មិននិយាយស្ដីរកគ្នារាប់ឆ្នាំ ប៉ុន្តែ សាយ សៀរ៉ា និង នី មុនី្ននាថ នៅតែអាចសម្ដែង​រួម​គ្នាយ៉ាងរលូន

  • 2024-03-26 04:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​រឿង​ដ៏​កម្រ​ក្នុង​វិស័យភាពយន្ដ​ខ្មែរ​ដែល​តួអង្គឯក​ប្រុស និង​តួអង្គឯក​ស្រី​ឈ្លោះ​ប្រកែក អន់ចិត្ដ​មិន​និយាយ​រក​គ្នា​រាប់​ឆ្នាំ ប៉ុន្ដែ​ពួកគេ​នៅ​តែ​អាច​បំពេញ​ការងារ​ថត​បាន​យ៉ាង​រលូន។ ប៉ុន្ដែ​តារា​សម្ដែង សាយ សៀរ៉ា និង​កញ្ញា នី មុនី្ននាថ ធ្លាប់​អន់ចិត្ដ​មិន​និយាយ​រក​គ្នា​ជាង ៣​ឆ្នាំ ប៉ុន្ដែ​អំឡុង​ពេល​មិន​ត្រូវ​គ្នា​នោះ ពួកគេ​ត្រូវ​ថត​រឿង​ជាមួយ​គ្នា​ដោយ​ចៀស​មិន​រួច។

រូបថត៖ ហ្វេសប៊ុក សាយ សៀរ៉ា

តាម​រយៈ​ខ្សែភាពយន្ដ​ភាគ រឿង"រនៀត​ស្នេហ៍" ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ៥ កាល​ពី​អំឡុង​ឆ្នាំ​២០១៨ ពួកគេ​បាន​ជួប​មុខ​គ្នា និង​សម្ដែង​កៀកកើយ​ជាមួយ​គ្នា​ជា​ញឹកញាប់។ ផ្ទុះ​ពី​សកម្មភាព និង​ពាក្យសម្ដី​យ៉ាង​ផ្អែម​ល្ហែម​នៅ​ក្នុង​ការ​សម្ដែង ពេល​ចប់​ឈុត​ម្ដងៗ​ពួកគេ​បាន​គេច​មុខ​ដើរ​ចេញ​តែ​រៀងៗខ្លួន ហើយ​ក្នុង​ចិត្ដ​ម្នាក់​ៗ​តាន​តឹង​ជា​ខ្លាំង ដោយសារ​តែ​មិន​បាន​សម​ប៉ារ៉ូល​ជាមួយ​គ្នា​មុន​ថត​ដូច​ជា​ការ​សម្ដែង​នូវ​រឿង​ផ្សេងៗ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ សាយ សៀរ៉ា។

លោក សាយ សៀរ៉ា បាន​រំលឹក​រឿងរ៉ាវ​របស់​ខ្លួន​តាម​រយៈ​sabay នៅ​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០២៤ ថា រូប​លោក និង​កញ្ញា នី មុន្នីនាថ ធ្លាប់​រួម​ការងារ​ពិធីករ-ពិធីការិនី​ជាមួយ​គ្នា សម្ដែង​រួម​គ្នា​ទាំង​ភាពយន្ដ និង​ចម្រៀង​ខារាអូខេ​ជាច្រើន។ នៅ​ថ្ងៃ​មួយ​រូប​លោក និង​តារា​ស្រី​ម្នាក់​នេះ​បាន​និយាយ​ទាក់​ពាក្យ​សម្ដី​គ្នា​បន្ដិចបន្ដួច ហើយ​ក៏​ប្រកាន់​យក​ត្រូវ​រៀង​ៗ​ខ្លួន ទើប​អន់ចិត្ដ​មិន​និយាយ​រក​គ្នា​ជាង ៣​ឆ្នាំ។

សាយ សៀរ៉ា៖ "កាល​ថត​ហ្នឹង ខ្ញុំ​នៅ​ប្រកាន់​ថា​ទោះ​យ៉ាង​ណា​ក៏​ដោយ​យើង​កុំ​យក​រឿង​ផ្ទាល់​ខ្លួន​មក​ឡូកឡំ​ជាមួយ​ការងារ ហើយ​ខ្ញុំ​ក៏​ធ្វើ​ការជាមួយ​គាត់(នាថ)ធម្មតា ហើយ​អត់​ឲ្យ​ក្រុម​ការងារ​ដឹង​ទេ គឺ​ដឹង​តែ​ថៅកែ​ទេ ហើយ​ពេល​ធ្វើ​ការ​ធ្វើ​ដោយ​រលូន...សាច់​រឿង​ត្រូវ​ចាប់​ដៃ​ចាប់​ដៃ ត្រូវ​ឱបៗ ត្រូវ​ថើបៗ តែ​នៅ​ពេល​ដែល​យើង​ថត​ចប់​នៅ​scene ហ្នឹង​ភ្លាម​អត់​និយាយ​រក​គ្នា យើង​ទៅ​អង្គុយ​ផ្សេង​ៗ​គ្នា"។

ទោះ​ជា​យ៉ាង​ណា សព្វថ្ងៃ​នេះ​រូប​លោក និង នី មុន្នីនាថ បាន​និយាយ​ស្ដី​រក​គ្នា​ជា​ធម្មតា ហើយ​កាន់​តែ​គោរព ស្រឡាញ់​រាប់​អាន​គ្នា​លើស​ពី​មុនៗ។ ជាក់ស្ដែង​រូប​លោក និង​មុន្នីនាថ បាន​ចូល​រួម​សកម្មភាព​សប្បុរសធម៌​ជាមួយ​គ្នា​តាម​រយៈ​ការ​ចែកអំណោយ និង​បរិច្ចាគឈាម ព្រម​ទាំង​បាន​ចូល​រួម​ជាមួយ​សិល្បករ-សិល្ប​ការិនី​ជាង ១០០​នាក់ បំផុស​គំនិត​ជួយ​សង្គម​តាម​រយៈ​ការ​បង្ហាញ​តំបន់​ទេសចរណ៍​សំខាន់ៗ​នៅ​លើ​ទឹកដី​អង្គរ ខេត្ដ​សៀមរាប កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ទៀត​ផង៕

ជិន សុភ័ក្ដ្រ