ចង់សាកជិះអត់ថ្ងៃ​ចូលឆ្នាំ! មកដឹង​ស្ថានភាព​ផ្លូវជាតិ​លេខ១០ កោះកុង-ពោធិ៍សាត់-បាត់ដំបង និងស្ពាន​ខ្ពស់ជាងគេ​នៅស្រុកខ្មែរ

  • 2024-04-11 02:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា គម្រោង​ស្ថាបនា​ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តចំនួន៣ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង ដែលមានប្រវែងសរុប ១៩៨ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ សម្រេចការសាងសង់បាន ៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមដើមខែមេសា ឆ្នាំ២០២៤នេះ។

គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ បានដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយក្នុងនោះដែរ ការងារផ្លូវថ្នល់អនុវត្តបាន ៨០,៥៣% ការងារស្ពានអនុវត្តបាន ៨៦,២៨%, ការងារលូកាត់ទទឹងផ្លូវ ៩៨,១៩% និងការងារលូបណ្តោយផ្លូវ និងជញ្ជាំងការពារជើងទេរ អនុវត្តបាន ៨៧,៦៣%។

ចំណែក​ស្ពាន​ប្រវែង ៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ ត្រង់គីឡូម៉ែត្រ ១២៨+៩០៥ នៃគម្រោងនេះ គឺ​សម្រេចបាន ៤០% ហើយ។ វាគឺ​ជាស្ពាន​ដែលខ្ពស់​ជាងគេ​នៅកម្ពុជា កម្ពស់ ៩០ម៉ែត្រ ដែលឆ្លងកាត់​ស្ទឹងឬស្សីជ្រុំ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ការសាងសង់មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ ផ្លូវនេះគ្រោងចំណាយប្រមាណ​ជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម