សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​សម្រេច​ពិន័យ​ ៣ ចំណុច​ទៅ​លើ​ក្លឹប​វិសាខា

  • 2024-03-20 14:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​វិន័យ និង​សីលធម៌​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ (ហៅ​កាត់​ថា FFC) បាន​សម្រេច​ពិន័យ ៣ ចំណុច​ទៅ​លើ​ក្លឹប​វិសាខា​ទាក់ទង​នឹង​ការ​ប្រកាស​ដើរ​ចេញ​របស់​ក្លឹប​មួយ​នេះ​ពី​ការ​ប្រកួត​ទាំង​អស់​​របស់​លីគ​កំពូល​កម្ពុជា (Cambodian Premier League)។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុកមួយដែល​គួរ​ឲ្យទុក​ចិត្ត​បាន។

វត្តមានរបស់ក្លឹបវិសាខាក្នុងការប្រកួតរបស់ Cambodian Premier League កាល​ពីពេលកន្លង​ទៅ ប្រភព៖ ក្លឹបវិសាខា

បើ​តាម​ប្រភពដដែល FFC ផ្អែក​សេចក្ដី​សម្រេច​ក្នុង​ការ​ដាក់​ពិន័យ​របស់​ខ្លួន ដោយ​យោង​តាម​ក្រុម​វិន័យ​របស់​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) បទ​បញ្ជា​ការ​ប្រកួត​ក្នុង​លីគ​កំពូល​កម្ពុជា ក៏​ដូច​ជា​យោង​តាម​ស្មារតី​​ប្រជុំ​រវាង​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ ជាមួយ​សមាគម​ក្លឹប​ពាក់ព័ន្ធ។ ៣ ចំណុច​នៃ​ការ​ពិន័យ​នេះ​ទៅ​លើ​វិសាខា រួម​មាន៖

ទី​មួយ៖ ពិន័យ​ក្លឹប​វិសាខា​ឲ្យ​ចាញ់​ក្នុង​លទ្ធផល ៣ ទល់​នឹង ០ ក្នុង​ការ​ប្រកួត​ថ្ងៃ​ទី ១០ ខែ​មីនា ឆ្នាំ ២០២៤ ជាមួយ​ក្លឹប​ព្រះខ័នរាជ​ស្វាយរៀង

ទី​ពីរ៖ ពិន័យ​ក្លឹប​វិសាខា «ខ» ឲ្យ​ចាញ់​ក្នុង​លទ្ធផល ៣ ទល់​នឹង ០ ក្នុង​ការ​ប្រកួត​ថ្ងៃ​ទី ៩ ខែ​មីនា ឆ្នាំ ២០២៤ ជាមួយ​ក្លឹប​ខេត្ត​សៀមរាប ក្នុង​លីគ​លំដាប់​ពីរ។

ទី​បី៖ ពិន័យ​ក្លឹប​វិសាខា​ក្នុង​ទឹក​ប្រាក់​ចំនួន ៤ លាន​រៀល និង​សង​ថ្លៃ​ខូច​ខាត​ចំពោះ​ការ​រៀប​ចំ​ការ​ប្រកួត​ទាំង​ពីរ​ខាង​លើ​ដល់​ក្រុមហ៊ុន Cambodian Premier League តាម​ចំនួន​ទឹក​ប្រាក់​ខាត​បង់​ជាក់​ស្ដែង។

សូម​បញ្ជាក់​ផង​ដែរ ក្លឹប​បាល់ទាត់​វិសាខា​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ទាំង​អស់​របស់ Cambodian Premier League កាល​ពី​ដើម​ខែ​មីនា​កន្លង​ទៅ៕

អត្ថបទ៖ សេរី មង្គល