ថ្ងៃ​នេះ​បើក​កាមេរ៉ា​ថត​ខ្សែ​ភាពយន្ដ​ថ្មី ហ៊ុយ យ៉ាឡេង បង្ហើប​ថា​មាន​ទឹកមាត់​លេប​ម្ដង​ទៀត

  • 2024-04-01 07:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ ហ៊ុយ យ៉ាឡេង បាន​បើក​កាមេរ៉ា​ថត​ខ្សែ​ភាពយន្ដ រឿង "កុំ​ស្លាប់" នៅ​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ហើយ​ក្រោយ​ធ្វើ​ពិធី​ក្រុង​ពាលី​នៅ​ទី​គោរព​សក្ការបូជា នៃ​ព្រះអង្គ​ដងកើ រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី៣១ ខែ​មីនា។ រឿង​ដែល​គ្រោង​ចាយ​ទុន​ប្រមាណ ៥​ម៉ឺន​ដុល្លារ​នេះ នឹង​ដំណើរការ​ថត​ចន្លោះ​ពី ៤ ទៅ៥ខែ ដោយ​មាន​តារា​ល្បីៗ​មួយ​ចំនួន​ចូល​រួម​ផង​ដែរ។

រូបថត៖ ហ្វេសប៊ុក ហ៊ុយ យ៉ាឡេង

ខ្សែភាពយន្ដ​ដែល​មាន​ន័យ​អប់រំ និង​បង្ហាញ​ពី​ជីវិត​ពិត​ក្នុង​សង្គម​ស្រដៀង​គ្នា​នេះ ត្រូវ​បាន​លោក ហ៊ុយ យ៉ាឡេង ធ្វើ​បាន​ជោគជ័យ​ម្ដង​ហើយ គឺ​រឿង "ដើម្បី​កូន"។ រីឯ​រឿង "កុំស្លាប់" នេះ ក៏​លោក​មាន​ជំនឿ​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដែរ បើ​ទោះ​បី​ជា​ក្នុង​វិស័យ​ភាពយន្ដ​កំពុង​តឹងតែង​ប៉ុណ្ណា​ក៏​ដោយ ដោយ​លោក​ប្ដេជ្ញា​ថា​នឹង​ខំ​កសាង​កិត្ដិយស​ជូន​ម៉ែ និង​ជាតិ​ឲ្យ​បាន។

តាម​រយៈ​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ច្រើន​ស្ថាប័ន​នៅ​ថ្ងៃ​ធ្វើ​ពិធី​ក្រុង​ពាលី លោក ហ៊ុយ យ៉ាឡេង បញ្ជាក់​ថា រូប​លោក និង​ក្រុម​ការងារ​បាន​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ទាក់ទង​នឹង​អ្នក​មាន​វិបត្ដិផ្លូវចិត្ដ​ដែល​មួយ​ចំនួន​ពួកគាត់​ជ្រើសរើស​យក​ផ្លូវ​ធ្វើ​បាប​ខ្លួន​ឯង និង​ខ្លះ​រត់​ឡើង​លើ​ស្ពាន​ជ្រោង​ចង្វា​សម្រាប់​ខ្លួន​ជា​ដើម ដើម្បី​បង្កើត​ចេញ​ជា​ខ្សែភាពយន្ដ​អប់រំ​មួយ​បង្ហាញ​ពី​ជីវិត​ពិត​របស់​យុវវ័យ​ដែល​គិត​ខ្លី។

បើ​តាម​លោក ហ៊ុយ យ៉ាឡេង បច្ចុប្បន្ន​លោក​មាន​ខ្សែ​ភាពយន្ដ​ចំនួន ២​នៅ​ក្នុង​ដៃ​ដែល​ត្រូវ​ថត​បន្ដ​បន្ទាប់​គ្នា។ បើ​ទោះ​បី​ជា​ដំណើរ​ការ​ផលិត នឹង​ប្រឈម​នឹង​ការ​ខ្វះខាត​ថវិកា​បន្ដិច​បន្ដួច​ទៀត ក៏​ប៉ុន្ដែ​នឹង​រុល​ឲ្យ​បាន​ចប់​ទៅ​តាម​ការ​គ្រោង​ទុក ពោល​គឺ​ខ្សែភាពយន្ដ រឿង "កុំ​ស្លាប់" គ្រោង​ចាក់​បញ្ចាំង​នៅ​តាម​រោង​នា​ដើម​ខែ​កក្កដា ឆ្នាំ​២០២៤។ ទន្ទឹម​គ្នា​នេះ​លោក​ក៏​ចង់​ឃើញ​ហ្វេនៗ​របស់​លោក ជា​ពិសេស​យុវវ័យ​ដែល​ធ្លាប់​ជួប​វិបត្ដិ​ផ្សេងៗ​ក្នុង​ជីវិត នឹង​គាំទ្រ​ដល់​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ជីវិត​នេះ៕

ជិន សុភ័ក្ដ្រ