ជាង២០ឆ្នាំលើវិថីសិល្បៈ នេន ទុំ ទើបក្តោបតំណែង BA ផលិតផលធំលើកទី១

  • 2024-04-11 03:10:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងនឹកស្មានពុំដល់នោះឡើយ ដែលរយៈពេលជាង២០ឆ្នាំនៃការប្រឡូកវិស័យសិល្បៈ នេន ទុំ ទើបមានឱកាសក្តោបតំណែង BA ផលិតផលធំលើកដំបូងបង្អស់ ដែលឱកាសដ៏ធំនេះទទួលបានពី ម៉ាដាម ដា បន្ទាប់ពីអ្នកស្រីមើលឃើញថា តារាចម្រៀងសម្បុរស្រអែមស្រស់នេះ មានចំនុចស័ក្កសមសម្រាប់ការធ្វើជាទូតសុឆន្ទៈថ្នាំដុះធ្មេញ Da Colla Smile។

ផ្តល់បទសម្ភាសន៍ដោយទឹកមុខញញឹមប្រិយប្រិយ ម្ចាស់បទ «នែ! កូន» រំភើបរកអ្វីថ្លែងពុំបានឡើយ ព្រោះនេះជាលើកដំបូងបង្អស់ក្នុងជីវិតសិល្បៈ ដែលលោកទទួលបានឱកាសធ្វើ BA ផលិតផលធំបែបនេះ។ រឹតតែរំភើបខ្លាំងជាងនេះ ពេលឃើញមានការរៀបចំទទួលស្វាគមន៍យ៉ាងធំដុំ មើលទៅអធិកអធមខ្លាំង បង្ហាញពីការផ្តល់តម្លៃចំពោះរូបលោកក្នុងថ្ងៃចុះហត្ថលេខាទទួលធ្វើ BA។

តារាចម្រៀងសម្បុរខ្មែរអង្គរ នេន ទុំ រំឮកឱ្យដឹងថា លោកធ្លាប់រំភើបខ្លាំងម្តងហើយពេល ម៉ាដាម ដា ផ្តល់ក្តីសង្ឃឹមឱ្យលោកផលិតបទ «បើកទំព័រសាស្ត្រា» ហើយជីវិតលោកហាក់បីដូចជាមានពន្លឺតាំងពីទទួលបានការជួយឱ្យធ្វើបទនោះមក។ ជាក់ស្តែង ទោះមិនមានការជ្រោមជ្រែងលើស្នាដៃក្រោយៗ ក៏បទថ្មីទាំងនោះហាក់ផ្ទុះការគាំទ្រច្រើននឹកស្មានមិនដល់។

ក្រឡេកទៅមើលអ្នកជំនួញល្បីឈ្មោះ ម៉ាដាម ដា វិញ បានបញ្ជាក់ឱ្យដឹងថា ការសម្រេចជ្រើស នេន ទុំ ធ្វើជា BA នៅពេលនេះ ព្រោះលោកស្រីមើលឃើញថា តារាចម្រៀងរូបនេះជាមនុស្សមានភាពកត្តញូចំពោះម្តាយ ដែលនេះជាគុណតម្លៃដ៏ធំ ហើយវាត្រូវនឹងអ្វីដែលលោកស្រីចង់បានបំផុត ព្រោះអ្នកម្តាយមានគុណចំពោះកូនលើសអ្វីៗទាំងអស់ ប្រសិនគ្មានអ្នកម្តាយក៏លោកស្រីពុំមានថ្ងៃនេះឡើយ។ ម៉្យាង នេន ទុំ ក៏ជាអ្នកជំនួញម្នាក់ដែលចេញមុខ live លក់ផលិតផលមិនរើសមុខ សូម្បី ផ្អក ប្រហុក ក៏ live លក់ដោយគ្មានភាពខ្មាសអៀន នេះហើយជាអ្វីដែលលោកស្រីចង់បាន ភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។

គិតមកទល់ពេលនេះ នេន ទុំ មានវ័យ ៤០ ផ្លាយហើយ តែលោកទើបក្តោបតំណែង BA ផលិតផលគុណភាពស្តង់ដារម្តងនេះប៉ុណ្ណោះ។ ម្ចាស់បទ «បើកទំព័រសាស្ត្រា» ពុំដឹងថា អាចធ្វើការងារនេះល្អប៉ុណ្ណាឡើយ តែសន្យាប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ឱ្យគ្រប់យ៉ាងរលូនទៅតាមគម្រោងដែលគ្រោងទុក។ គេរំពឹងថា តាមរយៈការងារ BA ថ្មីនេះនឹងអាចជួយឱ្យ នេន ទុំ ផលិតស្នាដៃចម្រៀងកាន់តែល្អជាងមុនសម្រាប់ទស្សនិកជន ខណៈដែលលោកអះអាង ទោះយ៉ាងណាក៏មិនបោះបង់សិល្បៈឡើយ ទោះធ្លាប់ត្រូវខកចិត្តច្រើនលើកច្រើនសារក៏ដោយ៕

រូបភាព៖ ហ្វេសប៊ុក Nen Tum

អត្ថបទ៖ Ah Mouy