តាមពិតស្មាត់ឆ្វេងអេឡង់កាច រ៉ុន សុខជា ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- 2024-05-12 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតស្មាត់ឆ្វេងអេឡង់កាច រ៉ុន សុខជា ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ចន្លោះមិនឃើញ
ក្នុងតំណែងជាស្មាត់ឆ្វេងរបស់ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រ៉ុន សុខជា បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍តាមរយៈការបង្ហាញសមត្ថភាព ការលោតម៉ាត់អេឡង់កាច និងជួយឲ្យក្លឹបឈ្នះពានជាច្រើន ហើយថ្មីៗនេះគេត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានកោះហៅឲ្យចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជាឈុតធំ ត្រៀមព្រឹត្តិការណ៍ជាតិនិងអន្តរជាតិនានា ជាពិសេសនោះគឺ SEA GAMES លើក៣៣ថៃធ្វើជាម្ចាស់ផ្ទះ។
បើតាមការសាកសួរ មុនចូលហ្វឹកហាត់នៅក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្នុងឆ្នាំ២០២២ រ៉ុន សុខជា គឺជានិស្សិតផ្នែក IT នៅសកលវិទ្យាល័យភ្នំពេញ។ ប៉ុន្តែដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩ គេក៏បានបញ្ចប់ការសិក្សារបស់គេតែម្ដង ក្រោយរៀនបានកន្លះឆ្នាំ។
ក្លាយជាសមាជិកល្អមួយរូបរបស់ក្លឹបបាល់ទះស្នងការនគរបាករាជធានានីភ្នំពេញ កីឡាករដែលកើតនៅភូមិមាន់ហេីរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានជួយឲ្យក្លឹបឈ្នះជើងឯករង ពានរង្វាន់សម្ដេចក្រឡាហេាម ស ខេង លេីកទី១ឆ្នាំ២០២២ ជួយឲ្យក្លឹបឈ្នះចំណាត់ថ្នាក់លេខ៣ ពានរង្វាន់កីឡាជាតិ ជួយឲ្យក្លឹបឈ្នះជើងឯករង ពានរង្វាន់សម្ដេចក្រឡាហេាម ស ខេង លេីកទី២ឆ្នាំ២០២៣ ជួយឲ្យក្លឹបឈ្នះចំណាត់ថ្នាក់លេខ៣ ពានរង្វាន់តេជេាលីកឆ្នាំ២០២៤ និងជួយឲ្យក្លឹបឈុត B ឈ្នះជើងឯកពានរង្វាន់ 4x4 ទូទាំងប្រទេសប្រចាំភូមិភាគខេត្តព្រៃវែង WURKZ Special Volleyball Cup 4x4 ឆ្នាំ២០២៤។
ដូចមិត្តរួមក្រុម ចាន់ វាសនា មុនទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់ទាំងអស់នេះ អតីតសិស្សថ្នាក់ទី១២ នៃវិទ្យាល័យឈិនលានហាន់ជ័យឆ្នាំ២០១៩ និងអតីតនិស្សិតនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានឪពុកម្ដាយហាមឃាតឱ្យហាត់បាល់ទះ។ លោកទាំងពីរចង់ឲ្យរូបគេរៀនកូរ៉េ។ ប៉ុន្តែដោយសារចិត្តស្រលាញ់វិស័យបាល់ទះតាំងពីអាយុ១៦ឆ្នាំ គេក៏បានសម្រេចចិត្តមិនទៅរៀនភាសាកូរ៉េឡើយ ពោលគឺទៅចុះឈ្មោះហ្វឹកហាត់នៅក្លឹបស្នងការដ្ឋាននគររាជធានីភ្នំពេញ ក្រោយក្លឹបមួយនេះប្រកាសជ្រើសរើសកីឡាករក្នុងឆ្នាំ២០២២។ ក្រោយមកលោកមានគុណទាំងពីររបស់សុខជា ក៏បានយល់និងឃើញលទ្ធផលដែលកូនប្រុសខំប្រឹងប្រែង និងបានជូនពររូបគេសម្រេចបំណងដែលប៉ងប្រាថ្នាក្នុងអាជីពមួយនេះ។
បច្ចុប្បន្ន រ៉ុន សុខជា ទទួលបានតំណែងស្មាត់ឆ្វេង និងមានសមត្ថភាពល្អលេចធ្លោ តើពីមុនមកគេចេះលេងបាល់កម្រិតណា? ទាក់ទងនឹងសំណួរនេះកីឡាករកម្ពស់ ១,៨៣ម៉ែត្រអាយុ ២៥ឆ្នាំ រ៉ុន សុជា បានទម្លាយឲ្យ Sabay ដឹងថា មុនចូលហាត់នៅក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គេមិនធ្លាប់លេងឲ្យក្លឹប និងសាលាណាទេ គេគ្រាន់តែជាកីឡាករដេីរលេងសុីលុយតាមភូមិធម្មតាប៉ុណ្ណោះក្នុងតួនាទីជាអ្នកប៉ះសេ។
ក្នុងថ្ងៃអនាគ សុខជា ចង់ក្លាយជាកីឡាករបាល់ទះជម្រេីសជាតិមួយរូប ហើយគេបានប្ដេជ្ញាខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីបានកៅអីលេងក្នុងជម្រើសជាតិ៕