មកដឹង​ពេល​វេលាជាក់លាក់នៃថ្ងៃចូលមហាសង្ក្រាន្ត និង​ថ្ងៃបញ្ចប់ ខណៈចូលឆ្នាំខ្មែរឆ្នាំនេះមានរយៈពេល ៤ថ្ងៃ

  • 2024-03-21 02:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​សេចក្តីណែនាំ​ស្តីពី​ការរៀបចំ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ គ.ស.២០២៤ បាន​ឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ មានរយៈពេល៤ថ្ងៃ ប្រព្រឹត្តទៅតាមដំណើរ​សង្ក្រាន្ត​ដូចតទៅ៖

  • ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ មេសា គ.ស.២០២៤ មហាសង្ក្រាន្ត ម៉ោង ២២:១៧នាទី ២៤វិនាទី ជាថ្ងៃចូលឆ្នាំរោង ឆស័ក។

  • ថ្ងៃអាទិត្យ​ ៦កើត ខែចេត្រ ត្រូវនឹង​ថ្ងៃទី១៤ មេសា គ.ស.២០២៤ ជាវារៈវ័នបត

  • ថ្ងៃចន្ទ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា គ.ស.២០២៤ ជាវារៈវ័នបត្រ

  • ថ្ងៃអង្គារ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ មេសា គ.ស.២០២៤ វេលាម៉ោង ០២ និង ១៥នាទី ០០វិនាទី ជាវារៈឡើងស័ក គម្រប់ ៤ថ្ងៃ សេចបរិបូណ៍ ចូលឆ្នាំរោង ឆស័ក មហាសករាជ ១៩៤៦ ចុល្លសករាជ ១៣៨៦ តទៅ។

​ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ក្រសួង​បានណែនាំ​ឱ្យគ្រប់វត្ត​រៀបចំ​ពិធីបុណ្យសាសនា​តាមវត្តអារាម ស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធី​ពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធី​ស្រោចស្រពសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម។ ក្រសួង​ក៏បាន​ណែនាំឱ្យ​រៀបចំ​លេងល្បែងប្រជាប្រិយនានា​ក្នុងវត្តអារាមដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើម​ស្លឹកឈើ ចត្រង្គ ឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយ​ខែ្មរដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ឆៃយុំា ត្រុដិជាដើម៕

អត្ថបទ៖ សំភី