លីគ​កំពូល​អង់គ្លេស​នឹង​ប្រើ​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការ​ចាប់ Offside

  • 2024-04-18 00:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ លីគ​កំពូល​អង់គ្លេស​នឹង​ប្រើ​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការ​ចាប់​បាល់​ជំហរ​ក្រៅ​ល្បែង​ដែល​ពិភព​បាល់ទាត់​ស្គាល់​ជា​ទូទៅ​ថា Offside។

រូបភាព៖ AFC

សេចក្ដី​សម្រេច​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ក្លឹប​ទាំង​អស់​នៅ​លីគ​កំពូល​អង់គ្លេស Premier League បាន​ឯកភាព​ទាក់ទង​នឹង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ​ចាប់​ពី​រដូវ​កាល ២០២៤/២០២៥ ទៅ។

រូបភាព៖ FIFA

បច្ចេកវិទ្យា​ដែល​លីគ Premier League នឹង​យក​ទៅ​ប្រើ​ក្នុង​ការ​ចាប់​ Offside គឺ​មាន​ឈ្មោះ​ថា Semi-Automated Offside Technology (ហៅ​កាត់​ថា SAOT)។ បច្ចេកវិទ្យា​នេះ​មាន​សមត្ថភាព​តាម​ដាន​ដំណើរ​ និង​ចលនា​របស់​កីឡាករ​នីមួយ​ៗ​លើ​ទី​លាន​បាន​ច្បាស់ ហើយ​អាច​ចាប់ Offside មាន​លក្ខណៈ​ប្រាកដ និង​រហ័ស​ជាង​មុន។

SAOT នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​លក្ខណៈ​បំពេញ​បន្ថែម​ទៅ​លើ​បច្ចេកវិទ្យា​ Video Assistant Referee (VAR) ដែល​ជា​ប្រព័ន្ធ​វីដេអូ​នៃ​ការ​ប្រកួត​បង្កើត​ឡើង​ក្នុង​ការ​ជួយ​អាជ្ញាកណ្ដាល​នៅ​ទីលាន​ក្នុង​ការ​សម្រេច​ចិត្ត​លើ​បញ្ហា​ផ្សេង​ៗ​ក្នុង​ទីលាន​ដូច​ជា​បាល់​ Offside និង​បាល់​ពិន័យ​ ១១ ម៉ែត្រ​ជា​ដើម។ បើ​ទោះ​ជា VAR ជួយ​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​ក្នុង​ការ​សម្រេច​ចិត្ត​មាន​ភាព​ប្រាកដ​ប្រជា​ជាង​មុន​ក្ដី ក៏​ពេល​ខ្លះ​នៅ​តែ​មាន​បញ្ហា​ចម្រូងចម្រាស​ក្នុង​ការ​សម្រេច​ចិត្ត ហើយ​ពេល​ខ្លះ​ទៀត​ការ​ប្រើ​ VAR ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពេល​វេលា​នៃ​ដំណើរ​ការ​ប្រកួត។ Premier League ចាប់​ផ្ដើម​ប្រើ VAR ចាប់​ពី​រដូវ​កាល​ ២០១៩/២០២០ មក។

បើ​យោង​តាម​ការ​ប្រកាស​របស់ Premier League ការ​ប្រើ​ប្រាស់​បន្ថែម​នូវ​បច្ចេកវិទ្យា SAOT នឹង​ជួយ​​ក្នុង​ការ​ធានា​ការ​កាត់​សេចក្ដី​រឿង​ Offside មាន​ភាព​ច្បាស់​លាស់ និង​លឿន​ជាង​មុន។ បើ​តាម​ការ​លើក​ឡើង​របស់​សារព័ត៌មាន​ BBC ការ​ប្រើប្រាស់ SAOT នឹង​ជួយ​កាត់​បន្ថយ​ពេល​ចាប់​បាល់​ Offside មក​ត្រឹម​ប្រមាណ ៣០ វិនាទី។ បច្ចុប្បន្ន​ការ​ប្រើ​ប្រាស់ VAR ក្នុង​ការ​ចាប់ Offiside ចំណាយ​ពេល​យ៉ាង​តិច​ជាង​មួយ​នាទី។ នេះ​មិន​ទាន់​រាប់​នូវ​ការ​ត​វ៉ា​ផ្សេងៗ ដែល​បង្ក​ការ​រាំងស្ទះ​ដល់​ពេល​វេលា និង​ដំណើរ​ការ​ប្រកួត។

តាម​ពិត​ទៅ SAOT មិន​មែន​ទើប​ត្រូវ​បាន​ដាក់​ប្រើ​ប្រាស់​នោះ​ទេ។ សហភាព​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ធ្លាប់​ប្រើ​បច្ចេកវិទ្យា​នេះ​ក្នុង​កម្មវិធី World Cup ឆ្នាំ ២០២២ នៅ​កាតារ​រួច​ទៅ​ហើយ។ កាល​នោះ ការ​ចាប់​ Offside ដោយ​ប្រើ SAOT ពិត​ជា​មាន​ល្បឿន​លឿន​ជាង VAR មែន បើ​តាម​ការ​លើក​ឡើង​របស់​មជ្ឈដ្ឋាន​ជំនាញ​បាល់ទាត់​មួយ​ចំនួន៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល