ពិធី​ប្រណាំង​រទេះសាឡីគោលឿន នឹងធ្វើឡើង​នៅខេត្តកំពង់ស្ពឺ ដើម្បីអបអរចូលឆ្នាំខ្មែរ!

  • 2024-03-29 02:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរពិធីបុណ្យ​ចូលឆ្នាំខ្មែរខាងមុខនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បាន​សហការ​ជាមួយ​សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ រដ្ឋបាល​ស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ប្រារព្ធ​ពិធី​ប្រណាំង​រទេះសាឡីគោលឿន ឆ្នាំ​២០២៤ ធ្វើឡើង​នៅថ្ងៃទី៧ ខែមេសា វេលាម៉ោង ៨ព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង។

ពិធីនេះ​ ប្រារព្ធឡើង​ក្នុងគោលបំណង​ចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយ​ឱ្យកាន់តែទូលំទូលាយស្របតាមបរិបទ​នៃសង្គមបច្ចុប្បន្ន នូវប្រពៃណី​ប្រណាំង​រទេះ​សាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបាន​បន្សល់ទុកជាយូរណាស់មកហើយ។

បើតាម​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បាន​ឱ្យដឹងថា តាមការសិក្សា​អំពីប្រវត្តិនៃពិធីនេះ គឺដើមឡើយ​រទេះសាឡីគោ ប្រើប្រាស់​សម្រាប់​តែដឹកជញ្ជូន​បណ្ណាការ​ក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូន​លោកយាយ លោកតា ចូលរួម​ក្នុងពិធី​អាពាហ៍ពិពាហ៍ពិធីបុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗទៀតប៉ុណ្ណោះ។ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្តួចផ្តើមគំនិត​បង្កើត​ពិធីប្រណាំងរទេះសាឡីគោនេះ​នៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរ​មុនពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិដែលនឹងឈានចូលមកដល់៕

អត្ថបទ៖ សំភី