គូបែកខ្លោចផ្សា គូផ្សះផ្សាកំពុងមានក្ដីសុខ! តារា ២ដួង ដាច់ចិត្ដទម្លាយរឿងរ៉ាវក្នុងគ្រួសារ នៅដើមឆ្នាំ២០២៤
- 2024-04-02 07:47:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូបែកខ្លោចផ្សា គូផ្សះផ្សាកំពុងមានក្ដីសុខ! តារា ២ដួង ដាច់ចិត្ដទម្លាយរឿងរ៉ាវក្នុងគ្រួសារ នៅដើមឆ្នាំ២០២៤
ចន្លោះមិនឃើញ
នៅអំឡុងខែមីនា និងដើមខែមេសា ឆ្នាំ២០២៤ នេះ សម្រាប់វិស័យសិល្បៈគេចាប់អារម្មណ៍ខ្លាំងលើគ្រួសារតារាខ្មែរ ២គូ គឺគ្រួសារតារាចម្រៀង និងជាពិធីករ យ៉ែម សំអូន និងតារាចម្រៀង យឿន ពិសី។ ក្នុងពេលតែមួយ តែគូ កំពុងកើតទុក្ខ ដោយសារតែជីវិតប្ដី-ប្រពន្ធត្រូវដើរដល់ផ្លូវបំបែក និងមួយគូទៀតកំពុងមានក្ដីសុខ ដោយសារជីវិតគូបានសមប្រកបឡើងវិញ ក្រោយរស់នៅបែកគ្នាជិត ១០ឆ្នាំ។
ផ្ដើមចេញពីរឿងរ៉ាវរបស់ម្ចាស់ពានCambodia Got Talent យឿន ពិសី។ លោក បានប្រកាសលែងលះគ្នាជាមួយភរិយា ដោយបន្សល់ទុកកូនប្រុសតូចៗ ២រូប កំពុងរស់នៅជាមួយអតីតភរិយា ដោយលោកអះអាងថាជាអ្នកទំនុកបម្រុងផ្នែកអាហារកិច្ចដល់កូនរហូតដល់អាយុ ១៨ឆ្នាំ ប៉ុន្ដែរូបលោកនៅពេលនេះបានបង្ហាញមុខគូស្នេហ៍ថ្មីហើយ។
គិតត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដដែលឈានដល់ការលែងលះគ្នារបស់គ្រួសារតារានេះទេ។ ប៉ុន្ដែលោកបានបញ្ជាក់ម្ដងហើយម្ដងទៀតថា រវាងលោក និងអតីតភរិយា គឺបានព្រមព្រៀងគ្នាផ្ដាច់សង្វាសដោយស្ម័គ្រចិត្តរៀងៗខ្លួន ដោយសាររស់នៅលែងចុះសម្រុងគ្នា។ ទន្ទឹមគ្នានេះ នារីម្នាក់ដែលលោកបង្ហាញមុខជាសាធារណៈកាលពីពេលថ្មីៗនេះ គឺជាមនុស្សដែលលោកស្រឡាញ់ពិតប្រាកដ ហើយនាងមិនមែនជាអ្នកទី៣ ចូលមកបំបែកលោក និងអតីតភរិយាឡើយ ពោលការភ្ជាប់ចំណងស្នេហ៍ថ្មីនេះ គឺកើតឡើងនៅក្រោយពេលលោកបានលែងលះគ្នាដាច់ស្រេចទៅហើយទេ។
ការលែងលះយ៉ាងចម្រូងចម្រាស និងចាប់ផ្ដើមស្នេហ៍ថ្មីជាមួយនារីផ្សេងរបស់តារាចម្រៀងមានបញ្ហាភ្នែក យឿន ពិសី ត្រូវបានសាមីខ្លួនចង់បកស្រាយ ឬតតាំងជាមួយមហាជនដែលចង់ដឹងរឿងរ៉ាវគ្រួសារលោកច្រើនឡើយ ដោយលោកបញ្ជាក់ថា៖ "ចង្កៀងផ្ទះអ្នកណា គឺភ្លឺផ្ទះអ្នកនោះ"។
ងាកពីរឿងឈឺចាប់ មកចាប់អារម្មណ៍ស្នេហាផ្អែមល្ហែម នៃគូជីវិតរបស់តារាចម្រៀង និងជាពិធីករល្បីឈ្មោះ យ៉ែម សំអូន វិញម្ដង។ លោកទើបហ៊ាននិយាយ និងបញ្ចេញរូបថត ព្រមទាំងវីដេអូជាសាធារណៈស្ដីពី ការត្រូវរ៉ូវគ្នាវិញ បន្ទាប់ពីមានទំនាស់ក្នុងគ្រួសារឈានដល់ការរស់នៅបែកគ្នារយៈពេលជាង ៩ឆ្នាំ ដោយភរិយារស់នៅជាមួយកូនស្រីម្នាក់នៅប្រទេសអូស្រ្ដាលី ហើយរូបលោកផ្ទាល់រស់នៅ និងបំពេញការងារសិល្បៈជាធម្មតាកម្រនឹងនិយាយពីភរិយា និងកូនស្រីណាស់។
ប៉ុន្ដែនៅដើមឆ្នាំ២០២៤ នេះ ភ័ព្វសំណាងបានទាញអ្នកទាំងពីរបានរួមរស់ជាប្ដីប្រពន្ធលើងវិញ ដោយមានកូនស្រីដ៏ស្រស់ស្អាតម្នាក់ជាកាដូលួងចិត្ដទៀតផង។ ពពកខ្មៅបានរសាត់បាត់អស់ ផ្ទៃមេឃប្រែស្រឡះ ដូចស្នេហាធ្លាប់រស់នៅឃ្លាតឆ្ងាយគ្នា ឥឡូវលោក យ៉ែម សំអូន និងភរិយាឈ្មោះ យ៉ាន់ លីនដា ដែលគេស្គាល់ច្បាស់ថាជាអតីតពិធីការិនីល្បីឈ្មោះម្នាក់ ធ្លាប់បំពេញការងារយ៉ាងសក្ដិសមបំផុតជាមួយលោក យ៉ែម សំអូន ក្នុងនាមជាអ្នកដឹកនាំកម្មវិធីមង្គលផ្សេងៗ។
ចំពោះស្នេហាផ្ទុយគ្នារបស់តារាចម្រៀងទាំងពីរគូនេះ ត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រនៅតែស្រឡាញ់រាប់អាន ព្រមទាំងផ្ដល់សារលើកទឹកចិត្ដច្រើនទៀតផងសម្រាប់គូស្នេហ៍ដែលកំពុងជួបរឿងលែងលះ ហើយបានជូនពរឲ្យកាន់តែមានក្ដីសុខសម្រាប់គូស្នេហ៍ដែលទើបត្រូវរ៉ូវគ្នាឡើងវិញ គឺលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន់ លីនដា។ អ្នកគាំទ្រខ្លះលើកឡើងថា៖ "ស្ថានភាពគ្រួសារ ជាពិសេសជីវិតគូ ពុំមានអ្នកណាម្នាក់ច្បាស់ជាងសាមីខ្លួនឡើយ"៕