អតីតកីឡាករជម្រើសជាតិលោកតា សោម សារ៉ន៖ កីឡាជួយឲ្យយើងកាត់បន្ថយថ្នាំពេទ្យបានច្រើនណាស់
- 2024-04-01 03:58:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតកីឡាករជម្រើសជាតិលោកតា សោម សារ៉ន៖ កីឡាជួយឲ្យយើងកាត់បន្ថយថ្នាំពេទ្យបានច្រើនណាស់
ចន្លោះមិនឃើញ
អតីតកីឡាករជម្រើសជាតិកីឡាបាល់ទាត់ លោកតា សោម សារ៉ន ថាសុខភាពគឺមានសារសំខាន់ណាស់ ដូច្នេះការលេងកីឡាបានជួយសុខភាព និងកាត់បន្ថយការប្រើប្រាស់ថ្នាំពេទ្យបានច្រើន។
លោកតា សោម សារ៉ន បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតបាល់ទាត់វ័យចាស់ថា ពិតជាសប្បាយរីករាយជាខ្លាំងក្រោមការដឹកនាំក្រុមរបស់ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ ដែលបានយកចិត្តទុកដាក់ និងដឹកនាំក្រុមបាល់ទាត់វ័យចាស់ប៉េងហួត នេះរក្សាបានរហូតតាំងពីឆ្នាំ២០១៥ ដល់ពេលបច្ចុប្បន្ន។
លោកតាវ័យ ៧៦ឆ្នាំ ខាងលើបន្ថែមទៀតថា ក្រុមនេះបង្កើតឡើងដើម្បីចងក្រងអ្នកបាល់ទាត់ជំនាន់មុនដូចជាជំនាន់ឆ្នាំ១៩៦០-៧០-៨០ និងឆ្នាំ១៩៩០ ជាដើមឲ្យបានជួបជុំលេងបាល់ជាមួយគ្នា បង្កើនចំណងមិត្តភាព និងដើម្បីឲ្យមានសុខភាពល្អបន្តទៀត។ ការលេងកីឡាគឺមានសារសំខាន់ណាស់ចំពោះមនុស្សម្នាក់ៗធ្វើឲ្យរាងកាយរឹងមាំ ជម្នះពីជំងឺបានច្រើន ពិសេសនោះគឺសុខភាពល្អកាត់បន្ថយការប្រើប្រាស់ថ្នាំពេទ្យនានា។ ហេតុនេះហើយមា្នក់ៗគួរតែងាកមកហាត់កីឡាឲ្យបានច្រើន ព្រោះបើសុខភាពមិនល្អហើយពិបាកហ្នឹងធ្វើកិច្ចការអ្វីឲ្យប្រសើរណាស់។
បញ្ជាក់ដែរថា ក្រុមបាល់ទាត់វ័យចាស់ប៉េងហួត ប្រធានក្រុម និងជាអ្នកដឹកនាំក្រុមទាំងមូលដោយឯកឧត្ដម ម៉ៅ ហាវណ្ណាល់។ ក្រុមនេះបង្កើតឡើងតាំងពីឆ្នាំ២០១៥ រហូតដល់ពេលបច្ចុប្បន្ន។ ជាទូទៅក្រុមបាល់ទាត់វ័យចាស់នេះតែងតែលេងនៅថ្ងៃសៅរ៍-អាទិត្យ ក្នុងទីលានបាល់ទាត់បុរីប៉េងហួត បឹងស្នោ។ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ខាងលើនេះបានរៀបចំការប្រកួតមិត្តភាពរវាងក្រុមទាំងមូលដើម្បីជួបជុំ និងអបអរសាទរពិធីចូលឆ្នាំប្រពៃណីខ្មែរ៕