ទប់លែងជាប់ ENO ទម្លាយរឿងបំណុលជាង ១០ម៉ឺនដុល្លារ ស្រាប់តែខ្ញុង បង្ហាញអ្នកដឹងច្បាស់ជាងគេរឿងបំណុល
- 2024-03-18 05:06:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទប់លែងជាប់ ENO ទម្លាយរឿងបំណុលជាង ១០ម៉ឺនដុល្លារ ស្រាប់តែខ្ញុង បង្ហាញអ្នកដឹងច្បាស់ជាងគេរឿងបំណុល
ចន្លោះមិនឃើញ
ក្រោយទម្លាយរឿងរ៉ាវជំពាក់បំណុលគេជុំទិស បង្ករឲ្យមានការភ្ញាក់ផ្អើលក្នុងរង្វង់អ្នកសិល្បៈ ស្រាប់តែនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ លោក សាន សុភារិទ្ធ ហៅENO អះអាងថា រូបលោកនៅតែទទួលបានការគោរព ស្រឡាញ់ពីពុមម៉ែបងប្អូន បើទោះបីជាលោកធ្លោយខ្លួនជំពាក់បំណុលគេរហូតដល់ជាង ១០ម៉ឺនដុល្លារ។
ទន្ទឹមគ្នានឹងការស្រែកហ៊ោគាំទ្រ និងហៅឈ្មោះលោកក្នុងកម្មវិធីប្រគំតន្ដ្រីកាលពីយប់មិញ ENO ក៏ទទួលបានការលើកទឹកចិត្ដ និងផ្ដល់ការងារថ្មីក្នុងនាមជា BA របស់ផលិតផលមួយរបស់ភរិយាតារាចម្រៀង កែវ វាសនា ដែរ។ ប៉ុន្ដែត្រង់ថាការគាំទ្រពីមហាជន និងផ្ដល់ឱកាសការងារនៅពេលនេះ អាចជួយដោះបំណុលរបស់លោកកម្រិតណានោះ ក៏លោកមិនទាន់បញ្ជាក់ដែរ ខណៈគេឃើញទាំងឧកញ៉ា និងមិត្ដសិល្បៈដែលធ្លាប់ជួបរឿងរ៉ាវស្រដៀងគ្នានេះបានលើកទឹកចិត្ដ និងផ្ដល់ជាមតិល្អៗ។
ជាក់ស្ដែងតារាកំប្លែងស្រី ស្រេង សុកាន់ដា ហៅខ្ញុង ដែលចាប់តាំងពីធ្លាយរឿងជំពាក់បំណុលគេជុំទិស រហូតមកដល់ឥឡូវក៏នៅមិនទាន់ដោះបំណុលគេអស់នោះ ក៏នៅតែមានម្ចាស់បំពុលនិយាយពេបជ្រាយនាង ហើយរំរុញឲ្យនាងពន្លឿនការសងជាបន្ដបន្ទាប់។ ប៉ុន្ដែតាមរយៈការផ្ទុះរឿងបំណុលរបស់ ENO នៅពេលនេះ ស្រាប់តែនាងខ្ញុង និយាយថា៖ "ហុឹម....ស៊ូបន្តទៀតទៅបង! គ្មានអ្នកណាម្នាក់ចង់បរាជ័យរឿងសេដ្ឋកិច្ចទេ ដូចខ្ញុំអីចឹង ទោះខំរៀបរាប់ប្រាប់ក៏គ្មានអ្នកណាយល់ដែរ។ ចង់អ្នកណាគិតអីក៏គិតហ្នឹងទៅ...សំខាន់យើងដឹងខ្លួនឯងច្បាស់"។
ENO មិនបានឆ្លើយតបយ៉ាងណាចំពោះការលើកឡើងរបស់ខ្ញុង ឡើយ។ ប៉ុន្ដែនៅក្នុងសាច់រឿងដ៏វែងអន្លាយដែលលោករៀបរាប់តាមបណ្ដាញសង្គមកាលពីថ្ងៃទី១៧ ខែមីនា ឲ្យដឹងថា លោកបានរកស៊ីខាតជាប់ៗគ្នាច្រើនឆ្នាំតាំងពីអំឡុងពេលការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ហើយបន្ទាប់មកទៀតសេដ្ឋកិច្ចសកលក៏នៅបន្ដធ្លាក់ចុះ ធ្វើឲ្យមុខរបរលោកក្ស័យធន។ ដើម្បីដោះបំណុលដែលលោកខ្ចីគេយកទៅធ្វើដើមរកស៊ីនោះ លោកក៏បង្ខំចិត្ដចងការប្រាក់គេក្នុងថ្លៃការប្រាក់ខ្ពស់បំផុត ក្នុងនោះក៏មានកម្ចីOnline របស់ចិនដែរ ទើបធ្វើឲ្យលោកកាន់តែធ្លាប់ជ្រៅទៅៗ។
ការដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅចំពោះមុខនេះ លោក សាន សុភារិទ្ធ បានស្នើឲ្យម្ចាស់បំណុលទាំងអស់យកតែប្រាក់ដើមវិញបានហើយ ហើយលោកក៏ត្រូវការពេលវេលាខ្លះដើម្បីរកលុយមកសង ដោយមិនគេចវេសឡើយ។ការរកស៊ីខាងបង់ និងជំពាក់បំណុលគេនេះ បានធ្វើឲ្យលោករស់នៅក្នុងភាពភ័យខ្លាច ដោយម្ចាស់បំណុលខ្លះបានគំរាមប្ដឹងលោក និងចាប់លោកដាក់គុក ក្នុងគ្រាដែលលោកទទួលខុសត្រូវសងប្រាក់ទៅម្ចាស់បំណុលវិញប្រមាណ ១០០០ដុល្លារ ក្នុង១ថ្ងៃៗ។ ប៉ុន្ដែរហូតលោកធ្លាក់ខ្លួនមករស់នៅក្នុងបន្ទប់ជួលគេហើយនេះ ក៏លោកនៅតែទទួលខុសត្រូវលើបំណុលទាំងនោះដែរ ប៉ុន្ដែសុំម្ចាស់បំណុលយោគយល់ទុកពេល និងទទួលយកតែប្រាក់ដើមវិញ៕