HYBE កាន់តែទក់សាច់ ពេលចេញមុខតបមតិថា Bang Si Hyuk អត់ខ្វល់ពី NewJeans

  • 2024-05-15 02:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HYBE បានដោះស្រាយបញ្ហានៃការចោទប្រកាន់ប្រឆាំងនឹងស្ថាបនិករបស់ខ្លួនគឺលោក Bang Si Hyuk ចំពោះមតិដេលបានលើកឡើងថា ធ្វើបាបសមាជិក NewJeans ។

ការប្រេះឆាជាសាធារណៈរវាង HYBE និងនាយកប្រតិបត្តិរបស់ ADOR គឺ Min Hee Jin បានឈានទៅមុខកាន់តែក្ដៅនៅពេលថ្មីៗនេះ ខណៈឪពុកម្តាយរបស់សមាជិក NewJeans ចេញមុខជាមួយនឹងការប្រកាន់ជំហរមុតមាំ ដើម្បីទាមទារយុត្តិធម៌ឲ្យកូនៗរបស់ពួកគេ។ នៅថ្ងៃទី ១៤ ខែឧសភា Ilgan Sports បានបោះពុម្ពផ្សាយរបាយការណ៍ផ្តាច់មុខដែលរៀបរាប់អំពីអ៊ីមែលដែលផ្ញើទៅ HYBE ចេញពីឪពុកម្តាយរបស់សមាជិក និងអ្នកតំណាងស្របច្បាប់របស់ពួកគេ ដែលអះអាងថា HYBE មិនអើពើនឹងការទទួលខុសត្រូវរបស់ខ្លួនចំពោះ ADOR ។ ជាពិសេស អ៊ីមែលដដែលបានអះអាងថា Bang Si Hyuk មានចេតនាមិនអើពើនឹងសមាជិក NewJeans នៅពេលពួកគេសម្ដែងការស្វាគមន៍ ហើយការលើកឡើងនេះបាននាំមកនូវការរិះគន់ចំៗចំពោះស្ថាបនិក HYBE។

«ទោះបីជាអ្នកមិនស្គាល់សមាជិក NewJeans ក៏ដោយ គ្រាន់តែបង្ហាញអាកប្បកិរិយារាក់ទាក់មកវិញ នៅពេលពួកគេជំរាបសួរមុនសោះ តើពិបាកខ្លាំងមែន? ក្នុងនាមយើងជាឪពុកម្តាយ យើងមានការខ្មាសអៀន និងគ្មានអ្វីត្រូវនិយាយអំពីស្ថានភាពក្មេងៗទាំងនេះទេ បន្ទាប់ពីបានឮថា វាមិនមែនត្រឹមតែ ១ ដង ឬ ២ដងទេ ដែលពួកគេត្រូវគេដើរជៀសមុខដោយចេតនា ពួកគេពិតជាខ្មាស់អៀនដែលមិនត្រូវបានគេអើពើ ដូច្នេះពួកគេត្រូវខំឈរនៅក្នុងជណ្តើរយន្ត​ដោយ​មិនហ៊ានបញ្ចេញ​អារម្មណ៍​អ្វីទាំងអស់។ ពួកគេគ្រាន់តែជាសិស្សវិទ្យាល័យ និងមធ្យមសិក្សាប៉ុណ្ណោះ។» នេះគឺជាការលើកឡើងរបស់ឪពុកម្តាយសមាជិកក្រុម NewJeans។

Chosun Ilbo បានរាយការណ៍ថាបុគ្គលិកក្រុមហ៊ុន HYBE បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ឪពុកម្តាយដោយនិយាយថា Bang SI Hyuk អាចមានបញ្ហាក្នុងការចំណាំមុខ។ ប៉ុន្តែនៅពេលដែលសារព័ត៌មានបានទាក់ទងទៅ HYBE សម្រាប់ការឆ្លើយតប ក្រុមហ៊ុនបាននិយាយថាពួកគេមិនមានមតិយោបល់ផ្លូវការក្នុងការផ្តល់ជូនទេ។ នៅពេលត្រូវបានសួរជាពិសេសអំពីប្រធានបទខាងលើ ដែលថាលោក Bang មិនអើពើនឹងសមាជិក NewJeans ក្រុមហ៊ុនបានឆ្លើយតបមិនច្បាស់លាស់ម្តងទៀតដោយនិយាយថា "វាពិបាកក្នុងការឆ្លើយតបណាស់"។

ការឆ្លើយតបដ៏ក្តៅគគុកនេះ បានទទួលការរិះគន់មួយជុំទៀតពីអ្នកនិយមលេងអ៊ីនធឺណេត ដែលបានចាត់ទុកវាជាបន្ទុកមួយទៀតសម្រាប់ HYBE៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី