ជី សិលា៖ ដំណើរ​​អាជីវកម្ម​​ខ្លះ​ កើត​​ចេញ​​ពី​​បទពិសោធន៍​​ជីវិត​ ​ក្ដី​​ស្រមៃ​​និង​​មហិច្ឆតា​

  • 2024-04-10 11:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាស់​ណាស់​ម្នាក់ៗ​មាន​ដំណើរ​ជីវិត មាន​សាច់​រឿង​ជីវិត ការ​ប្រកប​ការងារ ឬ​របរ​អាជីវកម្ម​មិន​ដូច​គ្នា​ទាំង​ស្រុង​ទេ។ ជីវិត​យើង​ម្នាក់ៗ​នេះ បើ​ប្រៀបធៀប​សាច់​រឿង​ទៅ​នឹង​រឿង​កុន គឺ​ទាមទារ​ឲ្យ​មាន​អ្នក​ផលិត និង​អ្នក​ដឹកនាំ​​ល្អ ទើប​បាន​សាច់​រឿង​ល្អ និង​ជោគជ័យ។ បើ​យើង​ជា​ម្ចាស់​ជីវិតយើង​គឺ​ប្រៀប​ដូច​ជា​អ្នក​ដឹកនាំ​សាច់​រឿង​យើង​អ៊ីចឹង​ដែរ បើ​យើង​ពូកែ ការ​រក​ស៊ី​ក៏​ល្អ រីកចម្រើន​ទៅ​តាម​នោះ​ដែរ ប៉ុន្តែ​អាជីវកម្ម​ខ្លះ កើត​ចេញ​ពី​បទពិសោធន៍​ជីវិត​ពិត និង​ទាមទារ​ឲ្យ​មាន​មហិច្ឆតា​និង​ការ​ស្រមៃ​មក​ជាមួយ។

ក្រោម​ប្រធាន​បទ ដំណើរ​រឿង​សម្រាប់​ជីវិត​របស់​អ្នក ​ជាង មួយ​ម៉ោង នៅ​ក្នុង​កម្មវិធី ​ពិព័រណ៍​ធុរកិច្ច​និង​ដៃគូ​ពាណិជ្ជកម្ម​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន អ អិម អេ (RMA) ព្រឹក​ថ្ងៃ​ទី ១០ មេសា ២០២៤ លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Sabay បាន​លើក​ឡើង​ថា រៀបរាប់​ពី បទពិសោធន៍ ​បំណិន​ជីវិត​ពិត ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ដំណើរការ​អាជីវកម្ម។

"មិន​ថា​កុន មិន​ថា​ជីវិត​ពិត មិន​ខុស​អី​ពី​ការ​រកស៊ី​ទេ គឺ​ទាមទារ​ឲ្យ​យើង​ម្នាក់ៗ​រៀបចំ​ប្លង់ លំហូរ​សាច់​រឿង ផ្គុំ​សាច់​រឿង​(ប្លង់)​តូចៗ ទៅ​ជា​ប្លង់​មេ​ធំ​មួយ សម្រិត​សម្រាំង​ណាស់ ទើប​អាជីវកម្ម​ទៅ​មុខ​រួចហើយ​ឈរ​ជើង​បាន"។ វាគ្មិន ជី សិលា បញ្ជាក់​ពី​ការ​ប្រៀបធៀប។

លោក​បាន​រំលឹក​ពី​ប្រវត្តិ​នៃ​ការ​កកើត​ក្រុមហ៊ុន Sabay ដោយ​លើក​ជា​សំណួរ​ថា "អ្នក​ទាំង​អស់​គ្នា​ដឹង​អត់​ថា ម៉េច​បាន​ខ្ញុំ​ដាក់​ឈ្មោះ​ក្រុមហ៊ុន Sabay?" លោក​បន្ដ​បកស្រាយ​ថា "ឈ្មោះ​អាជីវកម្ម​ដាក់​អី​ក៏​បាន​ដែរ ប៉ុន្ដែ​ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ជាក់​ពី​ដំណើរ​ដើមទង​នៃ​ឈ្មោះ"។

វា​គ្មិន​បន្ដ​រៀបរាប់​ថា ​ក្រុមហ៊ុន​Sabay គិត​មក​ទល់​ពេល​នេះ មាន​អាយុកាល​ជិត ២០ឆ្នាំហើយ តាំង​ពី​ឆ្នាំ ២០០៧។ មាន​ពេល១ ឆ្នាំ ២០០៦ លោក​បាន​អាន​ទស្សនាវដ្ដី​លើ​អាកាសចរណ៍​មួយ​ដែល​វាយតម្លៃ​ចំណាត់​ថ្នាក់​កម្រិត​សុខសុភមង្គល​របស់​បណ្ដា​ប្រទេស​នានា​លើ​សាកល​លោក ហើយ​បើ​រាប់​គិត​ប្រទេស​អស់​នោះ កម្ពុជា​យើង​នៅ​ចំណាត់​ថ្នាក់​ឆ្ងាយ ឈរ​លេខ​រៀង​ទី​១០០ជាង។ អាន​អត្ថបទ​មួយ​នេះ​ចប់ ខ្ញុំ​នឹក​គិត​ថា ចុះ​ខ្ញុំ​អាច​ធ្វើ​អី​បាន​ខ្លះ ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​យើង​ពិសេស​យុវជន មាន​ការ​គិត​វិជ្ជមាន ធ្វើ​រឿង​សប្បាយៗ ល្អៗ ក្រៅ​ពី​បន្ត​បង្ហាញ​ភាព​សោកសៅ តក់​ស្លុត​ភ័យខ្លាច? មួយ​ឆ្នាំ ក្រោយ (ឆ្នាំ ២០០៧) Sabay ក៏​បាន​កកើត​ឡើង ដែល​ផ្ដល់​ការ​កម្សាន្ត​សប្បាយ បន្ដ​ហូរ​ហែរ​ផ្សពផ្សាយ​ព័ត៌មាន​វិជ្ជមាន ជា​គំរូ ល្អៗ​ជា​ច្រើន​ដល់​យុវជន។ លោក​ថា ទោះ​ជា​យើង​អត់​បាន​ជួយ​អី​ដល់​សង្គម​បាន​គ្រប់​ជ្រុងជ្រោយ ហោច​ណាស់​ឈ្មោះ​ "Sabay – សប្បាយ" ក៏​បាន​បង្ហាញ​ពី​ឆន្ទៈ និង​មហិច្ឆតា​ដើម្បី​រូបភាព​វិជ្ជមាន ទៅ​តាម​លទ្ធភាព។

ក្រៅ​ពី​ឈ្មោះ និង​សកម្មភាព​​របស់ Sabay ដែល​ដំណើរ​ការ​ជាង ១០ឆ្នាំ មក​នេះ ជី សិលា ក៏​បាន​រំលឹក​ដល់​វត្តមាន កសិដ្ឋាន​ទឹកដោះ​គោ​ស្រស់​ក្នុង​ស្រុក គិរីសួគ៌​ថា មាន​គោ​ច្របាច់​យក​ទឹកដោះ ជា​មហិច្ឆតា​តាំង​ពី​ជាង ៣០ឆ្នាំ​មុន។ តើ​ដំណើរ​រឿង​នេះ ប្រទាក់​ក្រឡាបែប​ម៉េច បាន​ជា​លោក​និពន្ធ​និង​ផលិត​សាច់​រឿង​គិរីសួគ៌ ឲ្យ​លេច​ផុស​ជា​រូបរាង​ដូច្នេះ?

"មួយ​ក្អឹក​ដំបូង ដូច​បាន​ហោះ​ផុត​ផែន​ដី...ឆ្ងាញ់​ណាស់"។

នេះ​ជា​ការ​រំលឹក​ពី​គ្រា​ដែល​លោក​ទទួល​បាន​ទឹកដោះ​គោ​ជា​ម្សៅ​កូរ​លាយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ដែល​អ្នក​គ្រូ​ចែក​ឲ្យ​មួយ​កូន​កែវ ​​ឆ្នាំ ៨០​ជាង កាល​ពី​រៀន​បឋម។ ត្រូវ​ហើយ មួយ​ខែ​យើង​បានទឹកដោះ​គោ​ញ៉ាំ​តែ​មួយ​កូន​កែវ​តូច​ទេ លោក​គិត​ថា ចុះ​ធ្វើ​ម៉េច​ទើប​បាន​ផឹក​រាល់​ថ្ងៃ​ណ៎? គិត​រឿង​ឆ្ងាញ់​រសជាតិ​ជាប់​មាត់​បណ្ដើរ គិត​រឿង​អនាគត​បណ្ដើរ​ថា បើ​មាន​ឱកាស​ថ្ងៃ​ណា​មួយ អាច​ចិញ្ចឹម​គោហើយ​ច្របាច់​ទឹក​ដោះ​បាន​ផឹក​រាល់​ថ្ងៃ​មិន​ដឹង​ល្អ​យ៉ាង​ណា​ទេ។

ពី​ក្មេង​ថ្នាក់​បឋមសិក្សា​ឆ្នាំ ១៩៨០​ជាង រហូត​ឆ្នាំ ២០១៦ ទោះ​ជា​មាន​ជំនួញ​ច្រើន​ក្នុង​ដៃ លោក​ក៏​បាន​រៀនសូត្រ កៀគរ ដើម​ទុន អ្នក​វិនិយោគ បោះ​ទុន​លើ​កសិដ្ឋាន គិរីសួគ៌​នេះ ជាង ១០លាន​ដុល្លារ និង​បន្ដ​ផលិត​ទឹកដោះគោ​ស្រស់​បាន​ប្រមាណ​ជា ១៥ ០០០​លីត្រ​ជា​រៀង​រាល់​ថ្ងៃ ក្រោយ​ទស្សនកិច្ច​ទៅ​ប្រទេស​អ៊ីស្រាអែល ឃើញ​ពី​ភាព​រីកចម្រើន ​បច្ចេកវិទ្យា។

"គិត​ទៅ​ជាង ៣០ឆ្នាំ បាន​អាជីវកម្ម​ទឹកដោះគោស្រស់​នេះ​កើត​បាន​តាម​ក្ដី​ស្រម៉ៃ និង​មហិច្ឆតា​ពី​ក្មេង"។ លោក​បន្ថែម៕

អត្ថបទ៖ សេរី មង្គល