ស៊ឹម ប៊ុនស្រ៊ន់៖ ការវិលចូលសង្វៀនវិញនេះគ្រាន់តែរំលឹកក្បាច់គុនទេ បើចាប់ជាអាជីពដូចមុននោះអត់កើតទេ
- 2024-03-21 03:54:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ឹម ប៊ុនស្រ៊ន់៖ ការវិលចូលសង្វៀនវិញនេះគ្រាន់តែរំលឹកក្បាច់គុនទេ បើចាប់ជាអាជីពដូចមុននោះអត់កើតទេ
ចន្លោះមិនឃើញ
អតីតអ្នកប្រដាល់គុនចម្រុះ (MMA) ល្បីឈ្មោះរបស់កម្ពុជា និងធ្លាប់បង្ហាញមុខលើសង្វៀន ONE ពីមុនគឺ ស៊ឹម ប៊ុនស្រ៊ន់ នឹងឡើងប្រកួតជាថ្មីនៅសង្វៀន TOWN ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះជាមួយអ្នកប្រដាល់ Lethwei មកពីមីយ៉ាន់ម៉ា។
ស៊ឹម ប៊ុនស្រ៊ន់ បានឲ្យដឹងថា រូបគេឈប់ពីវិស័យប្រដាល់ខ្ទង់ ៨ឆ្នាំមកហើយ ពោលតាំងពីអំឡុងឆ្នាំ២០១៧ មកម្ល៉េះ។ ការវិញចូលសង្វៀនប្រដាល់វិញនេះគឺគ្រាន់តែរំលឹកក្បាច់គុនឡើងវិញកុំឲ្យភ្លេច ណាមួយកាយសម្បទាក៏នៅរៀងល្អមិនទាន់ឡើងទម្ងន់ខ្លាំងណាស់ណាដែរ។
អ្នកប្រដាល់ដើមកំណើតពីខេត្តកំពង់ចាមខាងលើនេះប្រាប់ទៀតថា សម្រាប់ការប្រកួតស្អែកនេះមិនថាឈ្នះ ឬចាញ់ក៏មិនអាចឲ្យខ្លួនចាប់អាជីពនេះជាប់ដូចមុននោះដែរ ព្រោះទី១ វ័យកាន់តែច្រើនមិនដូចក្មេងៗនោះទេ ទី២ មានមុខរបបផ្ទាល់ខ្លួនសព្វថ្ងៃទៅហើយដែលត្រូវមើលជាប្រចាំ។
ម្ចាស់មេដាយសង្វៀន ONE រូបនេះលើកឡើងទៀតថា ការត្រៀមខ្លួនលើកនេះមិនសូវជាបានល្អ ឬជាប់លាប់នោះទេ ដោយសារតែមានការលំបាកខ្លះៗត្រូវមើលរបបរកស៊ីនៅកំពង់ចាម ដូច្នេះបើចង់ហាត់ជាប់ត្រូវឡើងទៅភ្នំពេញវាខាតការងារផ្ទាល់ខ្លួន។ ហេតុនេះហើយមានតែឆ្លៀតៗហាត់នៅកំពង់ចាមផង និងឆ្លៀតមកហាត់នៅភ្នំពេញផង។
ប៊ុនស្រ៊ន់ សូមអរគុណដល់បងប្អូនដែលស្រឡាញ់ចូលចិត្ត និងគាំទ្រខ្លួនកន្លងទៅ។ ប្រសិនបើប្រកួតនេះមិនឈ្នះក្ដីសូមកុំជេរប្រទេចអ្វី ធម្មតាកីឡាករឡើងប្រកួតតែងចង់ឈ្នះហើយ។ រូបគេនឹងខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពចំពោះការប្រកួតស្អែកនេះ។
កីឡាករ ស៊ឹម ប៊ុនស្រ៊ន់ អ្នកប្រដាល់គុនចម្រុះរបស់កម្ពុជាលើប្រភេទទម្ងន់ស្រាលដែលមានកេរ្តិ៍ឈ្មោះល្បីតាំងពី ៨-៩ឆ្នាំមុនពិសេសនៅសង្វៀនអន្តរជាតិ ONE។ រូបគេក៏ជាម្ចាស់ខ្សែក្រវាត់ KWC របស់ស្ថានីយទូរទស្សន៍ CTN ដែលរៀបចំដោយលោក ម៉ា សេរី ផងដែរ។ ស្អែកនេះ ប៊ុនស្រ៊ន់ នឹងប៉ះកីឡាករ Lethwei ណេវ ណេវ (NAW NAW) នៅសង្វៀន TOWN ចាប់ពីម៉ោង ៧យប់តទៅ៕