ដឹងហេតុផល Kon Ant រំលេចល្ខោនបាសាក់ក្នុងវីដេអូ khmer make up trend ដែលផ្ទុះការគាំទ្រខ្លាំងសម្បើម

  • 2024-05-08 09:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា សុគា គីមលាង ហៅ Kon Ant ជានាថការនីរបាំបុរាណម្នាក់ដែលតែងតែបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ជាតិធំៗ សូម្បីកម្មវិធីសប្បុរធម៌ និងការងារសង្គមមួយចំនួនក៏នាងរមែងមានវត្តមានចូលរួមពុំដែលខាន។

ថ្វីដ្បិតតែ Kon Ant ជានាថការនីរបាំក៏ពិតមែន តែកេរ្តិ៍ឈ្មោះរបស់នាងល្បីសុះសាយមិនចាញ់សិល្បករ-សិល្បការនីផ្សេងៗប៉ុន្មានឡើយ ដូច្នេះទើបកន្លងមកហ្វេនៗតែងទទូចចង់ឱ្យនាងចូលរួមប្រកួតប្រជែងកម្មវិធីបវរកញ្ញា និងថតភាពយន្តជាដើម។ ប៉ុន្តែ ត្រូវសាម៉ីខ្លួនបដិសេធព្រោះពុំមានពេលវេលាគ្រប់គ្រាន់ និងមិនហ៊ានថតស៊ិចស៊ីខ្លាំងពេក។

ខណៈវីដេអូ Make up trend កំពុងផ្ទុះខ្លាំងលើ Social Media ពិសេសកម្មវិធី Tik Tok នាថការនី Kon Ant មិនឱបដៃឈរមើលឡើយ ដោយនាងបានបោះមេផលិតវីដេអូ khmer make up trend ដ៏អស្ចារ្យ បង្ហាញឱ្យឃើញពីសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង។

Kon Ant ជ្រើសយកការផាត់មុខ និងតុបតែងតួអង្គអប្សរា ហើយអ្វីដែលពិសេសគឺនាងបានរំលេចល្ខោនបាសាក់ (តួអង្គយក្ស) ក្នុងវីដេអូ khmer make up trend ធ្វើឱ្យវីដេអូនេះមើលទៅប្លែកខ្លាំង ថែមទាំងបានបង្ហាញពីទម្រង់សិល្បៈបុរាណដ៏ចំណាស់របស់ខ្មែរ ជាមួយសម្រស់នាងអប្សរាអង្គរទៀតផង។

ប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹង ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានសិល្បករខ្មែរអាណត្តិទី៦ Kon Ant ថា នាងបានចំណាយថវិកាផ្ទាល់ខ្លួនផលិតវីដេអូដ៏ល្អឯកនេះឡើង ហើយអ្វីដែលនាងមានមោទនភាពបំផុតគឺការដែលបានបង្ហាញសិល្បៈវប្បធម៌ខ្មែរទៅកាន់អន្តរជាតិ។ មិនតែប៉ុណ្ណោះ វាក៏ជាចំណែកជួយដល់បងប្អូនអ្នកផាត់មុខ ធ្វើសក់ អ្នកតុបតែងសម្លៀកបំពាក់បុរាណ និងតួអង្គអប្សរាផងដែរ។

គោលគំនិតរបស់នាង គឺមិនមែនចង់ប្រម៉ូតតែអំពីតួអង្គអប្សរាប៉ុណ្ណោះទេ តែចង់ផ្សព្វផ្សាយឱ្យពិភពលោកស្គាល់ពីទម្រង់សិល្បៈជាច្រើនទៀតរបស់ខ្មែរយើង។ តួយ៉ាង ការរំលេចតួអង្គយក្សនៃល្ខោនបាសាក់ក្នុង khmer make up trend គឺដើម្បីផ្សព្វផ្សាយ ក៏ដូចជាអភិរក្សល្ខោនបាសាក់ខ្មែរកុំឱ្យបាត់បង់ ព្រោះនាងមើលឃើញថា សព្វថ្ងៃល្ខោនខ្មែរយើងកំពុងជិតលិចលង់ទៅហើយ។

កញ្ញា សុគា គីមលាង មិនរំពឹងផលអ្វីពីការផលិតវីដេអូ khmer make up trend ដែលចំណាយថវិកាផ្ទាល់ខ្លួនផលិតនេះឡើយ តែនាងសប្បាយចិត្តដែលផលិតបានវីដេអូដ៏មានគុណភាព ជាឯកសារចង់ក្រង និងជាគំរូសម្រាប់ប្អូនៗជំនាន់ក្រោយ។

«ទោះចំណាយថវិកាខ្លួនឯងបន្តិចបន្តួចមែន តែវាជាចំណែកមួយដើម្បីសង្គមជាតិ ព្រោះយើងសំណាងណាស់ហើយដែលកើតមកជាកូនខ្មែរ អ៊ីចឹងហើយយើងអត់មានអីតបស្នងសងគុណយើងមានតែបំផុសបំផុលការផ្សព្វផ្សាយឱ្យទូលំទូលាយ មិនចាប់បាច់ថា ទាល់តែ sponsor ឬមិនមាន sponsor គឺធ្វើចេញពីបេះដូង»។

បន្ទាប់ពីវីដេអូ khmer make up trend ដែលផ្ទុះការគាំទ្រខ្លាំងសម្បើមមានអ្នកចុចទស្សនាជាង ៤ លានដងលើបណ្តាញសង្គម និងរាប់ម៉ឺននាក់ក្នុងកម្មវិធី Tik Tok។

ដោយចិត្តស្រលាញ់វិស័យសិល្បៈខ្លាំង នាថការនីរបាំបុរាណរូបនេះ ត្រៀមចំណាយថវិកាផ្ទាល់ខ្លួនបន្ថែមទៀត ដើម្បីផលិតវីដេអូអំពីសិល្បៈ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីបង្ហាញឱ្យពិភពលោកកាន់តែស្គាល់ច្បាស់ពីកម្ពុជា៕

រូបភា​ព៖ ហ្វេសប៊ុក Sokea Kimleang (Kon Ant)

អត្ថបទ៖ Ah Mouy

អត្ថបទថ្មី