Ronaldo មានតម្លៃខ្លួនត្រឹម ១៥លានអ៊ឺរ៉ូ ក្នុងវ័យក្បែរ៤០ឆ្នាំ

  • 2024-03-27 11:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ Cristiano Ronaldo មានតម្លៃខ្លួនត្រឹម ១៥លានអ៊ឺរ៉ូប៉ុណ្ណោះ ខណៈកីឡាករនេះមានវ័យ៣៩ឆ្នាំ ក្នុងឆ្នាំនេះ។ បើតាមស្ថិតិរបស់ Transfermarkt ក្រោយធ្វើបច្ចុប្បន្នភាពទីផ្សារកីឡាករកាលពីពេលថ្មីៗនេះ។

កីឡាករនេះបានរក្សាតម្លៃខ្លួន ១៥លានអ៊ឺរ៉ូនេះបានជាង ២រដូវកាលហើយ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣ មកទល់នឹងពេលនេះ​ដោយ​នេះ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ​សម្រាប់​កីឡាករ​ដែល​មាន​វ័យ​ក្បែរ​៤០ឆ្នាំ​បែប​នេះ​ ព្រោះ​តែ​ជា​ធម្មតា​នោះ​ទេ​នៅ​ក្នុង​វិស័យ​បាល់ទាត់​កីឡាករ​មាន​វ័យ​បែប​នេះ​តែង​តែ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​របួស​នៅ​លើ​ទីលាន​ប្រកួត​ក៏​ដូច​ជា​ទីលាន​ហ្វឹកហាត់​។

មួយ​ទៀត​វ័យ​កាន់​តែ​ច្រើន​ជា​ពិសេស​ចាប់​វ័យ​៣៥ឆ្នាំ​ឡើង​ទៅ​កីឡាករ​ជា​ទូ​ទៅ​នឹង​ធ្លាក់​ទម្រង់​លេងឬ​ក៏​ទម្រង់​លេង​មាន​ការ​ថមថយ​​ព្រោះ​តែ​កាយ​សម្បទា​ចាប់​ផ្ដើម​ធ្វើ​ការ​ធ្លាក់​ចុះ​ ដូច្នេះ​ហើយ​កីឡាករ​មួយ​ចំនួន​ធំ​រៀប​ចំ​ខ្លួន​ចូល​និវត្តន៍​នៅ​ក្នុង​វ័យ​ក្បែរ​ ឬ​ក៏​នៅ​ពេល​វ័យ​៤០ឆ្នាំ​ឡើង​បែប​នេះ​។

យ៉ាង​ណា​ចំពោះ​ Ronaldo ទោះ​ក្នុង​វ័យ​ក្បែរ​៤០ឆ្នាំ​ទៅ​ហើយ​ក្ដី​ប៉ុន្តែ​កីឡាករ​នេះ​ធ្លាប់​លើក​ឡើង​ក្នុង​ការ​សម្ភាសន៍​មួយ​ចំនួន​ថា​ គេ​មិន​ចង់​ចូល​និវត្តន៍​នៅ​ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ​ ដោយ​គេ​នឹង​​សម្រេច​ចិត្ត​ចូល​និវត្តន៍​ប្រហែល​នៅ​ក្នុង​ពេល​ ៣-៥ឆ្នាំ​ ប៉ុន្តែ​គេ​ធ្លាប់​លើក​ឡើង​ជា​ច្រើន​ដង​ដោយ​ចង់​នៅ​លេង​បាល់ទាត់​បន្ត​ទៀត​។

តម្លៃខ្លួនខ្ពស់បំផុតរបស់ Ronaldo នៅអាជីពបាល់ទាត់របស់ខ្លួនគឺឡើងរហូតទៅដល់ ១៣៦លានដុល្លារ នៅឆ្នាំ២០១៤ ឆ្នាំ២០១៥ និងឆ្នាំ២០១៨ កាលនៅលេងឲ្យ Real Madrid ប៉ុន្តែក្រោយមកក៏ចាប់ផ្ដើមធ្លាក់ ក្រោយវ័យរបស់គេកាន់តែច្រើន។ ទោះបីតម្លៃខ្លួនរបស់គេត្រឹម ១៥លានអ៊ឺរ៉ូប៉ុន្តែប្រាក់ពលកម្មរបស់ Ronaldo នៅ Al Nassr ត្រូវបានគេដឹងថាទទួលបាន ៤.‌១លានដុល្លារក្នុង ១សប្ដាហ៍។

Ronaldo ត្រូវ​បាន​គេ​ចាត់​ស្ថិត​ក្នុង​កំពូល​វីរបុរស​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។ អ្នកគាំទ្រ​បាល់ទាត់​ទូទាំង​ពិភព​លោក​សុទ្ធ​តែ​ទទួល​ស្គាល់​ពី​សមត្ថភាព​កីឡាករ​រូប​នេះ​។ កីឡាករ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ការ​តស៊ូ​ខ្ពស់​ក្នុង​អាជីព​ជា​អ្នក​បាល់ទាត់​នេះ​តាំង​ពី​វ័យ​ក្មេង​មក​។

កីឡាករ​រូប​នេះ​បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្គាល់​ពី​សមត្ថភាព​របស់​គេ​នៅ​ពេល​គេ​លេង​ឲ្យ​ក្លឹប​ Manchester United និង​ក្រោយ​មក​គឺ​ Real Madrid ចន្លោះ​ពី​ឆ្នាំ​២០០៣-២០១៨ ជា​ពិសេស​គឺ​ឆ្នាំ​២០០៧-២០១៨ គឺ​ពេល​ដែល​គេ​ពេញ​ឡើង​ជើង​ខ្លាំង​។

Ronaldo ចូល​ក្នុង​វិស័យ​បាល់ទាត់​តាំង​ពី​ឆ្នាំ​២០០២មក​ដោយ​ចូល​លេង​បាន​ ១,០១១ប្រកួត​ និង​ស៊ុត​ចូល​ ៧៥៧គ្រាប់​។ នៅ​ក្នុង​ជីវិត​ជា​កីឡាករ​បាល់ទាត់​គេ​បាន​ឈ្នះ​ពាន​តូច​ធំ​អស់​ហើយ​ដូច​ជា​ ពាន​ Ballon D'or ពាន​ UEFA Champions League ពាន​លីគ​កំពូល​ និង​ពាន​នានា​លើក​លែង​តែ​ពាន​ FIFA World Cup ប៉ុណ្ណោះ​ដែល​កីឡាករ​នេះ​នឹង​មិន​អាច​យក​៕

ប្រភព៖ transfermarkt   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម