ឆ្នាំនេះបុណ្យភូមិរបស់យើង ធ្វើនៅវត្តណា!! តោះមកដឹងអាថ៌កំបាំងទាំងអស់គ្នា!!!

  • 2024-03-27 04:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារៀងរាល់ឆ្នាំ អាថ៌កំបាំងដែលមហាជនចង់ដឹងមុនគេពីមហោស្រពសិល្បៈ បុណ្យភូមិនោះគឺ តើបុណ្យភូមិនឹងរៀបចំ នៅទីតាំងណា!! មហោស្រពសិល្បៈ បុណ្យភូមិ ដែលនាំមកនូវសិល្បៈ របាំ ល្បែងប្រជាប្រិយខ្មែរ ក្រាលកន្ទេលមើលល្ខោន នាឆ្នាំនេះគឺ បានរើសទីតាំងពិសេសមួយ ដែលបងប្អូនទាំងអស់គ្នារីករាយ និងមិនអាចបំភ្លេចបាន។ ប៉ុន្តែមុននឹងជម្រាបជូន យើងក្រឡេកមកមើលទីតាំង​ ទាំង១០ ដែលបុណ្យភូមិបានរៀបចំកន្លងមក។

-ឆ្នាំ២០១៤ បុណ្យភូមិបានរៀបចំនៅក្នុងវត្ត «ព្រែកថ្លឹង» ជាឆ្នាំកកើតដំបូងរបស់បុណ្យភូមិ ដោយកើតចេញពីយុវជន៤រូប មានគំនិតចង់នាំអ្នកស្រុកមកក្រាលកន្ទេលមើល ល្ខោន ព្រោះចង់រំលឹកទម្លាប់អតីតកាលដ៏ផូរផង់របស់ខ្មែរ ក្រាលកន្ទេលមើលល្ខោនជាមួយចាស់ទុំ ហើយ ពេលខ្លះដល់ថ្នាក់គេងអោយល្ខោនមើលវិញទៀតផង។ គំនិតនេះបានរីកសុះសាយ រហូតដល់ទទួលបានជោគជ័យ និង មានការគាំទ្រជាខ្លាំង។

-ឆ្នាំ២០១៥ បុណ្យភូមិបានរៀបចំនៅក្នុងវត្ត «ព្រែកថ្លឹង» ដដែល បន្ទាប់ពីភាពជោគជ័យនៃបុណ្យភូមិ២០២៤។ បុណ្យភូមិក៏បានរៀបចំឡើងសារថ្មីដោយរំលឹកពីអនុស្សាវរីយ៍ឆ្នាំមុន ហើយក៏មានបញ្ចូលជាមួយនឹងទម្រង់សិល្ប:ខ្មែរ ការលេងល្បែងប្រជាប្រិយ។ ឆ្នាំនោះហើយគឺជាការកកើត នៃឡេឡេបុណ្យភូមិ «យុវជនស្ម័គ្រចិត្ត» ព្រមទាំងផ្កាយបុណ្យភូមិដ៏ធំផងដែរ។

-ឆ្នាំ២០១៦ បុណ្យភូមិរៀបចំនៅក្នុងវត្ត «ជ្រោយអំពិល» គំនិតក្រាលកន្ទេលមើលល្ខោនបានបណ្តុះឡើងនៅក្នុងឆ្នាំនោះ។ យើងចាំបានថាបទចម្រៀងបុណ្យភូមិដែលមានចំណងជើងថា «ឆឺត ឆឺត បុណ្យភូមិ» ដែលមាន «យាយកន្តែរ៉ែ» បានធ្វើអោយមហាជនបានស្គាល់កាន់តែច្បាស់ថាអ្វីទៅជាល្ខោនខោល ដែលកន្លង មកអ្នកដែលមិនទាន់យល់ច្បាស់ពីល្ខោនខោលតែងតែរិះគន់ចំពោះការសម្តែងសិល្ប:បុរាណដោយយកប្រុស ទៅសម្តែង។ ល្ខោនខោលបានល្បីសុះសាយយ៉ាងខ្លាំងនាពេលនោះតាមរយ:ការផ្សព្ធផ្សាយរបស់បុណ្យភូមិ។

