រកឃើញ​ចម្លាក់​សត្វអណ្តើក ពេលធ្វើកំណាយ​ស្រះទឹក នៅ​ប្រាសាទបាយ័ន

  • 2024-04-25 08:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ​ ផ្នែកនីតិវិធី និងកម្លាំងប៉ុស្តិ៍ការពារទី១០ សហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២៤ បាន​ចុះទៅ​ប្រាសាទបាយ័ន ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ដើម្បីធ្វើការប្រគល់ទទួលរូបអណ្ដើក ចំនួន០១ ធ្វើពីថ្មភក់ មានទំហំ បណ្តោយ៥៧ស.ម ទទឹង៤៣ស.ម និងកម្រាស់២១ស.ម ដែលក្រុមគម្រោងអាជ្ញាធរជាតិអប្សរា បានកំណាយរកឃើញត្រង់ចំណុចកណ្តាលស្រះទឹកខាងកើតឆៀងខាងជើង ក្នុងជម្រៅដី១,៥០ម៉ែត្រ។

វត្ថុបុរាណខាងលើនេះលោក ស្រ៊ុន តិច មន្ត្រីបច្ចេកទេសក្រុមគម្រោងអាជ្ញាធរជាតិអប្សរា ប្រគល់ឲ្យលោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីសារពេីភណ្ឌនៃអាជ្ញាធរជាតិអប្សរា យកទៅរក្សាទុកនៅ សារមន្ទីរជាតិព្រះនរោត្តមសីហនុ-អង្គរ។

គួរដឹងថា ក្រុម​អ្នកបុរាណវិទ្យា​របស់​អាជ្ញាធរជាតិអប្សរា បាន​នឹង​កំពុង​ធ្វើកំណាយស្រាវជ្រាវ​​នៅប្រាសាទបាយ័ន ដើម្បីសិក្សាអំពីកំណកដី និងទំហំស្រះ ដើម្បីឈាន​ទៅរកការស្តារស្រះស្តុកទឹក​ឱ្យ​មាន​ឡើងវិញ​ដូចកាលពីសម័យ​បុរាណ។ ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សាអំពីទំនាក់ទំនងរវាងស្រះទឹក និងកំពែងបុរាណ ដើម្បីឱ្យប្រាកដថាតើរចនាសម្ពន្ធរបស់ស្រះទឹកសម័យបុរាណនោះ មានទំហំត្រឹមណាឱ្យពិតប្រាកដ?។

ក្រុមអ្នកបុរាណវិទូរឱ្យដឹងថា នៅពេលណាដែលអ្នកជំនាញបានសិក្សាស្រាវជ្រាវពីទំហំស្រះ មាត់ច្រាំងស្រះ និងជម្រៅស្រះបុរាណទៅតាមប្រវត្តិសាស្ត្ររួចរាល់ហើយនោះ គឺក្រុមការងារនឹងស្ដារស្រះបុរាណដើម្បីឱ្យស្ដុកទឹកមាននៅវប្រាសាទបុរាណបាយ័នឱ្យដូចសម័យកាលបុរាណឡើងវិញ។

គួររំលឹកថា កាលពីខែឧសភា ឆ្នាំ​២០២០ ចម្លាក់​ថ្មសត្វអណ្តើក​មួយ ក៏ត្រូវបាន​ប្រទះ​ឃើញ​ក្នុងកំណាយស្រាវជ្រាវមួយ​នៅប្រាសាទ​កណ្តាលស្រះស្រង់​ផងដែរ។ ប្រាសាទកណ្ដាលស្រះស្រង់ ស្ថិតនៅខាងមុខប្រាសាទបន្ទាយក្ដី បានកសាងឡើងក្នុងរាជ្យ ព្រះបាទជ័វរ្ម័នទី៧ នាសតវត្សទី ១២។ ស្រះស្រង់ជាផ្នែកមួយដ៏សំខាន់ នៃរមណីយដ្ឋានអង្គរ និងមានសំណង់ប្រាសាទនៅកណ្ដាលជាតំណាងឱ្យភ្នំព្រះសុមេរុ។

ចំពោះ​រូបចម្លាក់ថ្មសត្វអណ្ដើកនេះ ត្រូវបានអ្នកបុរាណវិទ្យាសន្មតថា គឺឆ្លាក់ឡើងដើម្បីធ្វើពិធីសាសនាអ្វីមួយ ដែលដាក់នៅបាតប្រាសាទ ស្រដៀងនឹងពិធី ការបញ្ចុះសីមាជាដើម៕

អត្ថបទ៖ សំភី