១៣មេសានេះ ជាថ្ងៃទីមួយ​នៃពិធីបុណ្យចូលឆ្នាំខ្មែរ ឬជាថ្ងៃមហាសង្ក្រាន្ត

  • 2024-04-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃសៅរ៍ទី១៣ ខែមេសា ឆ្នាំ២០២៤នេះ គឺ​ជាថ្ងៃទីមួយ​នៃពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ឬ​ហៅថា ជាថ្ងៃមហាសង្ក្រាន្ត ​ដែល​ប្រជាជនខ្មែរ បាន​រៀបចំ​កន្លែង​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដែល​​មាន​គ្រឿង​រណ្ដាប់​ផ្សេង​ៗ និង​មាន​តុបតែង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​​តាម​ផ្ទះ​របស់​ពួក​គេ។

សង្ក្រាន្ត​ចូលចំថ្ងៃសៅរ៍នេះ គឺ​ត្រូវវេនបុត្រីទី៧ ព្រះនាម មហោទរាទេវី វេលាម៉ោង ២២:១៧នាទី ជាថ្ងៃចូលឆ្នាំរោងឆស័ក ទ្រង់អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត សោយសាច់ទ្រាយជាភក្សាហារ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ គង់លើពាហនៈ សត្វក្ងោក។

រណ្តាប់​ទទួលទេវតា ត្រូវក្រាល​សំពត់​ពណ៌ស ហើយរៀបចំ​នូវគ្រឿងសក្ការបូជាទេវតា​មាន​ជាអាទិ៍បាយសី៩ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាច៥ផ្កា៥ ដាក់លើជើងពាន១គូ ​ចេកនួនចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន ១១គូ ដូងឡៅមួយគូ ទឹកស្អាត២កែវ។ ស្រេចហើយ​នៅវេលាម៉ោង​ដែលទេវតាចុះ​មកត្រូវជួប​ប្រជុំក្រុមគ្រួសារ​ដើម្បីថ្វាយបង្គំព្រះ​នមស្សការព្រះរតនៈត្រ័យ​សមាទានសីល ហើយតាំង​ចិត្តឱ្យបាន​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវមន្ទិលទាំងពួង តម្កល់ចិត្ត​រំពឹង គិតទៅលើព្រះពុទ្ធ​ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។

ថ្ងៃមហាសង្រ្កាន្ត ជាពាក្យកម្ចីពីឥណ្ឌា (សំស្ក្រឹត) ដែលប្រែថា ដំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែកោងតែមួយក្នុងរយៈពេល ១២ខែ ហើយជាពេលវេលាដែលទេវតា ទាំង៧ ដែលតំណាងឲ្យ ក្រុមផ្កាយ នព្វគ្រោះ នៃភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យយាងមកដល់ផែនដី ក៏ដូចជាការតំណាងឲ្យថ្ងៃនៃសប្ដាហ៍ផងដែរ៕