-ឆ្នាំ២០១៧ បុណ្យភូមិរៀបចំនៅក្នុងវត្ត «ទួលក្រសាំង» បន្ទាប់ពីមានការផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងឆ្នាំ២០១៦ ជាមួយនឹងបទចម្រៀងបុណ្យភូមិ ធ្វើអោយមហាជន ត្រៀមខ្លួនមកដើរកម្សាន្តក្នុងឆ្នាំ២០១៧។ បុណ្យភូមិពង្រីកវិសាលភាពរបស់ខ្លួនដោយរៀបចំនូវទីតាំងធំជាមុន ឆាកសម្តែងសិល្ប:ធំជាងមុន និង ការកម្សាន្តធំជាងមុន។ ក្រឡេកមកមើលចំនួនអ្នកគាំទ្រក៏អញ្ចើញចូលរួម យ៉ាងច្រើន ដែលបង្ហាញថាបុណ្យភូមិបានចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងការផ្សព្ធផ្សាយពីវប្បធម៌ សិល្ប: ប្រពៃណីខ្មែរ។

-ឆ្នាំ២០១៨ បុណ្យភូមិរៀបចំនៅក្នុងវត្ត «គោកអម្ពិល» រយ:ពេល៥ឆ្នាំបុណ្យភូមិបានផ្សព្ធផ្សាយដល់មហាជន យ៉ាងជោគជ័យពីសិល្ប:ប្រពៃណី បុរាណ និង ទំនៀមទំលាប់ខ្មែរ។ បុណ្យភូមិជឿជាក់ថាក្រៅពីការថែរក្សា អភិរក្ស ការអភិវឌ្ឈន៍ក៏ត្រូវដើរទន្ទឹមគ្នាផងដែរ។ បុណ្យភូមិបាននាំមកនូវការសម្តែងConcertលើកដំបូង ដែលជាស្នាដៃនិពន្ធ និង ផលិតដោយកូនខ្មែរ បន្ថែមពីលើការក្រាលកន្ទេលទស្សនាល្ខោន។

-ឆ្នាំ២០១៩ បុណ្យភូមិរៀបចំនៅក្នុងវត្ត «ព្រះធាតុ» បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងការផ្សព្ធផ្សាយទំរង់ល្ខោន ដូចជា ល្ខោនខោល ល្ខោនយីកេ និង របាំប្រជាប្រិយជាច្រើនមក បុណ្យភូមិបានលើកឡើងនូវចាប៉ីដងវែង ដែលជាឧបករណ៍តន្រ្តីខ្មែរ អោយមហាជនបានស្គាល់។ ក្នុងនោះផងដែរបុណ្យភូមិក៏បានលើកឡើងនូវសម្បត្តិបេតិភណ្ឌជាតិរបស់ខ្មែរ ទាំង១០មកបង្ហាញផងដែរ។

-ឆ្នាំ២០២០ បុណ្យភូមិរៀបចំនៅក្នុងវត្ត «កៀនស្វាយក្នុង» ឆ្នាំ២០២០ ជាពេលវេលាមួយដែលកម្ពុជា និង ពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ បើទោះបីជា យ៉ាងណាផ្កាយបុណ្យភូមិនៅតែរះ ដោយបុណ្យភូមិបានធ្វើការសម្តែងនិង ចាក់ផ្សាយតាមរយ:ប្រព័ន្ធអនឡាញ ព្រមទាំងបានផ្ញើសារដល់អ្នកស្រុកបុណ្យភូមិចូលរួមថែរក្សាសុវត្ថិភាព និង សុខភាពដើម្បីត្រៀមទទួលនូវ ទេវតាឆ្នាំថ្មី។

-ឆ្នាំ២០២១ បុណ្យភូមិរៀបចំ «Online» បុណ្យភូមិបាននាំមហាជនអោយស្គាល់ពីភាពទំនើបនៃពិភពលោក ដោយបានរៀបចំនិងផ្សព្ធផ្សាយតាមរយ: ប្រព័ន្ធអនឡាញ។ ណាមួយភាពអូសបន្លាយនៃហានិភ័យជំងឺកូវីដ១៩ នៅមិនទាន់បញ្ចប់។ យ៉ាងណាមិញ បុណ្យភូមិបានផ្តល់នូវអារម្មណ៍រីករាយ បើទោះបីជាអ្នកស្រុកបុណ្យភូមិកំពុងតែនៅផ្ទះដើម្បីសុវត្ថិភាព។ ការធ្វើបែបនេះគឺ ស្របទៅនឹងការដើររបស់ពិភពលោក ដែលនាពេលនោះការកម្សាន្តជាច្រើនបានធ្វើឡើងតាមអនឡាញ។

-ឆ្នាំ២០២២ បុណ្យភូមិរៀបចំ «វត្តស្វាយអណ្តែត» និង «Factory Phnom Penh» ជាភាពសប្បាយរីករាយមួយដែលបុណ្យភូមិបានត្រលប់មកវិញ នឹងជួបជាមួយមហាជនដោយផ្ទាល់។ កន្លងមកបុណ្យភូមិធ្វើនៅតំបន់ជាយក្រុង ប៉ុន្តែនៅឆ្នាំ២០២២ ជាឆ្នាំដំបូងដែលបុណ្យភូមិសម្រេចលើកពិធីរបស់ ខ្លួនមកនៅកណ្តាលទីក្រុង ព្រោះថាបុណ្យភូមិ គឺសម្រាប់គ្រប់គ្នា និងគ្រប់ទីកន្លែង។ បុណ្យភូមិបានបង្កើនថ្ងៃ រៀបចំដោយច្រើនជាងមុន និង អស្ចារ្យបន្ថែមទៀត។

-ឆ្នាំ២០២៣ បុណ្យភូមិរៀបចំ «វត្តភ្នៀតសិម្ពលី» «Factory Phnom Penh» និង «ផ្សារទំនើបជីបម៉ុង ២៧១» ភាពអស្ចារ្យនៃដំណើរការយ៉ាងជោគជ័យរយ:ពេល១០ឆ្នាំមកនេះ បុណ្យភូមិបានផ្សព្ធផ្សាយពីសិល្ប: ប្រពៃណីខ្មែរ ហើយក៏មានប្រជាជន ជាពិសេសយុវជនបានចាប់អារម្មណ៍យ៉ាងខ្លាំងនូវវប្បធម៌ដ៏ផូរផង់ ដែលខ្លួនមាន។ បុណ្យភូមិចង់អោយពិធីនេះក្លាយជា មហោស្រពសិល្បៈដ៏ពិសេសមួយដែលមានរៀបចំច្រើនទីតាំង និងរីករាយនូវទម្រង់សិល្ប:ខ្មែរតាមបែបទម្រង់ផ្សេងៗគ្នា។ បុណ្យភូមិបានរៀបចំ១០ថ្ងៃ ដោយចែកចេញជាបីសប្តាហ៍ផ្សេងៗគ្នា។

ដោយឡែក បុណ្យភូមិ២០២៤ នឹងរៀបចំឡើងនៅថ្ងៃទី ០៥ ០៦ ០៧ ខែមេសា ២០២៤ ជាមួយនឹងសកម្មភាព ទស្សនីយភាព ការដាក់តាំងបង្ហាញស្នាដៃសិល្បៈ ផ្សេងៗជាច្រើន ហើយសម្រាប់ទីតាំង សុំទុក surprise អ្នកស្រុកបុណ្យឆាប់ៗនេះ កុំទាន់ប្ដូរប៉ុស្ដិ៍ទៅណាណា បន្តតាមដានបណ្តាញសង្គមផ្លូវការរបស់បុណ្យភូមិ សម្រាប់មាតិកានិងព័ត៍មានថ្មីៗពីបុណ្យភូមិ២០២៤។