ប្រឡាយលេខ១៥ ដែល​ភ្ជាប់ពីអង្គរបុរី ទៅក្រុងដូនកែវ និង​ជាផ្លូវនាវាចរដ៏សំខាន់ ត្រូវបាន​ស្តារឡើងវិញ

  • 2024-05-09 02:16:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រឡាយលេខ១៥ តភ្ជាប់ពីស្រុកអង្គរបុរីទៅក្រុងដូនកែវ មានតួនាទីមិនត្រឹមបម្រើឱ្យការងារស្រោចស្រពផ្ទៃដីកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាផ្លូវនាវាចរដ៏សំខាន់សម្រាប់ដឹកកសិផលដែលបងប្អូនប្រជាកសិករផលិតបាន និងជាច្រកផ្លូវទឹកដ៏មានសក្តានុពលសម្រាប់ចរាចរណ៍ដោះដូរទំនិញជាមួយប្រទេសជិតខាងដែលជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ នេះបើតាម​ប្រសាសន៍​របស់​ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុង​ពេលចុះពិនិត្យ​វឌ្ឍនភាពគម្រោងស្តារប្រឡាយលេខ១៥ ស្ថិតក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២៤។

ប្រឡាយនេះ បានជួបប្រទះស្ថានភាពគោករាក់ដែលចាំបាច់តម្រូវឱ្យក្រសួងធនធានទឹកធ្វើការស្តារឡើងវិញ។ គម្រោងស្តារប្រឡាយលេខ១៥ រួមមាន ស្តារប្រឡាយមេចំនួន៤ខ្សែ ប្រឡាយរងទី១ចំនួន ១១ខ្សែ ប្រឡាយរងទី២ (ប្រឡាយជើងក្អែប) ចំនួន ១០ខ្សែ ដែលមានប្រវែងសរុបជាង ៥៦គីឡូម៉ែត្រ ក្នុងនោះប្រឡាយដីមានប្រវែងជាង ៣២គីឡូម៉ែត្រ និងប្រឡាយបេតុងមានប្រវែងជាង ២៣គីឡូម៉ែត្រ និងស្ថានីយបូមទឹកមួយកន្លែងបំពាក់ដោយម៉ូទ័រដើរដោយចរន្តអគ្គិសនីចំនួន ៤គ្រឿង។ រហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៧០%។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានណែនាំដល់ក្រុមការងារបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានជោគជ័យតាមផែនការគ្រោងទុក ដោយធានាបាននូវគុណភាព សម្រាប់ការប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ថា ប្រឡាយលេខ១៥ មានសក្តានុពលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៣ គឺស្រុកទ្រាំង ស្រុកអង្គរបុរី និងក្រុងដូនកែវ និងមានលទ្ធភាពបម្រើដល់ការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ១២០០០ ហិកតា៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម