Tim Cook ទៅទស្សនកិច្ចនៅវៀតណាម ចង់ពង្រីកការវិនិយោគ! តើអាចទៅរួចទេ បើករោងចក្រ​ដំឡើង iPhone?

  • 2024-04-17 07:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Apple បានប្រកាសថា​ ខ្លួន​ចង់​វិនិយោគ​បន្ថែមទៀតនៅក្នុងប្រទេសវៀតណាម ខណៈប្រទេស​មួយ​នេះ​ បាន​នឹង​កំពុងក្លាយ​ជាគោលដៅ​ដ៏សំខាន់សម្រាប់​ Apple ដែល​ចង់ចាកចេញពី​ប្រទេសចិន។

ការប្រកាស​នេះ​ធ្វើឡើង​ក្នុងអំឡុងពេល​នាយកប្រតិបត្តិ Apple លោក Tim Cook បាន​ធ្វើទស្សនកិច្ច​នៅក្រុងហាណូយ រយៈពេល ២ថ្ងៃ ដោយបាន​ចូលជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្រ្តី​វៀតណាម លោក Pham Minh Chinh ផងដែរ។

ក្នុងអំឡុងនៅវៀតណាមនេះ លោកបានបង្ហោះ​នូវរូបភាព​មួយលើបណ្តាញសង្គម X ដែល​ជារូបថតសែលហ្វី​ជាមួយបុរសម្នាក់ ដោយប្រើទូរសព្ទ iPhone 15 Pro នៅបឹង Hoan Kiem Lake ក្រុងហាណូយ។

បើតាម Apple ឱ្យដឹងថា ក្រុមហ៊ុន​បាន​វិនិយោគ​ប្រមាណ ១៦ពាន់លានដុល្លារ​នៅក្នុងប្រទេសវៀតណាម គិតចាប់តាំងពីឆ្នាំ​២០១៩មក។ ជាមួយគ្នានេះ ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​ឱ្យ Apple ដូចជា Luxshare, Foxconn, Compal និង GoerTek ក៏បាន​ដាក់រោងចក្រ​នៅប្រទេស​វៀតណាមនេះ​ផងដែរ។

យ៉ាងណាមិញ ចំពោះការពង្រីកការវិនិយោគនោះ Apple គ្រាន់តែបញ្ជាក់ថា ផ្តោតលើខ្សែចង្វាក់ផ្គត់ផ្គង់។ ដូច្នេះ តើអាចទៅរួចទេ Apple ​នឹងបើករោងចក្រ​ដំឡើង iPhone នៅ​វៀតណាម? ព្រោះថា កន្លងមក ក្រុមហ៊ុននេះ បាន​ដាក់រោងចក្រដំឡើង​ iPad នៅវៀតណាម​រួចមកហើយ។ ថ្មីៗនេះ Apple បាន​ពង្រីក​ការវិនិយោគ​ថ្មីមួយនូវធនធាន NPI (New Product Introduction) ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ជាមួយអ្នកផ្គត់ផ្គង់​លើការឌីហ្សាញ និង​អភិវឌ្ឍនូវផលិតផលថ្មី៕

អត្ថបទ៖ សំភី