ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈលើកទី ៧ ជាមួយ Smart Axiata

  • 2024-04-02 12:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា មានមោទនភាពក្នុងការប្រកាសពីការចូលរួមរបស់ខ្លួនក្នុងនាមជាដៃគូសហការក្នុងការនាំមកជូននូវព្រឹត្តិការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈលើកទី ៧ នេះ។

កម្មវិធីនឹងប្រារព្ធបើកសម្ពោធក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។ ពិព័រណ៍ទេពកោសល្យ និងស្នាដៃនេះ ធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ ក្រោមប្រធានបទ «មរតកទាំង ៥ ឆ្នាំ២០២៤» នាទីតាំង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងនិស្សិតទាំង ៥ មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កិច្ចសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍លើកទី ៧ នេះគឺជាឱកាសដ៏វិសេសវិសាលមួយសម្រាប់ក្រុមហ៊ុន Smart ក្នុងការរួមចំណែកភ្ជាប់ខ្លួនគាំទ្រ និងលើកស្ទួយដល់សម្បត្តិបេតិកភណ្ឌរូបីយ និងអរូបីយ ព្រមទាំងស្នាដៃទាក់ទងជាមួយនឹងសិល្បៈវប្បធម៌ខ្មែរគ្រប់ទម្រង់ ដ៏ថ្លៃថ្លា និងសម្បូរបែបរបស់ប្រទេសកម្ពុជា។

មហាជនអាចចូលរួមដោយសេរី! ព្រឹត្តិការណ៍លើកនេះមានកម្មវិធីកម្សាន្តជាច្រើនដូចជាការប្រគំតន្រ្តីដែលនាំមកជូនដោយ Smart និង Pleng ដ៏ពិសេសក្រោមការចូលរួមពីសិល្បករសិល្បការិនីដ៏មានប្រជាប្រិយភាពល្បីៗរួមមានលោក ជី ដេវីត អ្នកនាង ទេព បូព្រឹក្ស កុមារី កែវ ទិត្យផល្លី ក្រុម Abové Label និងសិល្បករសិល្បការិនីផ្សេងៗទៀត។

ក្នុងនោះក៏មានការលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្តជាមួយចង្វាក់ប្រពៃណីខ្មែរ ទស្សនីយភាពរបាំបុរាណ ការសម្តែងល្ខោនខោល និងទស្សនីយភាពពិសេសផ្សេងៗទៀតជាច្រើនផងដែរ។ ក្រុមហ៊ុន Smart ក៏នឹងមានស្តង់ដែលអនុញ្ញាតឱ្យអ្នកចូលរួមមានឱកាសបើកស៊ីមកាត Smart ក៏ដូចជាស្វែងយល់ពីផលិតផលដ៏ពិសេសៗរបស់ Smart ផងដែរ។ អ្នកចូលរួមក៏អាចចូលរួមលេងល្បែងប្រពៃណីខ្មែរសប្បាយៗដើម្បីឈ្នះរង្វាន់ពិសេសៗពី Smart ផងដែរ។

ក្នុងនាមជាក្រុមហ៊ុនដែលចូលរួមគាំទ្រព្រឹត្តិការណ៍ពិព័រណ៍ដ៏អស្ចារ្យនេះ Smart សូមចូលរួមអំពាវនាវឱ្យមហាជនអញ្ជើញសាទរចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឱ្យបានច្រើនកុះករដើម្បីស្វែងយល់ពីស្នាដៃ ចំណេះដឹង ជំនាញ និងទេពកោសល្យរបស់និស្សិត។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះក៏បង្កប់នូវគុណតម្លៃនៃសាមគ្គីភាព មិត្តភាព ដែលជាតួនាទីដ៏សំខាន់របស់យុវជនក្នុងការចូលរួមយ៉ាងសកម្មនូវការគាំទ្រ លើកស្ទួយ ថែរក្សា និងលើកកំពស់បេតិកភណ្ឌវប្បធម៌ជាតិ៕

អត្ថបទពេញនិយម
អត្ថបទថ្មី