CEO TikTok៖ ច្បាប់ហាមឃាត់ TikTok របស់អាមេរិក នឹងប៉ះពាល់​ដល់អាជីវកម្ម និង creator រាប់ពាន់លានដុល្លារ ហើយ​ប្រឈមបាត់ការងារជាង ៣០ម៉ឺននាក់

  • 2024-03-15 09:42:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់សភាអាមេរិក ទើបតែបានអនុម័តច្បាប់​មួយ​ដែល​នឹង​ធ្វើឱ្យ TikTok ត្រូវហាមឃាត់​ប្រើប្រាស់​ក្នុងសហរដ្ឋអាមេរិក នាយកប្រតិបត្តិ TikTok លោក Shou Zi Chew បាន​បង្ហាញក្តីបារម្ភតាមរយៈ​វីដេអូមួយ​ដែលបង្ហោះនៅលើ TikTok និងបណ្តាញ​សង្គម X ថា ច្បាប់នេះ​នឹង​ធ្វើឱ្យប៉ះពាល់ដល់អ្នកបង្កើតមាតិកា និងអាជីវកម្មតូចៗ រាប់ពាន់លានដុល្លារ។

លោកបន្ថែមទៀតថា ច្បាប់នេះ​ក៏នឹង​ធ្វើឱ្យ​ប្រជាជនអាមេរិកជាង ៣០ម៉ឺននាក់​ប្រឈមមុខនឹងការបាត់បង់ការងារផងដែរ។

ជាមួយគ្នានេះ ក្រសួងការបរទេសចិន ក៏បាន​បញ្ចេញប្រតិកម្មទៅនឹង​ការអនុម័តច្បាប់របស់​សភាអាមេរិកនេះផងដែរ ដោយលើកឡើងថា វា​ដើរផ្ទុយពី​គោលការណ៍​ការប្រកួតប្រជែងស្មើភាព និងយុត្តិធម៌។ ទន្ទឹមនឹង​នេះ ក្រសួង​ពាណិជ្ជកម្មចិន អះអាងថា ចិននឹង​ចាត់វិធានការ​គ្រប់យ៉ាងដើម្បីការពារ​សិទ្ធិស្របច្បាប់ និងផលប្រយោជន៍​របស់ខ្លួន។

គួរដឹងថា កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ សភា​អាមេរិកបាន​បោះឆ្នោតអនុម័តច្បាប់មួយ​ដែល​អាច​បិទ​ TikTok ក្នុងប្រទេស ដែល​ទទួលបានសំឡេងគាំទ្រ ៣៥២ ទល់នឹង ៦៥សំឡេង ដោយលើកហេតុផលថា App វីដេអូខ្លីៗ TikTok នេះ អាចលួចទិន្នន័យរបស់ប្រជាជនអាមេរិកឱ្យរដ្ឋាភិបាលក្រុងប៉េកាំង និង​ជាការគំរាមកំហែង​មកលើ​សន្តិសុខអាមេរិក។

តែយ៉ាងណាក៏ដោយ ច្បាប់នេះ​ត្រូវបន្តឡើងទៅដល់ព្រឹទ្ធសភាសិន ដើម្បីធ្វើការបោះឆ្នោតអនុម័តបន្ត និងការចុះហត្ថលេខាពីប្រធានាធិបតីអាមេរិក៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សំភី