ខុស​ឈ្មោះថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត ឬភេទ អាច​ទៅសុំកែតម្រូវបាន​នៅទីតាំង​ទាំងនេះ

  • 2024-03-25 07:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​សេចក្តីណែនាំស្តីពី បែបបទ នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជី​អត្រានុកូលដ្ឋាន ចុះកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ​២០២៤ ដោយ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា ទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន​ដែលអាចកែតម្រូវបាន គឺជាទិន្នន័យ​ដែលបានសរសេរខុស ឬភាន់ច្រលំព័ត៌មាន ឬខកខានមិនបានបំពេញព័ត៌មាន (កំហុសបច្ចេកទេស) ដោយមន្រ្តីអត្រានុកូលដ្ឋានឃុំសង្កាត់។ ចុចនេះទីនេះ ដើម្បីអានបន្ថែម

បើតាម​សេចក្តីណែនាំនេះ ឱ្យដឹងថា នីតិវិធីក្នុងការ​កែតម្រូវ​ទិន្នន័យ​ និងមោឃភាព​បញ្ជី​អត្រានុកូលដ្ឋាន បែងចែកជា២​ គឺនៅក្នុងឆ្នាំ​កំពុង​អនុវត្ត និង​នៅក្នុងឆ្នាំកន្លងផុតទៅ។

១-នៅក្នុងឆ្នាំ​កំពុងអនុវត្ត៖ ក្នុងករណី​ពិនិត្យ​ឃើញ​ថា សំបុត្រ​អត្រានុកូលដ្ឋាន​បាន​សរសេរ​ព័ត៌មាន​មួយចំនួន​ខុស ឬមាន​កំហុស​នៅក្នុងបញ្ជីអត្រានុកូលដ្ឋាន សាមីខ្លួន ឬអាណាព្យាបាល​ ឬញាតិជានីតិជន ដែលមាន​ឈ្មោះ​ក្នុងសៀវភៅ​ស្នាក់នៅ​ឬសៀវភៅ​គ្រួសារ​ជាមួយគ្នា អាចដាក់ពាក្យ​សុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជី​អត្រានុកូលដ្ឋាន​ទៅមន្រ្តី​អត្រានុកូលដ្ឋានឃុំ សង្កាត់ នៃទីតាំង​ដែលបានចុះបញ្ជី។

២-​នៅក្នុងឆ្នាំកន្លងផុតទៅ៖ សាមីខ្លួន ឬអាណាព្យាបាល ឬញាតិ​ជានីតិជន​ដែលមានឈ្មោះ​ក្នុងសៀវភៅ​ស្នាក់នៅ ឬសៀវភៅ​គ្រួសារជាមួយគ្នា អាចដាក់ពាក្យ​ទៅមន្រ្តី​អត្រា​នុកូលដ្ឋាន​ថ្នាក់ជាតិ ដើម្បី​ស្នើសុំ​កែតម្រូវទិន្នន័យ ឬមោឃភាព​បញ្ជីអត្រានុកូលដ្ឋាន នៅទីតាំង​ណាមួយ​ដូចខាងក្រោម៖

  • រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៃទីតាំង​ដែលបញ្ជី​អត្រានុកូលដ្ឋាន​របស់សាមីខ្លួន បាន​នឹង​កំពុងរក្សាទុក

  • នាយកដ្ឋាន​អត្រា​នុកូលដ្ឋាន នៃអគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

បន្ទាប់ពី​ទទួល​ពាក្យស្នើសុំ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ត្រូវបញ្ជូន​សំណុំឯកសារ​ពាក់ព័ន្ធ​មករដ្ឋបាល​រាជធានី ខេត្ត យ៉ាងយូរ ៣ថ្ងៃ នៃថ្ងៃការងារ។ រដ្ឋបាល​រាជធានី ខេត្ត ត្រូវបញ្ជូន​សំណុំ​ឯកសារ​ដែលទទួលបាន​ពីរដ្ឋបាល​ ក្រុង ស្រុក ខណ្ឌ មកនាយកដ្ឋាន​អត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ យ៉ាងយូរ ៣ថ្ងៃ នៃថ្ងៃការងារ៕

អត្ថបទ៖ សំភី