ុត AC បញ្ចប់។ ទន្ទឹមនឹងវឌ្ឍនភាព គម្រោងនេះក៏ជួបភាពយឺតយ៉ាវពេលកន្លងមកផងដែរ ដែលកត្តាទាំងនោះបណ្តាលមកពីបញ្ហាកូវីដ-១៩ និងដោយភូមិសាស្ត្រតំបន់នោះ នារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងរយៈពេល៦ខែ ក្នុងមួយឆ្នាំ ដូច្នេះសល់ពេលតែ៦ខែ សម្រាប់ការងារ។
សូមបញ្ជាក់ថា ប្រវែងផ្លូវ ១៤៨ គីឡូម៉ែត្រ ជាទូទៅតម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ(Variation Order) ដែលមានកិច្ចការជាច្រើនក្នុងនោះ៖ ពង្រីកទំហំផ្លូវ ២ គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ , កាត់ចំណោតភ្នំបន្ថែម, កាត់បន្ថយចំណោតផ្លូវបន្ថែម, ពង្រីកពី២គន្លង ទៅ ៤គន្លង នៅ PK84 ជាដើម។ល។
ចំពោះការត្រួតពិនិត្យគុណភាព ក៏មានការតាមដានត្រួតពិនិត្យជាដំណាក់ៗ តាមរយៈក្រុមការងារ PMU PIU និងទីប្រឹក្សាកូរ៉េ។ ឧបករណ៍សម្រាប់ត្រួតពិនិត្យមានដូចជាៈ ម៉ាស៊ីន FWD ប្រភេទធំ ម៉ាស៊ីន LWD ប្រភេទតូច និងម៉ាស៊ីនត្រួតពិនិត្យ Nuclear ។ រាល់ការពិនិត្យរបស់យើងគឺមានលក្ខណៈហ្មត់ចត់ និងលទ្ធផលខ្ពស់ជាងស្តង់ដារកំណត់ និងមានទិន្នន័យតាមដានទាំងអស់ទាំងកាលបរិច្ឆេទ និងចំណុចដែលបានត្រួតពិនិត្យ៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន