វគ្គ Semi Final របស់ Europa League ឆ្នាំ​នេះ សុទ្ធ​តែ​គីឡូ​ធ្ងន់

  • 2024-04-19 12:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​ក្នុង​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​នៃ​កម្មវិធី Europa League កាល​ពី​សប្ដាហ៍​នេះ ក្លឹប​ចំនួន​បួន ធ្វើ​បាន​សម្រេច​ក្នុង​ការ​កក់​កៅអី​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្មវិធី Europa League រដូវ​កាល ២០២៣/២០២៤ នេះ។ ក្លឹប​ទាំង​បួន​នោះ រួម​មាន ក្លឹប​បារាំង Olympique de Marseille ក្លឹប​អ៊ីតាលី Atlanta ក្លឹប​អាល្លឺម៉ង់ Bayer Leverkusen និង​ក្លឹប​អ៊ីតាលី AS Roma។

ក្នុង​វគ្គ Semi Final របស់ Europa League ក្លឹប Marseille ត្រូវ​ប្រកួត​ជាមួយ Atlanta ឯ ក្លឹប Bayer Leverkusen ត្រូវ​ប៉ះ​ជាមួយ​ក្លឹប AS Roma។

ខុស​ពី​កម្មវិធី Champions League ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​របស់​កម្មវិធី Europa League ទាំង​ពីរ​គូ​ខាង​លើ ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ជា​មួយ​គ្នា។ ពោល​គឺជំនួប​​ជើង​ទី ១ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​ឧសភា​ឆ្នាំ ២០២៤ វេលា​ម៉ោង ២ ព្រឹក (ម៉ោង​នៅ​កម្ពុជា)។ ចំណែក​ឯ​ប្រកួត​ជើង​ទី ២ វិញ នឹង​កើត​ឡើង​នៅ​ថ្ងៃ​សុក្រ​ ទី ១០ ខែ​ឧសភា វេលា​ម៉ោង ២ ព្រឹក (ម៉ោង​នៅ​កម្ពុជា)។

ក្នុង​ប្រកួត​ជើង​ទី ១ Marseille នឹង​ត្រូវ​ធ្វើ​ជា​ក្រុម​ម្ចាស់​ផ្ទះ​ក្នុង​ការ​ស្វាគមន៍​ក្រុម​ភ្ញៀវ Atlanta នៅ​កីឡដ្ឋាន Orange Velodrome ប្រទេស​បារាំង។ រី​ឯ​ប្រកួត​ជើង​ទី ២ វិញ Atlanta ក្នុង​នាម​ជា​ក្រុម​ម្ចាស់​ផ្ទះ ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Marseille វិញ​ម្ដង​នៅ​កីឡដ្ឋាន Gewiss Stadium អ៊ីតាលី។

ដោយ​ឡែក​ គូ​វគ្គ Semi Final មួយ​ទៀត គឺ​រវាង Bayer Leverkusen និង Roma។ ក្នុង​ប្រកួត​ជើង​ដំបូង Roma បើក​ទ្វារ​កីឡដ្ឋាន​ Stadio Olimpico របស់​ខ្លួន ក្នុង​ការ​ទទួល​ក្រុម​ភ្ញៀវ​ Leverkusen។ ក្នុង​ជើង​បន្ទាប់ Leverkusen ត្រូវ​ប៉ះ​ជាមួយ Roma ក្នុង​ផ្ទះ​របស់​ខ្លួន​វិញ​នៅ BayArena។

សូម​បញ្ជាក់​ថា ក្លឹប​ទាំង​បួន​ខាង​លើ សុទ្ធ​សឹង​តែ​ស្ថិត​ក្នុង​ចំណោម​ក្លឹប​ដែល​កំពុង​មាន​ទម្រង់​លេង​យ៉ាង​ល្អ។ តួ​យ៉ាង​ក្លឹប Bayer Leverkusen កំពុង​មាន​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​ ទើប​តែ​ឈ្នះ​លីគ​កំពូល​អាល្លឺម៉ង់ ហើយ​ជា​ក្លឹប​អឺរ៉ុប​តែ​មួយ​គត់​មិន​ដែល​ស្គាល់​ពាក្យ​ចាញ់​ក្នុង​រដូវ​កាល​នេះ។ Roma បាន​បំបាក់​ AC Milan ដែល​ជា​ក្លឹប​ខ្លាំង​នៅ​អ៊ីតាលី។ Atlanta វិញ យក​ឈ្នះ Liverpool ដែល​ជា​ក្លឹប​ខ្លាំង​ដែល​កំពុង​ប្រជែង​លីគ​កំពូល​អង់គ្លេស។ ចំណែក​ឯ Marseille បាន​ទម្លាក់ Benfica ដែល​ក្លឹប​ដ៏​ធំ​នៅ​ព័រទុយហ្គាល់​ដើម្បី​ឡើង​វគ្គ Semi Final កម្មវិធី Europa League។

ក្លឹប​ពីរ​ដែល​ឈ្នះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ នឹង​ត្រូវ​ប៉ះ​គ្នា​ក្នុង​ជំនួប​វគ្គ​ Final កម្មវិធី Europa League នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី ២៣ ខែ​ឧសភា ឆ្នាំ ២០២៤ វេលា​ម៉ោង ២ ព្រឹក (ម៉ោង​នៅ​កម្ពុជា) នៅ​កីឡដ្ឋាន Dublin Arena សាធារណរដ្ឋ​អៀរឡង់៕

ប្រភព៖ UEFA   អត្ថបទ៖ សេរី មង្គល