Sabay និង Major Cineplex រៀបចំ​កម្មវិធី​សប្បុរសធម៌ផ្តល់ឈាម ដើម្បីជួយ​សង្គ្រោះ​អ្នកជំងឺ​ដែល​ត្រូវការឈាម​ចាំបាច់រៀងរាល់ថ្ងៃ

  • 2024-03-26 08:18:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៤ ក្រុមហ៊ុន Sabay Digital បាន​សហការជាមួយ Major Cineplex by Smart រៀបចំ​កម្មវិធី​សប្បុរសធម៌​ផ្តល់ឈាម​ ក្រោមប្រធានបទ «បរិច្ចាគឈាមសង្គ្រោះ​ជីវិត» ធ្វើឡើង​នៅ​រោងភាពយន្ត​ Major Cineplex សាខាអ៊ីអន១ ដោយមានអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមយ៉ាងច្រើនកុះករ។

ការរៀបចំនូវកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមដែល​តែងតែធ្វើឡើង​ជារៀងរាល់ឆ្នាំនេះ ក្នុងគោលបំណងចូលរួមចំណែកក្នុងការកិច្ចការងារជួយសង្គម ក៏ដូចជាការចូលរួមចំណែកក្នុងការបំពេញ ធនាគារឈាម​នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបាននឹងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ។

គោលដៅសំខាន់​នៃការបរិច្ចាគឈាម​គឺ ដើម្បី​បង្កើតទម្លាប់នឹងវប្បធម៌នៃការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត និងជំរុញ​លើកកម្ពស់​ឲ្យយុវជន ប្រជាជន​ទូទៅ ចូលរួម​ធ្វើសកម្មភាព​ជាមួយ​សេវាកម្មជាតិ​ផ្តល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្គត់ផ្គង់​ឈាមគ្រប់គ្រាន់​សម្រាប់អ្នកជំងឺ​ដែលកំពុងត្រូវការឈាម​នៅគ្រប់មន្ទីរពេទ្យ​ទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ឬ សាសនា ប្រកបដោយស្នាមញញឺម។

គួរដឹងថា  ជារៀងរាល់ ៥នាទីម្ដង កម្ពុជាត្រូវការឈាម ១ប្លោក ហើយតម្រូវការប្រចាំថ្ងៃ មានចន្លោះពី៣០០ទៅទៅ៤០០ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្ស។ នេះបើតាម​ការលើកឡើង​របស់​លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយក​មជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម​ កាលពីពេលកន្លងទៅ។

ការបរិច្ចាគឈាមបានត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាពទេ មានទំាងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាព ដូចជា ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការលើសទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល៕